ព័ត៍មានទាន់​ហេតុការណ៏
Search

​ការ​ស៊ុត​បាល់​ពិន័យ​របស់​កីឡាករ Jordan​ជួយ​ឲ្យ​ក្រុម Sevilla​ឡើង​មកឈរ​នៅលើ​កំពូល​តារាង La Liga

ក្រុម Sevilla​បាន​ឡើង​មកឈរ​នៅលើ​កំពូល​តារាង La Liga កាលពី​ថ្ងៃអាទិត្យ ពេលដែល​ការ​ស៊ុត​បាល់​ពិន័យ Free-kick​យ៉ាង​អស្ចារ្យ​របស់​កីឡាករ Joan Jordan បានធ្វើ​ឲ្យ​ពួកគេ​សម្រេចបាន​ជ័យជំនះ​១-០​លើ​ក្រុម Alaves​។

ក្រុម​របស់​លោក Julen Lopetegui​បន្ត​ទម្រង់​លេង​ដ៏​ទាក់ទាញ​របស់​ពួកគេ នៅ​ការចាប់ផ្តើម​រដូវ​កាល​របស់​ពួកគេ ពោលគឺ​ពួកគេ​នៅតែ​បន្ត​ប្រវត្តិ​លេង​មិនដែល​ចាញ់ និង​មាន​១​ពិន្ទុ​នាំមុខ​ក្រុម​លេខ​២ Atletico Madrid ដែល​បាន​ចាញ់​ក្រុម Real Sociedad ០-២​កាលពី​ថ្ងៃ​សៅរ៍​។

ក្រុម Sevilla​នឹង​បើកទ្វារ​ស្វាគមន៍​ក្រុម Real Madrid​នា​ថ្ងៃអាទិត្យ​ក្រោយ អំឡុង​ជំនួប​របស់​ក្រុម​២ ដែល​មិនទាន់មាន​ប្រវត្តិ​ចាញ់​គេ​ដូចគ្នា​នៅក្នុង​រដូវ​កាល​នេះ​។

គ្រូ​បង្វឹក​របស់​ក្រុម Sevilla​លោក Lopetegui​ដែល​ក្រុម​របស់​គាត់​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Baku​លេង​នៅ​ទីក្រុង Qarabag នៅ​ការប្រកួត​បើកឆាក​រដូវ​កាល Europa League​របស់​ពួកគេ​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ខាងមុខ​នេះនោះ បាន​និយាយ​ថា វា​គ្មាន​ន័យ​អ្វី​ទេ​សម្រាប់​ការឡើង​ឈរ​នៅលើ​កំពូល​តារាង​នោះ​។

លោក​បន្តថា រឿង​តែមួយគត់​កាលដែល​ឡើងឈរ​នៅលើ​កំពូល​តារាង មានន័យ​ចំពោះ​លោក គឺថា​ក្រុម​កំពុងតែធ្វើការ​ងារ​ល្អ​។ យើង​ត្រូវតែ​បន្ត​លេង​ឲ្យ​ល្អប្រសើរ​ជាង​នេះ​បន្ថែមទៀត មុនពេល​ធ្វើដំណើរ​ទៅ​ជួប​ជាមួយ​ក្រុម Baku ជា​កន្លែង​ដែលមាន​ផលវិបាក​សម្រាប់​ពួកយើង​នោះ​។

វា​បាន​ក្លាយជា​បរាជ័យ​ជា​លើកដំបូង​ផងដែរ​សម្រាប់​ក្រុម Alaves​ដែល​ធ្លាក់​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​១១​វិញ នៅលើ​តារាង La Liga៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114