ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ទំពួន​២​នាក់​ ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ខុស​បច្ចេកទេស របួសធ្ងន់​២​នាក់

រតនគិរី ៖ យុវជន​ជនជាតិ​ទំពួន​២​នាក់ ​ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​មិនបាន​ប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅ​បុក​​​​រថយន្ត​កំពុង​ចត​នៅ​ស្ងៀម​ នៅ​ចិញ្ចើមផ្លូវ​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខផ្ទះ​យាយ​ដុំ​ ស្ថិតនៅ​ក្នុងភូមិ​ប៉ា​ជន់ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ​ ខេត្ត​រតនគិរី​។

មន្ត្រីនគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹងថា អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ ទយ ស៊ិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជន​ជាតិ​ទំពួន មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កប ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្ត​រតនគិរី បាន​រង​របួស​ធ្ងន់ បាក់​ភ្លៅ​ខាងឆ្វេង ​និង​សន្លប់​ធំ​។

អ្នក​រួម​ដំណើរ​ ទី​២,​ឈ្មោះ ណា ប៉ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា បាន​រង​របួស​ធ្ងន់​សន្លប់​ធំ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​ដឹក​បញ្ជូន​ជនរងគ្រោះ​ទាំង​២​នាក់​ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ផង​ដែរ។

បច្ចុប្បន្ន​រថយន្ត​ និង​ម៉ូតូ ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ ​រឹបអូស​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ធ្វើការ​សម្របសម្រួល​គ្នា​ទៅតាម​នីតិ​វិធី​ច្បាប់។

សូមបញ្ជាក់ថា សមត្ថកិច្ច​នគរបាល​នៃ​ស្រុក​អូរ​ជុំ​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ នៃ​រថយន្ត​ និង​ស្លាក​លេខ​ឡើយ​ រួម​ទាំង​ម៉ូតូ​របស់​ជនរងគ្រោះ​ផង​ដែរ តើ​មាន​អាថ៌កំបាំង​អ្វី​? សង្ស័យ​រថយន្ត​នោះ​ជា​អ្នក​ខុស​មិនបាន​ដាក់​សញ្ញា​សម្គាល់​ឲ្យ​អ្នក​ធ្វើដំណើរ​បាន​ដឹង​នោះ​ឡើយ​??៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114