ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាកសិករ រូតរះ​ប្រមូល​ផលដំណាំ​យក​ទៅ​លក់​នៅ​ទីផ្សារ​នា​រដូវ​ភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ប្រជាកសិករ​រស់នៅ​ភូមិ​ស្វាយ​តា​អុក ​សង្កាត់​វាល​ស្បូវ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​បាន​និយាយប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៧​កញ្ញា​នេះថា​  ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ​ប្រជាកសិករ​ទាំង​នាំគ្នា​រូតរះ​ប្រមូល​កសិផល​ដើម្បី​យកទៅលក់​នៅ​ទីផ្សារ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។

ប្អូនប្រុស​អ៊ុន ណា​រ៉ា​ន់​ ដែលជា​កសិករ​នៅ​ភូមិ​ស្វាយ​តា​អុក​សង្កាត់​វាល​ស្បូវ​បាន​ឲ្យ​ដឹងថា ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ អ្នកចម្ការ​ទាំងអស់​បាន​នាំគ្នា​រូតរះ​បេះ​បន្លែ​ផ្លែឈើ​យកទៅលក់​នៅ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​ផ្សារ​នាគ​មាស​។​ ដំណាំ​របស់​ប្អូន ​គឺ​ស្ពៃ​ចង្កឹះ ហើយ​ការដាំដុះ​ស្ពៃ​នេះ​ទាំង​ចាប់ផ្ដើម​បណ្ដុះ​រហូតដល់​បាន​កាត់​យកទៅលក់​នេះ​ គឺមាន​រយៈពេល​២៦​ថ្ងៃ។

ប្អូនប្រុស​បន្តថា​ ដោយសារតែ​ដី​នៅ​តំបន់​ដែល​ប្អូនប្រុស​កំពុង​បង្កបង្កើនផល​នេះ​ គឺជា​ដី​មាន​ជីជាតិ​ល្អ​ណាស់​ ​ហើយ​កសិករ​ទាំង​មិន​ប្រើ​ជីគីមី​នោះទេ​ ដោយ​ប្រើ​តែ​ជីធម្មជាតិ​ប៉ុណ្ណោះ​ ព្រោះ​អ្នក​ដាំ ​និង​អ្នកស្រុក​នាំគ្នា​ហូប​តែ​បន្លែ​នេះ​ទេ។

ចំពោះ​តម្លៃ​វិញ ​គឺ​ក្នុង​១​គីឡូក្រាម ​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​ថ្លៃ​២៦០០​រៀល​។​ ដល់​ឈ្មួញ​យកទៅ​ដាក់​លក់​នៅ​ផ្សារ​នាគ​មាស​មិនតិចជាង​៣៥០០​រៀល​ទេ ​ក្នុង​១​គីឡូក្រាម។

ប្រជាកសិករ​បាន​និយាយថា ​ឆ្នាំនេះ​បន្លែ​សម្បូរ​តែ​បាន​ថ្លៃ​ហើយ​ក្នុង​មួយ​ចំការៗ​ពេល​ប្រមូល​ផល​ម្តង​ៗ​បាន​ចំណេញ​មិន​ក្រោម​៣៥​លាន​រៀល ​ក្នុង​រយៈពេល​២៦​ថ្ងៃនេះ​។

គួរ​បញ្ជាក់​ថា ​ដោយសារ​បន្លែ​ក្នុង​ទីផ្សារ​តម្រូវ​ទិញ​បន្លែ​ក្នុងស្រុក​ គឺ​បានធ្វើ​ឲ្យ​ប្រជាកសិករ​ម្នាក់ៗ​ក្លាយ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ដោយ​មិនដឹង​។ ​ជាក់ស្ដែង​អ្នកចម្ការ​នៅ​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​នាំ​គ្នា​ទិញ​រថយន្ត​ទំនើបៗ​ជិះ​ទៅ​ដាំ​បន្លែ​ទៀត​ផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114