ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ជិត​១០០​នាក់ ​​នាំគ្នា​មក​ឈរ​មុខ​សាលា​ខេត្ត​សៀមរាប ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ ជួយ​អន្តរាគមន៍​បញ្ឈប់​ក្រុមហ៊ុន​ឈូស​ឆាយដី​អាង​ស្តុក​ទឹក​របស់​រដ្ឋ

សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ មាន​ពលរដ្ឋ​១០០​នាក់ បាន​នាំ​គ្នា​មក​ឈរ​មុខ​សាលា​ខេត្ត​សៀមរាប ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ ជួយ​អន្តរាគមន៍​បញ្ឈប់ ក្រុមហ៊ុន​ឯកជន​ចំនួន​២​ដែល​បាន​ឈូស​ឆាយ​ដី ក្នុង​បរិវេណ​អាង​ស្តុក​ទឹក​របស់​រដ្ឋ​លើ​ផ្ទៃ​ទំហំ​២៧០​ហិកតា​ ក្នុង​សង្កាត់​សៀមរាប និង​សង្កាត់​ស្វាយដង្គំ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​ហៅ​សហគមន៍​ដីធ្លី​ និង​ពលរដ្ឋ​ទាំងនោះ​ចូលទៅ​សាលា​ខេត្ត​ដើម្បី​រក​ដំណោះស្រាយ​ក្នុង​សាលា​ប្រជុំ​សាលាខេត្ត​ដើម្បី​ជួបគ្នា​រក​ដំណោះស្រាយ។ ពលរដ្ឋ​ទាំងនោះ​មកពី​សង្កាត់​ស្វាយដង្គំ​,​សង្កាត់​សៀមរាប ​និង​សង្កាត់​សំបួរ ដែល​ដឹកនាំ​ដោយ​លោក​គ្រំ វ៉េ​ត ប្រធាន​សហគមន៍​ដីធ្លី​ភ្នំ​ក្រោម និង​មាន​មកពី​ភូមិ​តា​ពេន ឃុំ​ត្បែង​ស្រុក​បន្ទាយស្រី ដឹកនាំ​ដោយ​លោកស្រី​សុ​ភី ប្រជាពលរដ្ឋ​សរុប​រួម​ចំនួន​៦១​នាក់​ស្រី​១៤​នាក់។

ពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​មកនេះ​គឺ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​និង​ខេត្ត ជួយ​ដោះស្រាយ​កង្វល់​របស់​ពួកគាត់​។ ក្រុមការងារ ​នៃ​សាលាខេត្ត​ បាន​អញ្ជើញ​ឲ្យ​ពួកគាត់​ចូល​សាលប្រជុំ​បន្ទប់​លេខ​១ ដើម្បី​សួរនាំ ដោយមាន​លោក​សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ចូលរួម​សម្របសម្រួល​ផងដែរ។​

ពលរដ្ឋ​បន្តថា ពួកគាត់​បាន​សំណូមពរ​ដូចជា​៖​ស្នើ​ឲ្យ អាជ្ញាធរ​ក្រុង​/​ខេត្ត ជួយ​រក្សា​ការពារ​តំបន់​អាង​ទឹក​ជាយ​ឫស្សី ខាងលើ​ទំនប់​៧៨​ដែលជា​សម្បត្តិ​សាធារណៈ រួម ៖​
ទី​១​-ការពារ​ព្រៃ​លិច​ទឹក និង​មាន​វិធានការ​ចំពោះ​ក្រុម​ដែល​ទន្ទ្រាន ព្រៃ​លិច​ទឹក​
ទី​២-​ស្នើ​ឲ្យ​អាជ្ញាធរ ជួយ​អន្តរាគមន៍​បញ្ឈប់ ការឈូសឆាយដី ក្នុង​បរិវេណ​អាង​ស្តុ​ប​ទឹក​របស់​រដ្ឋ​លើ​ផ្ទៃ​ទំហំ​២៧០​ហិកតា​ ដែល​ក្រុមហ៊ុន​ឯកជន​រំលោភ​យក នៃ​ផ្ទៃដី​សរុប​១០៩៦​ហិកតា នៃ​ផ្ទៃ​អាងទឹក​រួម​ដែល​ស្ថិតក្នុង​សង្កាត់​សៀមរាប និង​សង្កាត់​ស្វាយដង្គំ
ទី​៣​-ស្នើ​ឲ្យ​ក្រុមហ៊ុន​កាយ​ដី​ហើយ​ឲ្យ​លប់​ដី​ឲ្យ​រាបស្មើ​ដូចដើម​វិញ
ទី​៤-និរាករណ៍ រាល់​លិខិត​របស់​ក្រុមហ៊ុន ដែល​មាន​ភាពខុស​ប្រក្រតី​ គឺ​ក្រុមហ៊ុន អូន មន្នី និង​ក្រុម​ហ៊ុន យ៉ែម រ​ច​នី្ន​។

មន្ត្រី​សាលាខេត្ត​បាន​ឲ្យ​ដឹងថា ខ្លឹមសារ​សម្របសម្រួល ដោយ​លោក សុខ ថុល សូម​ឲ្យ​អាជ្ញាធរ​ទាំង​បី​សង្កាត់​បញ្ចប់​ការ​ឈូស​ឆាយ។

មើល​លិខិតស្នាម​នៃ​ការកាន់កាប់​ដីធ្លី​សិន​(​ក្រុមហ៊ុន​ឈូស​ឆាយ​)​ និង​យក​សំណើ​ជូន​លោក​អភិបាល​ខេត្ត​ ដើម្បី​ពិនិត្យ​ និង​សម្រេច​។​

ក្រុមការងារ​ខេត្ត​សៀមរាប​ និង​ចុះ​ទៅ​ពិនិត្យ ស្ថានភាព​ទីតាំង​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ជាក់​ស្ដែង ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​រួច​។ ​ទុកពេល​ពិនិត្យមើល​លើ​ឯកសារ ដែល​ពាក់ព័ន្ធ​ប្រជាជន​ ព្រម​ទទួល​យក​ការ​ដំណោះស្រាយ​របស់​លោក សុខ ថុល ​និង​បាន​វឹល​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114