ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​ បន្ត​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ដែន​ប្រតិបត្តិការ​របស់​ខ្លួន​ដូរ​ភ្លៀងរលឹម

ត្បូងឃ្មុំ ៖ កម្លាំង អធិការ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​៥ ក្នុងស្រុក​ក្រូចឆ្មារ បាន​ចេញ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ចំនួន​៥​គោលដៅ​តាម​បទបញ្ជា ​លោក​ឧត្ដមសេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ឲ្យ​បង្ក្រាប​ឲ្យ​អស់​រាល់​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​រដូវ​ទឹក​ឡើង​ពេល​ត្រី​ពង​នេះ​ឲ្យ​ខាង​តែ​បាន។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កងកម្លាំង​នគរបាល​ស្រុក​ក្រូចឆ្មារ ​រួម​នឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈូក ឃុំ​ប៉ឹ​ស​១ ឃុំ​ជំនីក ឃុំ​ទួល​ស្នួល និង​ឃុំ​កំពង់ទ្រាស ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​ផ្សេងៗ គ្នា​ក្នុង​ថ្ងៃ​តែមួយ ជា​លទ្ធផល​គឺ ៖
១.​ឃុំ​ឈូក ​៖ ទីតាំង​ចំណុច​ជើង​ស្ទឹង​គគី ក្រោយ​ភូមិ​រកា​ខ្នុរ ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ បង្ក្រាប​បាន​លប​ស្បៃ​៣​មាត់ ប្រវែង​៣០​ម៉ែត្រ របាំង​ស្បៃ​១៧៥​ម៉ែត្រ បង្គោល​ចំនួន​៥៥​បង្គោល (​សម្ភារៈ​ខាងលើ​ ត្រូវ​បាន​កាប់បំផ្លាញចោល​នៅ​ហ្នឹង​កន្លែង​) និង​លែង​កូន​ត្រី​ចំនួន​៣៥​គីឡូ​ចូល​ទឹក​វិញ។
២.​ឃុំ​ប៉ឹ​ស​១៖ ទីតាំង​ចំណុច​ព្រែក​អូ​តា​ហែ ក្រោយ​ភូមិ​សោយ​១ ភូមិ​សោយ​២ ឃុំ​ប៉ឹ​ស​១ ស្រុក​ក្រូចឆ្មារ បង្ក្រាប​បាន​លប​ស្បៃ​មុង​ចំនួន​០៧​មាត់ ប្រវែង​២១០​ម៉ែត្រ បង្គោល​ឫស្សី​៦៤ បង្គោល (​សម្ភារៈ​ខាង​លើ​ត្រូវបាន​កាប់បំផ្លាញចោល​នៅ​ហ្នឹង​កន្លែង​)។ និង​លែង​កូន​ត្រី​ចម្រុះ​ចំនួន​៥០​គីឡូក្រាម ចូលទៅ​ក្នុង​ទឹក​វិញ។​
៣.​ឃុំ​ជំនីក ៖​ ចំណុច​បឹង​ជី​សែន ក្រោយ​ភូមិ​ជំនីក ភូមិ​បន្ទាយ ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ បង្ក្រាប​បាន​លប​ស្បៃ​មុង បាន​ចំនួន​៣១​មាត់ របាំង​ព្រួល​ស្បៃ​មុង​ប្រវែង​១៨០០​ម៉ែត្រ បង្គោល​ចំនួន​១០០០​បង្គោល (​សម្ភារៈ​ខាងលើ​ត្រូវបាន​កាប់បំផ្លាញចោល​នៅ​ហ្នឹង​កន្លែង​) ហើយ​ប្រលែង​កូន​ត្រី​ចម្រុះ​ប្រមាណ​៣២០​គីឡូក្រាម ចូល​ទឹក​វិញ។
៤.​ឃុំ​ទួល​ស្នួល ៖ ​ចំណុច​ប្រឡាយ​ទូក​មាស ក្រោយ​ភូមិ​ជើង​ច្រង់ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ បង្ក្រាប​បាន​លប​ស្បៃ ចំនួន​៨​លប ប្រវែង​៦៥០​ម៉ែត្រ បង្គោល​ចំនួន​២៣៥​បង្គោល ហើយ​ប្រលែង​កូន​ត្រី​ចូល​ទឹក​វិញ​ចំនួន​៦៧​គីឡូ។
៥.​ឃុំ​កំពង់ទ្រាស ៖​ ចំណុច​វាល​ចម្ការ​អូ​ម្លូ ឃុំ​កំពង់ទ្រាស បង្ក្រាប​បាន ​៖
-លប​យ៉ាង​កាវ​ចំនួន​៥ មាត់​ព្រួល​ចំនួន​៨០០​ម៉ែត្រ ចំពោះ​ឧបករណ៍​និង​សម្ភារៈ​ខាង​លើ​ក្រុម​យើង​បាន​កាប់​បំផ្លាញ និង​ដុតចោល​នៅ​ហ្នឹង​កន្លែង​ហើយ​ប្រលែង​កូន​ត្រី​ចូល​ទឹក​វិញ​ចំនួន​៣៥​គីឡូ​
-​បង្ក្រាបបាន​លប​ស្បៃ​៣៥​មាត់ ប្រវែង​២៧០០​ម៉ែត្រ បង្គោល​ចំនួន​២៥០០​បង្គោល (​សម្ភារៈ​ខាងលើ​ត្រូវ​បាន​កាប់បំផ្លាញចោល​នៅ​ហ្នឹង​កន្លែង​) និង​លែង​កូន​ត្រី​ចំនួន​១៥០​គីឡូ​ចូល​ទឹក​វិញ។

មួយវិញទៀត លោក​អធិការ​ក៏បាន​សំណូមពរ សូម​បងប្អូន​ប្រជាជន​យើង​កុំ​នេសាទ​ដោយ​ឧបករណ៍​ខុសច្បាប់ និង​នេសាទ​នៅ​រដូវ​ទឹក​ឡើង​ដែល​ត្រី​ពង​ចន្លោះ​ពេល​ហាមឃាត់​ការ​នេសាទ​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114