ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មករ​រោងចក្រ​រថយន្ត General Motors ជាង​៤​ម៉ឺន​នាក់ ​ធ្វើ​កូដកម្ម​នៅ​អាមេរិក

នៅ​ថ្ងៃ​ចន្ទ​នេះ​សហជីព​កម្មករ​យានយន្ត (UAW) បានចាប់ផ្តើម​ធ្វើ​កូដកម្ម​នៅ​ទូទាំងប្រទេស​ប្រឆាំង​ក្រុមហ៊ុន General Motors ដោយមាន​សមាជិក​ប្រហែល​៤៦០០០​នាក់​ឈប់​ធ្វើការ​បន្ទាប់ពី​កិច្ចចរចា​រឿង​កុងត្រា​ការងារ​មិនបាន​រក​ដំណោះស្រាយ​ឃើញ​រួចមក​។​

ការធ្វើ​កូដកម្ម​ដែល​កាសែត Wall Street Journal បាន​រៀបរាប់ថា​ជាការ​ផ្អាក​ធ្វើការ​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​នៅ​ក្រុមហ៊ុន GM ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​បាន​កើតឡើង​បន្ទាប់ពី​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​និង​កម្មករ​បាន​ដល់ពេល​ផុតកំណត់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ស្តីពី​ការជំនួស​ឡើយ​។​

សហជីព UAW បាន​សរសេរ​នៅលើ​គណនី Twitter​របស់ខ្លួន​ថា​មេដឹកនាំ​សហជីព​ក្នុងស្រុក​បាន​ជួបប្រជុំគ្នា​នៅ​ក្រុង Detroit និង​បានជ្រើសរើស​វិធី​ធ្វើ​កូដកម្ម​ទាំង​កណ្តាលអធ្រាត្រ​ថ្ងៃអាទិត្យ​តែម្ដង​។​

បន្ថែម​ជាង​នេះ​មន្ត្រី UAW បានឱ្យដឹងថា​ភាគី​ទាំងពីរ​នៅតែ​ឃ្លាតឆ្ងាយ​ពីគ្នា​ក្នុងការ​ចរចា​លើ​កិច្ចសន្យា​នេះ​ដោយមាន​ការខ្វែងគំនិត​គ្នា​លើ​រឿង​ប្រាក់​ឈ្នួល​អត្ថប្រយោជន៍​សុខភាព​ស្ថានភាព​របស់​កម្ម​ករប​ណ្តោះ​អាសន្ន​និង​សន្តិសុខ​ការងារ​។​

គួរ​កត់សម្គាល់ថា​ការធ្វើ​កូដកម្ម​ដ៏​ធំ​ចុងក្រោយ​របស់​ក្រុមហ៊ុន GM គឺ​នៅ​ឆ្នាំ​២០០៧​គឺ​នៅពេលដែល​កម្មករ​ជាង​៧៣ ០០០​នាក់​នៅ​រោងចក្រ​ជាង​៨៩​កន្លែង​បាន​ឈប់​ធ្វើការ​អស់​រយៈពេល​២​ថ្ងៃ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114