ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Karolina Pliskova ផ្តួល​គូប្រកួត Petra Martic ដើម្បី​ឈ្នះ​ជើងឯក Zhengzhou Open

កីឡាការិនី​ចំណាត់ថ្នាក់​លេខ​២​ពិភពលោក Karolina Pliskova បាន​ផ្តួល​កីឡាការិនី​ក្រូ​អាត Petra Martic នៅក្នុង​លទ្ធផល​ពិន្ទុ 6-3 6-2 នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​បើកសម្ពោធ​ន៍ Zhengzhou Open កាលពី​ថ្ងៃអាទិត្យ ដើម្បី​ឈ្នះ​ជើងឯក WTA លើក​ទី​១៥​នៅក្នុង​អាជីព​របស់​នាង និង​ជា​ជើងឯក​លើកដំបូង​គេ​នៅ​ប្រទេស​ចិន​។

ជើងឯក​នេះដែរ គឺជា​ជើងឯក​ទី​៤​ប្រចាំ​រដូវ​កាល​របស់​កីឡាការិនី​ឆេ​ក​ម្នាក់នេះ បន្ថែម​ពីលើ​ជើងឯក​នៅ Brisbane, Rome និង​នៅ Eastbourne ក៏ដូចជា​ធ្វើ​ឲ្យ​នាង​នាំមុខ​កីឡាការិនី​លេខ​១​ពិភពលោក​របស់​អូស្ត្រាលី Ash Barty និង​កីឡាការិនី​កាណាដា Bianca Andreescu សម្រាប់​អ្នកឈ្នះ​ជើងឯក​ច្រើនជាងគេ​បំផុត​នៅក្នុង​ឆ្នាំនេះ គិត​មកទល់នឹង​ពេលនេះ​។

កីឡាការិនី Pliskova​បានឈ្នះ​ពិន្ទុ​បម្រើ​ដំបូង​របស់​នាង​៧៤​ភាគរយ និង​ទម្លុះ​ការបម្រើ​របស់​គូរ​ប្រកួត​ក្រូ​អាត​របស់​នាង​៤​លើក នៅ​ការប្រកួត​មួយ​ដែល​ញាំញី​ដោយ​ភ្លៀង​ធ្លាក់ ក្រោយពី​ពន្យារពេល​ការប្រកួត​រយៈពេល​ជាង​៥​ម៉ោង​រួចមក​នោះ​។

កីឡាការិនី Martic ដែល​នៅ​រក្សា​បាន​ប្រវត្តិ​លេង​នាំមុខ​៤-១​លើ​កីឡាការិនី Pliskova ហើយ​និង​ធ្លាប់បាន​យកឈ្នះ​នាង នៅ​ការប្រកួត Roland Garros កាលពីដើមឆ្នាំ​នេះនោះ បានធ្វើ​ការនាំ​មុខ​មុន 2-0 នៅ​សិត​ទី​១ ពេល​ដែល​នាង​បាន​ទម្លុះ​ភាពទាល់ច្រក​នៅ​ការប្រកួត​បើកឆាក​ដំបូង​។

ទោះបីជា​យ៉ាងណាក៏ដោយ វា​ដល់​វេន​របស់​កីឡាការិនី Pliskova ម្តង ដែល​របូត​ការបម្រើ​តែ​ម្តងគត់ ហើយ​ក្រោយមក នាង​គ្រប់គ្រង​ស្ថាន​ការ​បាន​វិញ រហូតដល់​សម្រេចបាន​ជ័យជំនះ​មួយ​នេះ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114