ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង ​៖ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បន្ត​អូសបន្លាយ​លើ​កម្ពុជា និង​ចាប់​ពីថ្ងៃ ១៨-២២ ខែកញ្ញា នឹង​រំកិល​ឡើង​ទៅលើ កាត់​លើ​ភាគ​ខាងជើង​កម្ពុជា​ធ្វើ​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់ ពី​បង្គួរ​ទៅ​ខ្លាំង

ភ្នំពេញ ​៖ ក្រសួង​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ បានចេញ​សេចក្ដីជូនដំណឹង​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បន្ត​អូសបន្លាយ​លើ​កម្ពុជា និង​ចាប់​ពីថ្ងៃ ១៨-២២ ខែ​កញ្ញា នឹង​រំកិល​ឡើង​ទៅលើ កាត់​លើ​ភាគ​ខាងជើង​កម្ពុជា​ធ្វើ​ឲ្យ​មាន​ភ្លៀង​ខ្លាំង និង​អាចមាន​ចំនួន​ទឹកភ្លៀង​នៅ​តំបន់​មួយចំនួនទៀត​។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​សង្កេត​, ពិនិត្យ​និង​តាមដាន​ជាប្រចាំ​នូវ​ការវិវត្តន៍ ​នៃ​ធាតុអាកាស​លើ​កម្ពុជា និង​នៅក្នុង​តំបន់ បង្ហាញ​ឲ្យ​ឃើញថា ៖ ចាប់ពី​ថ្ងៃទី ១៦-១៨ ខែកញ្ញា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បន្ត​អូសបន្លាយ​លើ​កម្ពុជា និង​ចាប់​ពីថ្ងៃ ១៨-២២ ខែកញ្ញា នឹង​រំកិល​ឡើង​ទៅលើ កាត់​លើ​ភាគ​ខាងជើង​កម្ពុជា។ ​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ៖
១.បណ្តា​ខេត្ត​ភាគខាងត្បូង ភាគ​ពាយ័ព្យ និង​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ​ទៅ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន​ នៃ​បណ្តា​ខេត្ត​ទាំងនេះ​បន្ត​ប្រឈម​ខ្ពស់ និង​ជំនន់​ទឹកភ្លៀង។​
២.​នៅលើ​ផ្ទៃសមុទ្រ មាន​ភ្លៀងខ្យល់ និង​រលក​បក់បោក​ខ្លាំង។

ជាមួយនឹង​កា​ជូនដំណឹង​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​សាធារណជន​ជ្រាប​ជា ព័ត៌មាន និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បា​តុ​ភូត ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ។

សូម​រំលឹកថា​កាលពី​ថ្ងៃទី​១៣​កញ្ញា​កន្លងទៅ ក្រសួង​បាន​ជូនដំណឹង​ដោយ​អនុលោម​ទៅតាម​សារាចរ​របស់​រាជ​រដ្ឋា​ភិបាល​លេខ ០៩ សរ​ណន ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ណែនាំ​ដល់​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​វិធានការ​ត្រៀម ទប់​ទល់នឹង​គ្រោះទឹកជំនន់។ ​ក្រសួង​ធនធាន​ទឹកបាន​ព្យាករណ៍​ដោយ​ផ្អែកលើ​សភាពការណ៍​ជាក់ស្តែង​ នៃ​ការវិវត្តន៍​អាកាសធាតុ ពាក់ព័ន្ធ​នឹង​ឥទ្ធិពល នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​បានអូសបន្លាយ​កាត់​លើ​ប្រទេស ថៃ ឡាវ និង​វៀតណាម។​ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​បរិមាណ​កើន​ឡើងជា​លំដាប់ ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ដែល​អាច​បណ្តាល​ឲ្យ​បណ្តា​ខេត្ត​មួយចំនួន​ត្រូវ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ទៀតផង ខណៈ​បណ្តា​រាជធានី​-​ខេត្ត ដែល​អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​មាន ៖ រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់​ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​នៅជាប់​មាត់សមុទ្រ។

ក្រៅពីនេះ ក្រុមការងារ​ក្រសួង​ធនធានទឹក​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​សាធារណជន ត្រូវមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ៕​
 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114