ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គីភ័យ​បាន​សម្លាប់​បុរស​ជនជាតិ​ឥស្លាម​ម្នាក់​ នៅ​ច្រាំង​ចំរេះ លោក​ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទីតាំង​ដែល​កើតមាន និង​បាន​ចូល​បុណ្យសព​៥​លាន​រៀល

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង នា​រសៀល​ថ្ងៃទី​១៧ កញ្ញា​នេះ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ទីតាំង​ដែល​រង​គ្រោះ​អគ្គីភ័យ ​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃទី​១៧​កញ្ញា ឆ្នាំ​២០១៩​ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សី​កែវ ហើយ​ក្នុង​ឱកាស​នោះ លោក​អភិបាល​បាន​ចូល​បុណ្យ​សព​៥​លាន​រៀល ដើម្បី​ជាការ​រំលែក​ទុក្ខ​ផងដែរ​។

​ពាក់ព័ន្ធ​នឹង​គ្រោះ​អគ្គីភ័យ​នេះ បើ​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​ឲ្យ​ដឹងថា គ្រោះ​អគ្គីភ័យ​នេះ​ផ្តើម ចេញពីផ្ទះ​ដែលមាន​ម្ចាស់​ឈ្មោះ ហ៊ីម ហាយ​គីម​មាស ភេទ​ស្រី អាយុ​២៤​ឆ្នាំ​មុខរបរ​កម្ម​ការ​នី​រោងចក្រ​។ គ្រោះ​អគ្គីភ័យ​នេះ បាន​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ឈ្មោះ ហ៊ីម ប៉ា​សារី អាយុ​២៥​ឆ្នាំ ភេទ​ប្រុស​ដែល​ជា​ជនពិការ​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង ភ្លើង និង​ក្មេងប្រុស​ម្នាក់ទៀត​រងរបួស​។ ផ្ទះ​មួយ​ខ្នង​ថ្ម​ក្រោម ឈើ​លើ​ប្រក់​ស័ង្កសី ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​បាន​ឆេះ​អស់ទាំង​ស្រុង និង​ឆេះ​អស់​៥០%​ចំនួន​២​ខ្នង​ផ្សេងទៀត​។

អ្នកដឹង​ហេតុ​ការ​ណ៍​បញ្ជាក់​ថា គ្រោះ​អគ្គីភ័យ​នេះ​កើតឡើង​ដោយ មាន​មនុស្ស​លេង​ភ្លើង​បណ្តា​យ​ឲ្យ​ឆេះ​ផ្ទះ​តែម្តង​។​ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ​រួមទាំង​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​១៦ គ្រឿងក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ក្រុមហ៊ុន​OCIC ចំនួន​៦​គ្រឿង​,​រថយន្ត​របស់​បុរី​វិមាន​ភ្នំពេញ​ចំនួន​២​គ្រឿង​, រថយន្ត​របស់​ក្រុមហ៊ុន​ប្រេងឥន្ទនៈ​កម្ពុជា​តេ​លា​ចំនួន​១​គ្រឿង​,​និង​រថយន្ត​របស់ សាលាខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​១​គ្រឿង បានចេញ​អន្តរា​គម​ភ្លាមៗ​ដើម្បី​ជួយសង្គ្រោះ ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​នៃ​គ្រោះ​អគ្គីភ័យ​នេះ​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ដដែល​។​

ក្នុង​រយៈពេល​ថ្មីៗ​នេះ គ្រោះ​អគ្គីភ័យ​បាន​កើតមានឡើង​ផ្ទួនៗ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ផ្តើមចេញពី​ការធ្វេសប្រហែស​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114