ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​អគ្គិសនី​កម្ពុជា ​ធ្វើការ​ជីក​ផ្លូវ​កប់​បណ្ដាញ​ខ្សែកាប​អគ្គិសនី​តាម​ចិញ្ចើម​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ ​៖ ដោយសារ​កំណើន​ នៃ​ការ​អភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ និង​ដោយមាន​តម្រូវការ​ចាំបាច់ ​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​កើនឡើង​យ៉ាងខ្លាំង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​អគ្គិសនី​កម្ពុជា​ធ្វើការ​ជីក​ផ្លូវ​កប់​បណ្តាញ​ខ្សែកាប​អគ្គិសនី​តាម​ចិញ្ចើម​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន អង្គភាព​រដ្ឋ ​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ស្ថិតនៅ​សងខាង​ផ្លូវ​ដែល​ត្រូវអនុវត្ត​គម្រោង​នេះ​ចូលរួម​សហការ ដើម្បី​ឲ្យ​គម្រោង​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​លទ្ធផល​តាម​ការគ្រោងទុក​។

ក្នុង​សេចក្ដីជូនដំណឹង​មានន័យ​ដើម​ទាំងស្រុង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ដោយសារ​កំណើន​នៃ​ការ​អភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ និង​ដោយមាន​តម្រូវការ​ចាំបាច់ ​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​កើន​ឡើង​យ៉ាងខ្លាំង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ជូន​អគ្គិសនី​កម្ពុជា​ធ្វើ​ការ​ជីក​ផ្លូវ​កប់​បណ្តាញ​ខ្សែ​កា​ប្ដី​អគ្គិសនី លើ​គម្រោង​ដាក់​ខ្សែកាប​អគ្គិសនី​កប់​ដី​ថ្មី​ចេញពី​តំបន់​ភ្លើង OP ០៨ ចូល​ទៅ​តំបន់​ភ្លើង S ៨១១ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ជីក​ដាក់​តាម​ចិញ្ចើមផ្លូវ​លេខ ២២២ , ២៣២ និង​ផ្លូវ​លេខ ១១១ និង​ឌួង​ឆ្លងផ្លូវ​លេខ​១១១ ផ្លូវ​សុក​ហុក និង​ផ្លូវ​ឧកញ៉ា នូ កន (​ផ្លូវ​លេខ ១០៥) ដូច​មាន​បង្ហាញជូន​ក្នុង​ឧបសម្ព័ន្ធ​តម្រាយ​ផ្លូវ និង​ផែនទី​ផ្លូវ​ដែលមាន​ស្រាប់។

ការអនុវត្ត​គម្រោង នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ជូនដំណឹង​ង​នេះ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សណ្ដាប់ធ្នាប់​របៀប​រៀបរយ កាត់បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ជាយថាហេតុ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​ការដ្ឋាន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន អង្គភាព​រដ្ឋ​ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​ស្ថិតនៅ​សងខាង​តម្រាយ​ផ្លូវ​ជីក​បណ្តាញ ចូលរួម​សហការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​លទ្ធផល​តាម​ការគ្រោងទុក​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ អង្គភាព​រដ្ឋ បណ្តា​ក្រុមហ៊ុន​ឯកជន​
​ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់​ផ្តល់​ការ​អធ្យាស្រ័យ និង​ចូលរួម​សហការ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ខ្លឹម​សារ​ខាងលើនេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114