ព័ត៍មានទាន់​ហេតុការណ៏
Search

លោក គួច ខេ​វិ​ន ​និយាយ​ចំៗ​ ក្រោយ​ពេល​ពលករ​មួយ​ក្រុម​ផ្ទុះ​ជម្លោះ​ជាមួយ​តារា​ខ្មែរ​ដែល​ចេញ​ទៅ​ច្រៀង​នៅ​កូរ៉េ​ រហូត​ដៀល​ពូជសាសន៍​ខ្លួនឯង

ភ្នំពេញ​ ៖ ​មហាជន​ច្បាស់​ជា​បាន​ជ្រាប​ហើយ​លើ​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស ​នៃ​ការផ្ទុះ​ជម្លោះ​គ្នា​រវាង​ក្រុម​តារា​សិល្បៈ​ល្បីៗ​របស់​ខ្មែរ​ដែល​ត្រូវបាន​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ,​លោក ហេង ឡុង និង​អ្នក​នាង ច​ន ច័ន្ទ​លក្ខិណា ដឹកនាំ​ចេញទៅ​សម្តែង​-​ច្រៀង​នៅលើ​ទឹកដី​ប្រទេស​កូរ៉េ​ កាលពី​ថ្មីៗ​នេះ​បន្ទាប់ពី​ពួកគេ​ត្រូវបាន​ពលករ​មួយក្រុម​ធ្វើការ​រិះគន់​ និង​ជេរ​ប្រមាថ​ដល់​ជាតិ​សាសន៍​ខ្មែរ​ទូទាំង​​ប្រទេស​នោះ​។

ករណី​ នៃ​រឿងរ៉ាវ​នេះ ​ក៏បាន​ក្លាយជា​ប្រធានបទ​ក្តៅគគុក​មួយ​សម្រាប់​ព័ត៌មាន​នៅក្នុង​ស្រុក​ខ្មែរ​មួយ​ចំនួន​ បាននាំគ្នា​សរសេរ​ចុះផ្សាយ​ជា​បន្តបន្ទាប់​។ ​មិនតែប៉ុណ្ណោះ​ក៏មាន​ទស្សនៈ​របស់​មហាជន​ជា​ច្រើន​បានបង្ហាញ​ការកើត​ទុក្ខ​មិន​សុខចិត្ត ​និង​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ក្រុម​ពលករ​ខ្មែរ​ដែលមាន​ចិត្ត​គឃ្លើន​រហូត​ឈានដល់​ការ​មាក់ងាយ ​និង​ជេរ​ប្រមាណ​ពូជសាសន៍​ខ្មែរ​ខ្លួនឯង​ពេញ​មួយ​ប្រទេស​បែបនេះ។

ជាមួយគ្នា​ដែល​បញ្ហា​នេះ​បាន​កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ចាប់អារម្មណ៍​សម្រាប់​ទស្សនិកជន​ខ្មែរ​ ក៏​ស្រាប់តែ​លោក គួច ខេ​វិ​ន ដែលជា​ផលិតកម្ម​កម្មវិធី​ទូរទស្សន៍​ល្បីឈ្មោះ​មួយរូប​បានចេញ​មុខ​លើក​ឡើង​ដូច្នេះ​ថា ​ក្នុងនាម​លោក​ដែល​បាននិងកំពុង​បន្តការងារ​ក្នុងសង្គម​សិល្បៈ ពិតជា​មានចិត្ត​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​នាពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ដោយហេតុថា​”​តម្លៃ​ នៃ​សីលធម៌​សង្គម​”​ត្រូវបាន​គេ​ផ្តោត​ និង​ចាប់អារម្មណ៍​ជាខ្លាំង​ឡើងវិញ​…។

