ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​ហុងកុង​បើក​សេវាកម្ម​ឡើងវិញ ​បន្ទាប់ពី​មានការ​ប៉ះទង្គិច​និង​បាតុកម្ម​កាលពី​ចុង​សប្តាហ៍

ក្រុមហ៊ុន​និង​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​របស់​ទីក្រុង​ហុងកុង​បាន​បើក​ដំណើរការ​ឡើងវិញ​ជាធម្មតា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​បន្ទាប់ពី​មាន​ភាពវឹកវរ​កាលពី​ថ្ងៃអាទិត្យ​ដែល​គេ​បានឃើញ​ប៉ូលិស​បាញ់​កាណុង​ទឹក ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់កាំភ្លើង​ជ័រ​ទៅលើ​ក្រុមអ្នកតវ៉ា​ដែល​បិទផ្លូវ​និង​គប់​គ្រាប់បែក​សាំង​នៅ​ខាងក្រៅ​ទីស្នាក់ការ​រដ្ឋាភិបាល​។​

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​រាប់ពាន់នាក់​បាន​ប្រយុទ្ធ​តស៊ូ​នៅតាម​ដងផ្លូវ​ជាមួយ​ប៉ូលិស ដុត​ភ្លើង​តាម​ដងផ្លូវ​និង​បិទផ្លូវ​។ អាជ្ញាធរ​បានធ្វើ​សកម្មភាព​យ៉ាង​លឿន​ដើម្បី​ពន្លត់ភ្លើង​ហើយ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹក​ដើម្បី​បំបែក​ពួកគេ​ដែល​រួមទាំង​នៅតាម​ផ្សារ​ទំនើប​និង​សង្កាត់​ទេសចរណ៍ Causeway Bay ផងដែរ​។​

ប៉ូលិស​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដោយ​បង្ហាញ​ពី​ការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់ពី​អ្វីដែល​បានចាប់ផ្តើម​ជាការ​តវ៉ា​ដោយ​សន្តិវិធី​ហើយ​រាលដាល​ទៅជា​អំពើហិង្សា​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​សំខាន់ៗ តាម​ផ្សារ​ទំនើប​និង​តំបន់​ទេសចរណ៍​មួយចំនួន​។​

សេចក្តីថ្លែងការណ៍​បាន​និយាយថា បាតុករ​រ៉ាឌីកាល់​ប្រមាណ​២០​នាក់​បានធ្វើការ​វាយប្រហា​រ លើ​មន្ត្រីប៉ូលិស​ចំនួន​២​នាក់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ដោយបាន​គប់​គ្រាប់បែក​សាំង ដុំឥដ្ឋ​និង​គំរាម​ដល់​សុវត្ថិភាព​របស់​មន្ត្រី​ទាំងនោះ​។​

នេះ​គឺជា​ការតវ៉ា​ចុងក្រោយបង្អស់​ក្នុង​រយៈពេល​ជាង​៣​ខែ​នៃ​បាតុកម្ម​ដែល​ពេលខ្លះ​មាន​ហិង្សា ដោយ​ក្រុមបាតុករ​ដែល​បាន​ខឹងសម្បា​ទៅនឹង​អ្វីដែល​ពួកគេ​យល់ថា​ជាការ​ជ្រៀតជ្រែក​របស់​ទីក្រុង​ប៉េកាំង​នៅក្នុង​កិច្ចការ​របស់​ហុងកុង​។​

ដើមហេតុ​នៃ​ការតវ៉ា​គឺជា​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​ត្រូវបាន​បញ្ជូនទៅ​ចិនដីគោក​ដើម្បី​ធ្វើការ​ជំនុំជម្រះ​។​

យោងតាម​ក្រុមគ្រូពេទ្យ​បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​រងរបួស​ដោ​យ​ក្នុងនោះ​មាន​៣​នាក់​របួសធ្ងន់​ក្នុងអំឡុងពេល​នៃ​អំពើហិង្សា​កាលពី​ថ្ងៃអាទិត្យ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114