ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ដន្ទាទោស​ចោរឆក់​២​នាក់​ ដាក់​ពន្ធនាគារ​១៣​ឆ្នាំ

ភ្នំពេញ ៖ ចោរឆក់​យ៉ាងសកម្ម​២​នាក់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១៣​ឆ្នាំ​ក្នុង​ម្នាក់ៗ ទៅលើ​សំណុំរឿង​ឆក់​២​ករណី​ផ្សេងគ្នា។

ជន​ត្រូវ​ចោទ​ដែល​តុលាការ​ផ្ដន្ទាទោស ទី​១ ជា អ៊ាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នឹង​ទី​២​ឈ្មោះ លី ជី​មី អាយុ​៣០​ឆ្នាំ​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កើត សាំង នឹង​លោក ខៀវ ផល្លា ជា​តំណាង​អយ្យការ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​៦​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់​ទោស​(​ឆក់​) ប្រព្រឹត្ត​នៅ​រា​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២១ខែតុលា ឆ្នាំ​២០១៨​។

ចំណែក​ជនជាប់ចោទ​ឈ្មោះ ជា អ៊ាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវ​បាន​តុលាការ​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​ផ្សេង​មួយទៀត​ដោយ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៧​ឆ្នាំ​ ក្រោម​ការចោទប្រកាន់​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់​ទោស​នឹង​ប្រើ​អំពើ​ហិង្សា នឹង​មិន​រាងចាល​ក្នុង​បទ​មជ្ឈិម ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៣និង៣០​នាទី ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៦៩E០ ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ពី​ជនជាតិ​កូរ៉េ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ដែល​កំពុង​ធ្វើ​ដំណើរ​ថ្មើរជើង​ទេសចរណ៍ មុខ​ព្រះបរមរាជវាំង តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ពី​ទិស​ខាងត្បូង​ទៅ​ជើង ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ គាប់​ជួន​ពេលនោះ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​(​ស៊ីវិល​) បាន​សហការ​ជាមួយ​កម្ម​ពាក់ព័ន្ធ​ក៏បាន​ធ្វើការ​ឃាត់​ខ្លួន​បាន​ភ្លាមៗ​។ ​ចំណែក​បក្សពួក​ឈ្មោះ លី ជី​មី ត្រូវបាន កម្លាំង​អធិការដ្ឋាន និង​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ ធ្វើការ​ឃាត​ខ្លួន កាល​ពី​សប្តាហ៍​មុន ក្នុង​បទល្មើស​ឆក់​ទូរស័ព្ទ​ដៃ ពី​ជនជាតិ​បារាំង ដែល​ចុះ​ពីលើ​ម៉ូតូ​កង​បី នៅ​ចំណុច​សួន​មុខ​វត្ត​បទុម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។

ពាក់ព័ន្ធ​នឹង​អង្គហេតុ​ខាងលើ​នេះ​ ទើប​ឈាន​ដល់​តុលាការ​សម្រេច​ធ្វើការ​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែកញ្ញា ​ឆ្នាំ​២០១៩​នេះ ដោយ​តុលាការ​បាន​បើកសវនាការ​លើ​សំណុំ​រឿង​នេះ​កាលពី​ថ្ងៃទី​១៩ ​ខែសីហា​៕
មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114