ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​ត្រៀមខ្លួន​សម្រាប់​ការឆ្លើយតប​ផ្នែក​យោធា​បន្ទាប់ពី​ការវាយប្រហារ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ខណៈ​តម្លៃ​ប្រេង​កើនឡើង

លោក​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ស្តីបន្ទោស​លើ​អ៊ីរ៉ង់​និង​ជាហេតុ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ។

នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​លោក​ប្រធានាធិបតី​បាន​បង្ហើប​អំពី​ការឆ្លើយតប​ដ៏​មាន​សក្តានុពល​របស់​យោធា​អាមេរិក​ចំពោះ​ការវាយប្រហារ​ដោយ​ដ្រូ​ន​ដែល​បាន​កាត់បន្ថយ​ផលិតកម្ម​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​ពាក់កណ្តាល​។​

លោក Trump បាន​បង្ហោះ Twitter ថា “​ការផ្គត់ផ្គង់​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​រង​ការវាយប្រហារ​។ មាន​ហេតុផល​ដើម្បី​ជឿជាក់ថា យើង​ស្គាល់​ពិរុទ្ធជន​ប៉ុន្តែ​យើង​កំពុង​រង់ចាំ​ដំណឹង​ពី​អារ៉ាប៊ីសាអ៊ូឌីត​ថា​តើ​អ្នកណា​ដែល​ពួកគេ​ជឿថា​ជា​អ្នកអនុវត្ត​ការវាយប្រហារ​នេះហើយ​យើង​នឹងត្រូវ​ធ្វើ​របៀប​ម៉េច”។

ក្រុម​ឧទ្ទាម Huthi ដែល​គាំទ្រ​ដោយ​ទីក្រុង​តេ​អេ​រ៉ង់​នៅក្នុង​ប្រទេស​យេ​មែន​ដែលជា​កន្លែង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ចូលរួម​ក្នុង​សង្គ្រាម​រយៈពេល​៥​ឆ្នាំ​បាន​អះអាង​អំពី​ការវាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍​ទៅលើ​រោងចក្រ​ពីរ​កន្លែង​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ថាមពល​យក្ស Aramco​។​

ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​ចង្អុល​ដាក់​ទីក្រុង​តេ​អេ​រ៉ង់​ដោយ​និយាយថា​គ្មាន​ភ័ស្តុតាង​ណាមួយ​ដែល​បង្ហាញថា​ការវាយប្រហារ​មិន​ធ្លាប់មាន​ពីមុន​មកលើ​ការផ្គត់ផ្គង់​ថាមពល​របស់​ពិភពលោក​ត្រូវបាន​ចាប់ផ្តើម​ចេញពី​ប្រទេស​យេ​មែន​ទេ​។​

អ្នកការទូត​កំពូល​អាមេរិក​រូបនេះ​បាន​និយាយថា “​សហរដ្ឋអាមេរិក​នឹងធ្វើ​ការ​ជាមួយ​ដៃគូ​និង​សម្ព័ន្ធមិត្ត​របស់​យើង​ដើម្បី​ធានាថា ទីផ្សារ​ថាមពល​នៅតែមាន​ការផ្គត់ផ្គង់​បានល្អ​ហើយ​អ៊ីរ៉ង់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការឈ្លានពាន​របស់ខ្លួន​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114