ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រលើ​ក​ទី​៥ សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម (CLMTV)

សៀមរាប​៖ កម្ពុជា​បានរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រលើ​ក​ទី​៥ សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម (CLMTV)​ក្រោម​ប្រធានបទ​“​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅក្នុង​ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​” នៅ​សណ្ឋាគារ អប្សរា​ផា​ឡេស​កាលពី ព្រឹក​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៩។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍​លើកឡើងថា ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​ប្តេជ្ញា​រួមគ្នា​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​តាម​រយៈ​ការចេញ​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍ នៅ​ទីក្រុង​សេ​ប៊ូ ប្រទេស​ហ្វីលីពីន ឆ្នាំ​២០០៧ និង​បានចេញ​ឯកច្ឆន្ទ​ភាព​អាស៊ាន ស្តីពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ឆ្នាំ​២០១៧​។ ទោះបី​ជាមាន​លិ​ខិតូបករណ៍​អាស៊ាន និង​បទដ្ឋាន​អន្តរជាតិ​ក៏ដោយ រដ្ឋ​ជា​សមាជិក​បានដាក់​ចេញ​នូវ​គោលនយោបាយ និង​បទដ្ឋាន​គតិយុត្ត​នៅក្នុង​ប្រទេស​របស់ខ្លួន​ដើម្បី​ធានាថា​សិទ្ធិ ផលប្រយោជន៍ កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលករ​ទេស​ន្ដ​រ​ប្រវេសន៍​ត្រូវបាន​ធានា ក្នុងនោះ​ប្រទេស​ជា​សមាជិក​បាន​បង្កើតឱ្យមាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាច្រើន​។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ក្នុង​ក្របខណ្ឌ​នៃ​ប្រទេស CLMTV ត្រូវបាន​ចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ ស្របតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​តម្រូវការ​ប្រទេស​ទាំង​៥​នេះ​។​

​តាមរយៈ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ យើង​បាន​រួមគ្នា​ផ្តួចផ្តើម​គិតគូរ​ជាពិសេស​លើ​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ នៃ​បណ្តា​ប្រទេស​ទាំង​៥​។ ជាពិសេស ផ្អែក​តាម​សេចក្តីថ្លែងការណ៍​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​២ កាលពី​ឆ្នាំ​២០១៧ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រលើ​ក​ទី​៤ កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​វៀតណាម យើង​បាន​ឯកភាពគ្នា​ជំរុញឱ្យមាន​យន្តការ​ក្នុងការ​ផ្ទេរ​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ពី​ប្រទេស​ទទួល​មក​ប្រទេស​បញ្ជូន​ពលករ ដោយបាន​ផ្ដួច​ផ្ដើមគំនិត​មួយចំនួន ជាអាទិ៍ (១) សិក្សា​រៀបចំ​ច្បាប់ និង​គោលនយោបាយ​ជាតិ​មាន​សង្គតិភាព​គ្នា​ជាមួយនឹង​បទដ្ឋាន ឬ​លិខិត​តូ​បក​រណ៍​គតិយុត្ត​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ (២) ផ្តល់ និង​ផ្លាស់ប្តូរ​ទិន្នន័យ​ជាក់លាក់​អំពី​ពលករ​ទេសន្តរប្រវេសន៍​ដែល​គ្របដណ្តប់​ដោយ​របប​សន្តិសុខ​សង្គម​នៅក្នុង​ប្រទេស CLMTV (៣) បង្កើន​ការចូលរួម​របស់​កម្ម​ករ​និយោជិត និយោជក និង​រដ្ឋាភិបាល​នៅ​កម្រិត​ជាតិ ដើម្បី​អភិវឌ្ឍ និង​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​អំពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV (៤) ធ្វើ​ការងារ​ឆ្ពោះទៅកាន់​ការរៀបចំ​ក្របខណ្ឌ​រួម​សម្រាប់​ប្រទេស CLMTV ស្តីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ (៥) ជំរុញ​ការចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ស្តីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV ចំពោះ​ផ្នែក​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ (៦) ពង្រឹង​យន្តការ​នៅក្នុង​ប្រទេស CLMTV អំពី​របៀប​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម និង​(៧)​លើកកម្ពស់​ការសម្របសម្រួល​រវាង​ស្ថាប័ន​ទទួលបន្ទុក​របប​ស​ន្តិ​សុខ​សង្គម​នៅក្នុង​ប្រទេស CLMTV​។​

​ជាការ​ពិតណាស់ ទោះបីជា​ប្រទេស​នីមួយៗ​មាន​ក្របខណ្ឌ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​ស្ថានភាព​សង្គម​សេដ្ឋកិច្ច មិន​ដូចគ្នា​ទាំងស្រុង​ក៏ដោយ ប៉ុន្តែ​ក្នុង​ក្របខណ្ឌ​អន្តរជាតិ និង​ក្របខណ្ឌ​តំបន់ យើង​ពិតជា​អាច​ស្វែងរក​នូវ​ចំណុច​រួមមួយ​ដើម្បី​សម្រេច​គោលដៅ និង​ផលប្រយោជន៍​រួម ពោលគឺ​ពលករ​ទេសន្តរប្រវេសន៍​គ្រប់រូប​អាច​ទទួលបាន​នូវ​របប​សន្តិសុខ​សង្គម​ទោះបី​គេ​ផ្លាស់​ទីកន្លែង​ធ្វើការ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ក៏ដោយ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114