ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូល​គាល់​ព្រះមហាក្សត្រ​ប្រទេស​ព្រុយ​ណេ​ដា​រូ​សាឡា​ម និង​ក្រសួង​ពាក់ព័ន្ធ

ភ្នំពេញ ៖ លោក​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​សរុប​ចំនួន ១៣​រូប អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស ព្រុយ​ណេ​ដា​រូ​សាឡា​ម​។ ក្នុង​ដំណើរ​ទស្សនកិច្ច ផ្លូវការ​នេះ ជា​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ ប្រទេស​ព្រុយ​ណេ​ដា​រូ​សាឡា​ម គណៈប្រតិភូ​នឹង​អញ្ជើញ​ចូល​គាល់​ព្រះ​ចៅ​ស៊ុ​លត​ង់ Hassanal Bolkiah Mu’izzaddin Waddaulah ព្រះមហាក្សត្រ​នៃ​ប្រទេស​ព្រុយ​ណេ​ដា​រូ​សាឡា​ម ក្នុង​គោលបំណង ផ្ដល់​ភាព​កក់ក្ដៅ ក្នុង​ការ​ទំនាក់ ទំនង​សាមគ្គីភាព មិ​ត្ដ​ភាព លើ​គ្រប់​វិស័យ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​និង​បន្ដ​ជួប ពិភាក្សា​ការ ងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៦ រួមមាន ទីស្តីការ​គណៈរដ្ឋមន្ត្រី​, ក្រសួង​ហិរញ្ញវត្ថុ ,​ក្រសួង​អប់រំ ,​ក្រសួង​ថាមពល កម្លាំង​ពលកម្ម និង​ឧស្សាហកម្ម ក្រសួង​កិច្ចការ​សាសនា និង​ក្រសួង​ធនធានធម្មជាតិ និង​ទេសចរណ៍ ព្រមទាំង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន និង​អ្នក​វិនិយោគិន មួយចំនួនទៀត ផងដែរ​។

គណៈប្រតិភូ​បាន​ចេញ​ដំណើរ នៅ​អាកាស យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ​០៣​រោច ខែភទ្របទ ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​បន្ត​រហូតដល់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ការ​អញ្ជើញ​ជូន​ដំណើរ​ពី​សំណាក់ លោក Kasmirhan Pg Hj Tahir ឯកអគ្គរាជទូត​ព្រុយ​ណេ​ដា​រូ​សាឡា​ម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង ពង្រីក​ការ​វិនិយោគ វិស័យ​ឧស្សាហកម្ម​ហា​ឡា​ល់ និង​ធ្វើការ​សិប្បកម្ម បន្ថែម​លើ​ការរៀបចំ​បច្ចេកទេស​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង នូវ​នីតិវិធី​គ្រប់គ្រង​ដំណើរ​ធម្ម​យាត្រា​ហា​ជ្ជី វិស័យ​ហ្សា​កាត់ (​ការប្រមូល​បរិច្ចាគ​ទ្រព្យ​) វិស័យ​វ៉ា​កា​ហ្វ (​ការថែរក្សា​ទាយ​ជ្ជ​ទាន​) និង​ស្តង់ដារ​ហា​ឡា​ល់។

លោក​បន្ត​ថា ជាមួយគ្នា​និង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ គណៈប្រតិភូ​កម្ពុជា​ក៏​នឹង​ធ្វើ​ការ​ទំនាក់ទំនង​ស្នើ​ទៅ​រដ្ឋមន្ត្រី​អប់រំ​ព្រុយ​ណេ ឲ្យ​ផ្តល់​អាហារូបករណ៍​លើ​ជំនាញ​វិទ្យាសាស្ត្រ​ឯកទេស​សំខាន់ៗ ដោយឡែក​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ គឺ​ដើម្បី​ពិភាក្សា​លើ​គម្រោង​បង្កើត​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​បែប​ឥស្លាម ដែល​មាន លក្ខខណ្ឌ​លើកលែង​លើ​ករណី​ការប្រាក់​ផងដែរ​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114