ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Watford​វាយបក​តាម​បាន​ស្មើ​២-២​វិញ​ជាមួយ​ក្រុម Arsenal​នៅ Premier League

​ក្រុម​កាំភ្លើង​ធំ Arsenal បានធ្វើការ​នាំមុខ​២​គ្រាប់​មុន ពេលដែល​ក្រុម Watford​បាន​វាយបក​តាម​ក្រោយ​វិញ​រហូត​សម្រេចបាន​លទ្ធផល​ស្មើ​២-២​នៅ​ការប្រកួត​លើកដំបូង​របស់​អ្នកចាត់ការ​ថ្មី Quique Sanchez Flores​នៅ​ការដឹកនាំ​ក្រុម​ជា​លើក​ទី​២​របស់លោក​ក្នុង​ទឹកដី Vicarage Road កាលពី​ថ្ងៃអាទិត្យ។

ការវិល​ត្រឡប់មកវិញ​របស់លោក Flores បាន​កើតមានឡើង​បន្ទាប់ពី​ការបណ្តេញ​លោក Javi Gracia ចេញពី​តំណែង​គ្រូបង្វឹក ក្រោយ​ដឹកនាំ​ក្រុម​បាន​៤​ប្រកួត​ប៉ុណ្ណោះ នៅ Premier League​ក្នុង​រដូវ​កាល​នេះ ហើយ​ការវិល​ត្រឡប់មកវិញ​របស់គាត់​នេះ ទំនង​ជាង​ត្រូវ​រង​ភាព​អាម៉ាស់​មុខ​ទៅ​ហើយ ក្រោយ​ពេលដែល​កីឡាករ Pierre-Emerick Aubameyang រកបាន​២​គ្រាប់​ទៅហើយ​នៅក្នុង​តង់​ទី​១​។

ប៉ុន្តែ​កីឡាករ Tom Cleverley បាន​កាត់បន្ថយ​ឱនភាព​វិញ​នៅ​នាទី​៥៣ ហើយ​ក្រុម Watford​ចាប់ផ្តើម​មាន​ទឹកមាត់​លេប​វិញ ពេលដែល​កីឡាករ​បម្រុង Roberto Pereyra ពេន​មួយ​ជើង​បានសម្រេច​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៨១ ក្រោយពេល​គាត់​ត្រូវបាន​កីឡាករ David Luiz​ទាញ​ឲ្យ​ដួល​នៅក្នុង​តំបន់​គ្រោះថ្នាក់​។

ជាងនេះទៅទៀត ក្រុម Watford​ប្រុង​នឹង​សម្រេចបាន​ជ័យជំនះ​ទៅហើយ ពេលដែល​កីឡាករ Gerard Deulofeu ស៊ុត​បាល់​កោង​ប៉​ផិត​នឹង​បង្គោល​ទី​បន្តិច​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើសិនជា​ឈ្នះ​ការប្រកួត​មួយ​នេះ នោះ​ក្រុម Arsenal​នឹង​ឡើង​មកឈរ​នៅ​លេខ​រៀង​ទី​៣​នៅលើ​តារាង Premier League​ប៉ុន្តែ​ពួកគេ​បញ្ចប់​ថ្ងៃ​របស់​ពួកគេ ដោយ​ឈរ​នៅ​លេខ​៧​ប៉ុណ្ណោះ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114