ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ដឹកនាំ​ដំណើរការ​ធ្វើ​កោសល្យវិច័យ ​លើ​ក្រដាស​កិច្ចការ​បេក្ខជន​តវ៉ា​លទ្ធផល​ប្រឡង

ភ្នំពេញ ​៖​ លោក​បណ្ឌិត​សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ដឹកនាំ​គណៈកម្មការ ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា​របស់​បេក្ខជន​ដើម្បី​ចាប់ផ្ដើម​ដំណើរការ​ធ្វើ​កោសល្យ​វិច័យ​លើ​ក្រដាស​កិច្ចការ​បេក្ខជន​ដែល​បានដាក់​ពាក្យ​តវ៉ា​លើ​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​១៩ សីហា ២០១៩ ​ដើម្បី​ឲ្យ​បេក្ខជន​ក៏ដូចជា​អាណាព្យាបាល​អាច​ទទួលយក​បាន​លទ្ធ​ផល​ប្រឡង​ដោយ​អស់ចិត្ត។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ មានប្រសាសន៍ថា ​ដំណើរការ​ធ្វើ​កោសល្យវិច័យ​លើ​ក្រដាស​កិច្ចការ​បេក្ខជន​តវ៉ា​លើ​លទ្ធផល​ប្រឡង​នេះ​មានការ​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ និង​ដោយ​មាន​ការចូលរួម​សង្កេតការណ៍​ពី​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង​ដែរ​។

យ៉ាងណាក៏ដោយ​លោក រស់ សុ​វាចា​ មិនបាន​បញ្ជាក់ថា​ ដំណើរ​ការធ្វើ​កោសល្យវិច័យ​នេះ ​នឹង​ប្រើ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះទេ ​និង​មាន​បេក្ខជន​តវ៉ា​ប៉ុន្មាន​នោះដែរ​ ដោយ​គ្រាន់តែ​បញ្ជាក់ថា លទ្ធផល ​នៃ​ការតវ៉ា​នេះ​ក្រសួង​នឹងធ្វើ​ការប្រកាស​ជា​ផ្លូវការ​នៅតាម​ទំព័រ​ហ្វេ​ប៊ុ​ក​ជា​ផ្លូវការ​របស់​ក្រសួង​ប៉ុណ្ណោះ​។

លោក​បាន​អះអាងថា​ ការពិនិត្យ​និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​នេះ​ គឺ​ឈរលើ​គោលការណ៍​ទាំង​៤​ នៃ​ការប្រឡង​រួមមាន​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។

ចំណែក​យុវជន ពេ​ជ ភូ​រ៉ា​ពង្ស បេក្ខជន​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញ​ថ្មី​ ទទួល​បាន​និទ្ទេស​រួម B ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បេក្ខជន​ដែល​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​ នៃ​ការប្រឡង​បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ធ្វើ​កោសល្យវិច័យ​លើ​ក្រដាស​កិច្ចកា​បេក្ខជន​តវ៉ា​ឲ្យ​បាន​សុក្រឹត​ និង​ឆាប់​បាន​ប្រកាស​លទ្ធផល​ខណៈ​បច្ចុប្បន្ននេះ​បេក្ខជន​កំពុង​ចង់ដឹង​លទ្ធផល​ប្រឡង​ឡើងវិញ​យ៉ាង​អន្ទះសា​។

ប្អូនប្រុស រំពឹងថា​ ក្រោយពី​ក្រសួង​ពិនិត្យ​លទ្ធផល​ឡើងវិញ​នោះ​មុខវិជ្ជា​ភាសា​ខ្មែរ ​និង​គណិតវិទ្យា​របស់​ប្អូន​ដែល​បាន​តវ៉ា​ នឹង​ទទួលបាន​និទ្ទេស A ដូច​មុខវិជ្ជា​ផ្សេងទៀត ​ដែល​ប្អូន​ទទួលបាន​អីចឹង​ដែរ​។

ក្រសួង​អប់រំ​បានសម្រេច​បង្កើត​គណៈកម្មការ​ពិនិត្យ​និង​ដោះស្រាយ​ការតវ៉ា​លទ្ធផល​ប្រឡង​បាក់​ឌុប​នេះ​បន្ទាប់ពី​មាន​បេក្ខជន​មួយចំនួន​តូច​បានធ្វើកា​តវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​របស់​ពួកគេ​ដោយមាន​បេក្ខជន​ខ្លះ​តវ៉ា​ឲ្យ​ក្រសួង​អប់រំ​សើរ​រើ​លទ្ធផល​ប្រឡង​ឡើងវិញ​និង​បេក្ខជន​ខ្លះទៀត​ចង់​ឲ្យ​ក្រសួង​ពិនិត្យ​ឡើង​វិញ​នូវ​មុខវិជ្ជា​មួយចំនួន​ដែល​ពួកគេ​ទទួលបាន​និទ្ទេស​មិនសូវ​ល្អ​ដូចជា​គណិតវិទ្យា ភាសា​ខ្មែរ​ និង​មុខវិជ្ជា​ផ្សេងៗ​ទៀត​ជាដើម។

កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ ក៏មាន​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុប មួយ​ចំនួន​បានធ្វើ​ការតវ៉ា​លទ្ធផល​ប្រឡង​ដែរ​ហើយ​ក្រសួង​អប់រំ​បាន​រកឃើញ​ថា បញ្ហា​ទាំងនេះ​ គឺ​បណ្តាល​មកពី​កំហុស​បច្ចេកទេស​កុំព្យូទ័រ។

គួរ​បញ្ជាក់ថា ​លទ្ធផល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០ ១៩​នេះ ក្រសួង​អប់រំ ​ទើបបាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៩-១០ ខែ​កញ្ញា ឆ្នាំ​២០១៩​កន្លងទៅ​ ដោយ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​៧៩,០៥២​នាក់ ស្មើនឹង​៦៨.៦២​ភាគរយ ក្នុងនោះ​សិស្ស​ជាប់​និទ្ទេស A ចំនួន៤៤៣​នាក់​, ជាប់​និទ្ទេស B ចំនួន​២៤៣០​នាក់​, ជាប់​និទ្ទេស C ចំនួន​៥៨៤៧​នាក់​, ជាប់​និទ្ទេស D ចំនួន ១៤១០០​នាក់ និង​និទ្ទេស E ចំនួន​៥៦២៣២​នាក់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114