ព័ត៍មានទាន់​ហេតុការណ៏
Search

សូម​សរសើរ​ទឹកចិត្ត! ឱក សុគន្ធ​កញ្ញា គោរព​តាម​ការសន្យា​នាំយក​ថវិកា​ប្រមូលបាន​ពី​ការ​លក់​សម្លៀក​បំពាក់​មួ​យ​ទឹក​ឧបត្ថម្ភ​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

ភ្នំពេញ ​៖ ​សកម្មភាព​នេះ ​អាច​ចាត់ទុកជា​គំរូ​ល្អ​សម្រាប់​តារា​សិល្បៈ​របស់​ខ្មែរ​មួយ​ចំនួន​ទៀត​ ហើយ​ក៏​ជា​ទឹកចិត្ត​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ និង​អ្នកគាំទ្រ​ជាច្រើន​បាននាំគ្នា​លើក​សរសើរ​ចំពោះ​ទង្វើ​ដ៏​ល្អៗ​ពី​សំណាក់​តារា​ចម្រៀង ​អ្នកនាង ឱក សុគន្ធ​កញ្ញា គ្រា​ដែល​អ្នកនាង​បាន​គោរព​តាម​ពាក្យសន្យា​ដោយ​នាំយក​ថវិកា​ប្រមូលបាន​ពី​ការលក់​សម្លៀកបំពាក់​ឧបត្ថម្ភ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩​ កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ​ដែល​កំពុងតែ​ពពោះ​កូន​ក្នុង​ផ្ទៃ​ប្រមាណ​៦​ខែ អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​ដឹកនាំ​ក្រុមការងារ​របស់ខ្លួន​នាំយក​ថវិកា​មួយ​ចំនួន​ដែល​បានមកពី​ការលក់​សម្លៀកបំពាក់​ទៅ​ឧបត្ថម្ភ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​គោលបំណង​ ដើម្បី​ចូលរួមចំណែក​ការងារ​សង្គម​ និង​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់​ កំពុង​ត្រូវការ​សេវា​ព្យាបាល​ដ៏​ចាំបាច់​បំផុត​នៅ​មន្ទីរពេទ្យ​មួយ​នេះ។

ក្នុង​សកម្មភាព​នេះ ​អ្នកនាង ឱក សុគន្ធ​កញ្ញា ក៏បាន​បង្ហោះ​រៀបរាប់​ភ្ជាប់​នឹង​សកម្មភាព​នោះ​ថា​ នេះ​ជា​ថវិកា​បាន​មកពី​ការ “​ទិញ​ដើម្បី​ចែករំលែក​ក្តី​ស្រលាញ់​” របស់​បងប្អូន​ទាំងអស់​គ្នា។​ ថ្ងៃនេះ​នាង​ខ្ញុំ​បាន​យកមក​ប្រគល់ជូន មូលនិធិ​គន្ធបុប្ផា​កម្ពុជា អរគុណ​ចំពោះ​ការចូលរួមរ​បស់បង​ប្អូន​គ្រប់គ្នា​។

តាមរយៈ​សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​បង្ហាញ​ការគាំទ្រ​ និង​លើក​​សរសើរ​ទឹកចិត្ត​របស់​នាង​យ៉ាង​ខ្លាំង។

បន្ថែម​ពីលើ​នេះ​អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ថវិកា​ដែល​ត្រូវ​បាន​ខ្លួន ​និង​ក្រុមការងារ​ ប្រមូល​បាន​ពី​ការ​លក់ ​នឹង នាំ​យក​ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ ​គឺ​សរុប​ជា​លុយ​ដុល្លារ​មាន​ចំនួន​៥,១៦៨​ដុល្លារ ​និង​លុយ​ខ្មែរ​ចំនួន​ជាង​៥​លាន​រៀល​ផង​ដែរ។

លើសពីនេះ ​អ្នកនាង ឱក សុគន្ធ​កញ្ញា ក៏បាន​បង្ហាញ​ពី​ការសប្បាយ​ចិត្ត​ក្រោយ​ពេលដែល​ខ្លួន​បាន​សម្រេច​កិច្ចការងារ​ដោយ​ជោគជ័យ​តាមរយៈ​ការចូលរួម​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114