ព័ត៍មានទាន់​ហេតុការណ៏
Search

តេ​ក្វាន់​ដូ​WT​ ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូ​រេ ​ត្រៀម​ស៊ី​ហ្គេម​

កីឡា​តេ​ក្វាន់​ដូ​WT(World Taekwondo) ចំនួន​៩​រូប ​បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សាធារណរដ្ឋ​កូរេ​ដើម្បី​ហ្វឹកហាត់​នៅ​ទីនោះ​ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣០​ នៅ​ប្រទេស​ហ្វីលីពីន កាលពី​យប់​ថ្ងៃទី​១៦​ខែ​កញ្ញា​ ឆ្នាំ​២០១៩។

ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​៩​រូបនោះ​ មាន​កីឡាករ​ចំនួន​៥​រូប និង កីឡាការិនី​ចំនួន​៤​រូប​ ដែល​ក្នុង​នោះ​មាន​កីឡាការិនី​ស៊ន សៀវ​ម៉ី ​មួយរូប​ដែរ។

លោក​ជ្រិ​ន សុធា​អនុប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT​មានប្រសាសន៍​ឲ្យ​ដឹងថា ការ​ចេញទៅ​ហាត់​នៅ​កូ​រេ​នេះ​ គឺ​យើង​ហ្វឹកហាត់​ជាមួយ​គ្រូ​ដែលមាន​Ranking​ល្អៗ​នៅក្នុង​ប្រទេស​កូ​រេ​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការប្រកួត​ច្រើន​ដែរ ហើយ​បើ​នៅ​ប្រទេស​កូ​រេ​មាន​ព្រឹត្តិការណ៍​អ្វី​នោះ​កម្ពុជា​នឹង​ចូលរួម​ប្រកួត​ភ្លាម។

តាម​ការគ្រោងទុក​ពួកគេ​ហ្វឹកហាត់​នៅ​ប្រទេស​កូ​រេ​រហូតដល់​ថ្ងៃទី​១៥​វិច្ឆិកា​ ទើប​ត្រឡប់មកវិញ ​និង​បន្ត​ហាត់​នៅ​ប្រទេស​ខ្មែរ​១៥​ថ្ងៃ​ទៀត​មុន​ចេញដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន។

លោក​អនុប្រធាន​សហព័ន្ធ​អះអាងថា​ តេ​ក្វាន់​ដូ​WT​មិន​ត្រឹម​តែមាន​មហិច្ឆតា​មេដាយ​ស៊ី​ហ្គេម​ប៉ុណ្ណោះ​ទេ​តែ​ត្រូវ​ចូលរួម​ជម្រុះ​អូឡាំពិក​ហ្គេម​សម្រាប់​អូឡាំពិក​តូ​ក្យូ​២០២០​ទៀតផង។

លោក​បន្តថា ​ក្រៅពី​កីឡាការិនី​ស៊ន​សៀវ​ម៉ី​កម្ពុជា​នៅមាន​កីឡាការិនី​ខ្មែរ​សញ្ជាតិ​អាមេរិក និង​កីឡា​ករ​វ័យក្មេងៗ​ដែល​ប្រកបដោយ​ថាមភាព​ទៀត​ផង។

កីឡាការិនី​ស៊ន សៀវ​ម៉ី​ ក៏បាន​និយាយថា​ ពេលនេះ​នាង​មាន​សុខ​ភាពល្អ​ណាស់ ឯ ជង្គង់​របស់​នាង​ក៏​មិនមាន​បញ្ហា​ដែរ​នាង​អាច​ប្រកួត​បាន ចំពោះ​កម្លាំង​របស់​នាង​ក៏​ល្អ បច្ចេកទេស​ក៏​រីកចម្រើន​ដែរ។​

ជាមួយនឹង​ការចេញ​ទៅ​ហ្វឹកហាត់​នេះ ធនាគារ​PPC Bank​បានផ្ដល់​ថវិកា​ចំនួន​១០.០០០ ដុល្លារ​សម្រាប់​ដោះស្រាយ​សំបុត្រ​យន្តហោះ និង​ការចំណាយ​ផ្សេងៗ។ ​លោក​Shin Chang Moo​ដែលជា​ប្រធាន​ធនាគារ​PPC Bank​បាន​បញ្ជាក់ថា ​ការ​ចេញទៅ​ហ្វឹកហាត់​នេះ​ត្រូវតែ​គោរព​វិន័យ​សម្រាក​ឲ្យ​បាន​ច្រើន​ព្រោះ​កីឡា​បើ​សម្រាក​មិនបាន​គ្រប់ក្រាន់​ទេនោះ​ វា​នឹង​បាត់បង់​កម្លាំង​ហាត់​មិនបាន​គ្រប់​គ្រាន់។

សូមបញ្ជាក់ថា​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ធនាគារ​PPC Bank​បន​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​កីឡាករ កីឡា​ការិនី​តេ​ក្វាន់​ដូ​WT​ក្នុង​ការចេញ ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅក្រៅ​ប្រទេស។​ នេះ​ក៏​មិនមែនជា​លើក​ចុង​ក្រោយ​ដែរ ដោយ​ធនាគារ​នេះ​នឹង​នៅតែ​បន្ត​គាំទ្រ​ដល់​កីឡា​តេ​ក្វាន់​ដូ​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114