លោក គួច ខេ​វិ​ន បញ្ជាក់ថា​ ការចាប់អារម្មណ៍ ​គឺ​នៅត្រង់ថា តាមរយៈ​សកម្មភាព​រ​បស់​ក្រុម​សិល្បករ​-​សិល្ប​ការិនី​មួយក្រុម​តូច ​និង​បងប្អូន​ពលករ​មួយក្រុម​តូច​ផ្សេងទៀត​ បាន​ប្រើ​ពាក្យសម្ដី មិន​គួរ​គប្បី​ដែល​អ្នកខ្លះ​ហៅថា​ជា​ការ​ត្មិះ​ដៀល ប្រមាថមើលងាយ ចំពោះ​គ្នា​ ដែល​រួម​សញ្ជាតិ​ខ្មែរ​តែមួយ​ ដោយ​ផ្តើមចេញពី​និយាយស្តី រាំច្រៀង ចាក់​ចម្រៀង​បង្ក​សំឡេង​រំខាន នៅឯ​ព្រលានយន្តហោះ​ ដែលជា​ទី​សាធារណៈ​លើទឹក​ដី​ប្រទេស​របស់គេ​។

ផលិតករ​រូបនេះ​បាន​បន្តទៀតថា ​ការ​តិះដៀល​ក្តី​ប្រមាថ​ក្តី​ គឺ​វា​សុទ្ធតែជា​មេរៀន​សម្រាប់​កែតម្រូវ​យើង​ទាំងអស់​គ្នា (​បើ​យើង​មិន​ធ្វើ គេ​ក៏​មិន​ថា​) តាមរយៈ​ពាក្យសម្ដី និង​វីដេអូ អ្នកណា​ខុស អ្នកណា​ត្រូវ គឺ​យើង​ម្នាក់ៗ​សុទ្ធតែ​បានដឹង​ច្បាស់​…….​។ ​យើង​ត្រូវតែ​ខិតខំ​ពង្រឹង​សីលធម៌ គុណធម៌ របស់​ខ្មែរ​យើង​ឲ្យ​បានល្អ គឺ​សម្រាប់​យើង​ផ្ទាល់ និង​សម្រាប់​កូនចៅ​របស់​យើង​នា​ថ្ងៃ​អនាគត​… យើង​សុទ្ធតែជា​ខ្មែរ​តែមួយ យើង​គួរ​គប្បី​បើក​ចិត្ត​ឲ្យ​ទូលាយ ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ មេត្តា​អធ្យាស្រ័យ​ឲ្យ​បាន​ខ្ពស់​ចំពោះ​ខ្មែរ​ដូចគ្នា។

បន្ថែម​ពីលើ​នេះ ​លោក គួច ខេ​វិ​ន បានលើកឡើង​ដែរ​ថា​ ការ​សងសឹក​មិនមែនជា​សីលធម៌​គុណធម៌​របស់​ខ្មែរ​នោះឡើយ នោះ​បើ​អ្នក​ស្រឡាញ់​ជាតិ​ខ្លួន​ជា​ខ្មែរ ស្រឡាញ់​សីលធម៌​​ខ្មែរ និង​ស្រឡាញ់​កិត្តិយស​ខ្លួន​ជា​ខ្មែរ កុំ​ឲ្យ​បរទេសជិតខាង គេ​មាក់ងាយ​យើង​។​

ដោយឡែក​ បើ​យើង​ចាប់អារម្មណ៍​ទៅ​មើល ​លោក ហេង ឡុង ដែល​ស្ថិតក្នុង​ហេតុការណ៍​នោះបាន​បញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ចុងក្រោយ​ដូច្នេះ​ថា ​លោក​នឹង​សម្រេចចិត្ត​តាម​មតិ​ភាគច្រើន​របស់​មហាជន​ថា ​គួរ​ប្តឹង​ ឬ​មិន​ប្តឹង​បុគ្គល​ដែល​ដៀល​ពូជខ្មែរ​ថា​មិន​ថ្លៃថ្នូរ ពេល​ត្រលប់​មកដល់​ប្រទេស​ខ្មែរ​វិញ​។​ ចំណែក​ឯ​មេធាវី​តំណាង​ក្រុម​តារា​ខ្មែរ​ ក៏​កំពុង​រង់ចាំ​ជួបពិភាក្សា​ផង​ដែរ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114