ព័ត៍មានទាន់​ហេតុការណ៏
Search

រកឃើញ ៤​ក្រុម​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ​

កាលពី​ថ្ងៃអាទិត្យ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ មានការ​ប្រកួត​ចំនួន ៤​គូ​ក្នុង​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ២០១៩ សប្តាហ៍​ទី ១០ នៃ​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​នឹង​បិទ​ពូ​ល និង​បាន​រក​ឃើញ​ក្រុម ៤ ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

សម្រាប់​លទ្ធផល​ក្នុងការ​ប្រកួត​ទាំង ៤​គូ​នោះ​រួមមាន​៖ Anachak Baitong FC ចាញ់ Loading FC ៨-៩ ក្រុម Young Gun FT ចាញ់ Ov Mal FC ១-១៣ ក្រុម U.Y.F.C Komchaymear ឈ្នះ Chanteak Keyla FT ៥-៣ និង​ក្រុម Panda FC ឈ្នះ B.A United ១១-៥ ។

ដូចនេះ​ចំពោះ​សមាសភាព ៤ ក្រុម​ដែល​នឹង​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រួមមាន​ក្នុង​ពូ​ល A ក្រុម U.Y.F.C Komchaymear និង Home Sport FC ក្នុង​ពូ​ល B ក្រុម Ov Mal FC និង Down Town Sport ដែលជា​ក្រុម​ការពារ​ដំណែង​ជើងឯក​ឆ្នាំ​ចាស់ ។

​យោងតាម​រូបមន្ត​នៃ​ការ​ផ្គូផ្គង បាន​បង្ហាញ​លទ្ធផល​ឲ្យ​ឃើញ​ថា ក្រុម Home Sport FC ដែលជា​ក្រុម​ចំណាត់ថ្នាក់​លេខ ២ ពូ​ល A នឹងត្រូវ​ជួប ក្រុម Ov Mal FC ដែលជា​ក្រុម​ចំណាត់ថ្នាក់​លេខ ១ ពូ​ល B ខណៈដែល​ក្រុម U.Y.F.C Komchaymear លេខ ១ ពូ​ល A ត្រូវ​ជួប Down Town Sport លេខ ២ ពូ​ល B។

គួរ​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៩ ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ​នេះ នឹង​មាន​លក្ខខណ្ឌ​ដូចជា សម្រាប់​ដំណាក់កាល​ទី​១ ប្រកួត​សន្សំ​ពិន្ទុ ជ្រើសរើស​ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នីមួយៗ និង​លេខ​៣​ល្អ ចំនួន​ពីរ​ក្រុម​ទៀត​ដើម្បី​លេង​ក្នុងដំណាក់កាល​ទី​២​។ ដំណាក់កាល​ទី​២ បែង​ចែកចេញជា ២​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៥​ក្រុម បន្ត​លេង​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ជ្រើសរើស​ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នីមួយៗ​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​មាន​សរុប​ទាំងអស់​៦៤​ប្រកួត ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ ខែកក្កដា ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​។

ក្រុម​ជើងឯក​នៃ​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ រដូវ​កាល ២០១៩​នេះ នឹង​ទទួល​បាន​ពានរង្វាន់ អម​ជាមួយ​ប្រាក់​រង្វាន់ ៣០​លាន​រៀល ព្រមទាំង​កៅអី​ទៅលេង​ពានរង្វាន់ AFF Club Futsal Championship 2020 ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114