ព័ត៍មានទាន់​ហេតុការណ៏
Search

សហភាព​អឺរ៉ុប​គ្រោង​នឹង​ជួយ​បង្ហាត់បង្រៀន​ ដល់​និស្សិត​កម្ពុជា​ឲ្យ​ចេះ​ធ្វើ​អាជីវកម្ម​បែប​បៃតង

ភ្នំពេញ​ ៖​ សហភាព​អឺរ៉ុប​គ្រោង​នឹង​ជួយ​បង្ហាត់បង្រៀន​ដល់​និស្សិត​កម្ពុជា​ឲ្យ​ចេះ​ពី​របៀប​ធ្វើ​អាជីវកម្ម​តាម​បែប​បៃតង​ដើម្បី​ធានា​បាន​នូវ​បរិស្ថាន​មួយ​ប្រកបដោយ​ចីរភាព​។

លោក លី​យ៉ូ​ណែ​ល ឡឺ​មី​ញ៉ា​ល់ តំណាង​សាកលវិទ្យាល័យ​ណង់​របស់​ប្រទេស​បារាំង​ដែលជា​ផ្នែក​មួយ​របស់​សហភាព​អឺរ៉ុប​មានប្រសាសន៍ថា​សាកលវិទ្យាល័យ​មួយ​ចំនួន​របស់​សហភាព​អឺរ៉ុប​នឹង​ផ្តល់​បទពិសោធន៍​ទាក់ទិន​នឹង​អាជីវកម្ម​បែប​បៃតង​ដល់​និស្សិត​និង​សាស្ត្រាចារ្យ​នៅតាម​សាកលវិទ្យាល័យ​ចំនួន​៤​នៅ​កម្ពុជា​ ដើម្បី​ឲ្យ​ពួកគេ​មានចំណេះ​ជំនាញ​ច្បាស់លាស់​សំដៅ​ចូលរួម​ថែរក្សា​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។

ថ្លែង​ក្រោយ​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ដុក​សាយ​ដែល​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​នៅ​ទីស្តីការ​ក្រសួង លោក​បាន​បន្តថា ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ខែមករា ​ឆ្នាំ​២០២០ ​រហូតដល់​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​។​

លោក សំ​អោ អង្គា​រតន៍ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​និង​ផែនការ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សង្ឃឹមថា ​តាមរយៈ​គម្រោង​របស់​សហភាព​អឺរ៉ុប​នេះ​ នឹង​ជួយ​បង្ហាត់បង្រៀន​ដល់​និស្សិត​និង​សាស្ត្រាចារ្យ​ឲ្យ​ចេះ​គិត​និង​ពិចារណា​ក្នុង​ការ​ជ្រើសរើស​មុខរបរ​មួយ​ដែល​ឆ្លើយតប​ទៅ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​និង​បរិស្ថាន។

លោក​បាន​បន្ត​ថា ​សាកលវិទ្យាល័យ​ចំនួន​៤​ដែល​សហភាព​អឺរ៉ុប​នឹង​ជួយ​លើ​ការងារ​ពង្រឹង​សមត្ថភាព​លើ​ការ​ធ្វើ​ធុរកិច្ច​បៃតង​នោះ​រួមមាន​សាកល​វិទ្យា​បាត់ដំបង សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។

លោក​បាន​បន្ថែម​ទៀត​ថា ​បច្ចុប្បន្ន​នេះ​សាកលវិទ្យាល័យ​ទាំង​៤​នេះ ក៏​កំពុងតែ​ទទួល​ការ​ពង្រឹង​សមត្ថភាព​ការងារ​ស្រាវជ្រាវ​ផង​ដែរ ដើម្បី​ឲ្យ​និស្សិត​និង​សាស្ត្រាចារ្យ​មាន​ចំណេះដឹង​លើ​ជំនាញ​នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត។

លោក​បាន​បញ្ជាក់​ថា ​នៅ​ពេល​និស្សិត​និង​សាស្ត្រាចារ្យ​មាន​ចំណេះដឹង​ច្បាស់លាស់​លើ​ការងារ​ស្រាវជ្រាវ​នេះ​នឹង​ចូលរួម​ចំណែក​ក្នុងការ​បង្កើត​នូវ​អ្វីដែល​ថ្មីៗ​ថែមទៀត​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​។

លោក សាន វ​ឌ្ឍ​នា អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​ពង្រឹងសមត្ថភាព​បន្ថែមទៀត​ លើ​ការងារ​ស្រាវជ្រាវ​ដល់​និស្សិត​និង​សាស្ត្រាចារ្យ​នៅ​តាម​សាកលវិទ្យាល័យ​នានា​ពិសេស​សាកលវិទ្យាល័យ​ឯកជន​ដើម្បី​បណ្តុះ​គំនិត​លើ​ការស្រាវជ្រាវ​នេះ​ឲ្យ​ឲ្យ​កាន់តែ​ផល​ផុស​ថែមទៀត​ដោយសារ​តែ​បច្ចុប្បន្ន​នេះ​ការសិក្សា​ស្រាវជ្រាវ​នៅ​កម្ពុជា​នៅមានកំរិត​នៅឡើយ​ទេ​ដែល​ទាមទារ​ឲ្យ​និស្សិត​និង​សាស្ត្រាចារ្យ​ត្រូវ​បង្កើន​សមត្ថភាព​លើ​ជំនាញ​នេះ​ថែមទៀត៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114