ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​គីម អញ្ជើញ​លោក ត្រាំ ធ្វើ​ទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង​ក្នុង​លិខិត​ថ្មី

កាសែត​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ ដោយ​ដកស្រង់​ប្រភព​ការទូត​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​អញ្ជើញ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​ក្នុង​លិខិត​មួយ ​ដែល​បាន​ផ្ញើ​កាលពី​ខែសីហា។

លិខិត​នោះ​គឺជា​លើក​ទី​២​ហើយ​ដែល​លោក ត្រាំ បានទទួល​ពី​លោក គីម កាលពី​ខែ​មុន​ចំពេល​មាន​ភាពជាប់គាំង​ក្នុង​កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​រវាង​ប្រទេស​ទាំងពីរ​និង​ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង​កាលពី​មួយ​សប្តាហ៍​មុន។

នៅក្នុង​លិខិត​ទី​២​ដែល​ផ្ញើ​ទៅ​ឲ្យ​លោក ត្រាំ ក្នុង​សប្តាហ៍​ទី​៣​នៃ​ខែសីហា​, លោក​គីម​បាន​និយាយ​អំពី​ឆន្ទៈ​របស់លោក​ក្នុង​ការជួប​ជាមួយ​លោក ត្រាំ សម្រាប់​កិច្ចប្រជុំ​កំពូល​មួយទៀត​។ នេះ​បើ​យោងតាម​ប្រភព​មួយ​បាន​ប្រាប់​កាសែត Joongang Ilbo។

យ៉ាងណាក្តី សេត​វិមាន ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​និង​បេសកកម្ម​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ។

លោក ត្រាំ និង​លោក គីម បាន​ជួបគ្នា​បី​ដង​មកហើយ​ចាប់តាំងពី​ខែមិថុនា​ឆ្នាំមុន​មក​ដើម្បី​ពិភាក្សា​អំពី​វិធី​ក្នុងការ​ដោះស្រាយ​វិបត្តិ​ជុំវិញ​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប៉ុន្តែ​មិនមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នោះទេ។

មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​ចុងក្រោយ​បំផុត​នៅ​តំបន់​គ្មាន​យោធា (DMZ) ដែល​ពុះ​ចែក​កូរ៉េ​ទាំងពីរ​កាលពី​ខែមិថុនា​ហើយ​បាន​យល់ព្រម​ចាប់ផ្តើម​ការចរចា​ថ្នាក់​ការងារ​ឡើងវិញ​បន្ទាប់ពី​បាន​ជាប់គាំង​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី​២​មិនបាន​ជោគជ័យ​នៅ​ប្រទេស​វៀតណាម​កាលពី​ខែកុម្ភៈ។

មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​កាលពី​សប្តាហ៍​មុន​បាន​កើតឡើង​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​លោកស្រី Choe Son Hui និយាយថា ប្រទេស​កូរ៉េខាងជើង​មាន​ឆន្ទៈ​សម្រាប់​កិច្ចពិភាក្សា​គ្រប់​ជ្រុងជ្រោយ​នៅ​ចុងខែ​នេះ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114