ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ដល់​អនុសាសន៍​សំខាន់ៗ​ដល់​រដ្ឋមន្ត្រី​ការងារ CLMTV

សៀមរាប ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ដល់​អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន​ដល់​រដ្ឋមន្ត្រី​ការងារ​នៃ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ​និង​វៀតណាម​(CLMTV) ដើម្បី​សម្រេចបាន​នូវ​សេចក្តីថ្លែងការណ៍​ស្ដីពី​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV។

សម្តេច​បាន​ផ្តល់​អនុសាសន៍​នេះ​ នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ត្រី​ថ្នាក់​ រដ្ឋមន្ត្រី​ការងារ​លើក​ទី៣ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​(CLMTV)​ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​អប្សរា​ផា​ឡេស​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា​ឆ្នាំ២០១៩។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រធានបទ​“​ ការ​ឆ្ពោះ​ទៅ​កាន់​កិច្ច​គាំពារ​ពលករ​ទេសន្តរប្រវេសក៍​នៅ​ក្នុង​ប្រទេស CLMTV ៖​កិច្ច​សហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​” និង​រំពឹង​ទុក​ថា ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​នា​ពេល នេះ​នឹង​ឈាន​ដល់​ការ​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​សៀមរាប​ស្តី​ពី​ផែនទី​បង្ហាញ​ផ្លូវ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការចេញ​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការងារ​ស្ដីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសក៍​នៃ​ប្រទេស CLMTV​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​ដូចជា ៖ ១. អង្គ​សន្និសីទ​ទាំងមូល​សូម​ធ្វើការ​ពិភាក្សា ដោយ​ឈរ​លើ​គោលនយោបាយ​ជាតិ ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ និង ភាព​បត់បែន​តាម​បរិបទ​នៃ​ប្រទេស​នីមួយៗ​ក្នុង​គោលដៅ​ឈាន​ទៅ​ដល់​ការ ដាក់​ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការងារ​ស្តី​ពី​ចល័ត​ភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសក៍​នៃ​ប្រទេស CLMTV​។ ២. អង្គ​សន្និសីទ​សូម​ប្រើប្រាស់​គ្រប់​យន្តការ​នៃ​កិច្ចពិភាក្សា​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការងារ​ស្តីពី​ចល័ត​ភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសក៍​នៃ​ប្រទេស CLMTV តាម​ផែន​ការដែល​បាន​គ្រោង​ទុក។ ៣.​សូម​បន្ត​ពង្រឹង​និង​ពង្រីក​ការអនុវត្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​កាន់តែ​ស៊ីជម្រៅ​ចំណោម​ប្រទេស CLMTV និង ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ធានា​ពី​ការ​ការពារ​សិទ្ធិ​និង​អត្ត​ប្រយោជន៍​របស់​ពលករ​ទេសន្តរប្រវេសន៍​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ថា ការ​ធ្វើ​ទេសន្តរប្រវេសក៍​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​គឺជា​ចរន្ត​សកល​មួយ​ដែល​កំពុង តែ​ជះឥទ្ធិពល​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​។ មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឲ្យ​ការ​ធ្វើ​ទេសន្តរប្រវេសក៍​ការងារ​ចេះតែ​កើនឡើង​ជាអាទិ៍ កម្លាំង​ពលកម្ម​ដែល​គ្រប់​អាយុ​ធ្វើ​ការងារ​មិនអាច​រក​ការងារ​បាន​ធ្វើ​ទៅតាម​សមត្ថភាព​និង​ជំនាញ​របស់​ខ្លួន​ការប្រែប្រួល​ផ្នែក​ប្រជាសាស្ត្រ​កត្តា​សង្គម​សេដ្ឋកិច្ច នយោបាយ និង​គម្លាត​ខុសគ្នា​នៃ​ប្រាក់​ឈ្នួល​រវាង​ប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ល​។ កន្លងមក​ការ​ធ្វើ​ទេសន្តរប្រវេសក៍ ការងារ​កើតឡើង​តែ​រវាង​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​គ្នា​ប៉ុណ្ណោះ​ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ​ដោយសារ​មធ្យោបាយ​ទទួល​ព័ត៌មាន​ក្នុង​ពិភពលោក​កាន់តែ​ទំនើប​និង​សម្បូរ​បែប​គួបផ្សំ​នឹង​មធ្យោបាយ​ធ្វើដំណើរ​និង​ដឹកជញ្ជូន​កាន់តែ​ងាយស្រួល​និង​មានតម្លៃ​ទាប​ជាង​មុន​បញ្ហា​ភូមិសាស្ត្រ​លែង​ជា​ឧបសគ្គ​ដល់​ការ​ធ្វើ​ចំណាកស្រុក​របស់​មនុស្ស​ទៀតហើយ។

ក្នុងនាម​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​យើង​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ សុខទុក្ខ​របស់​ពលករ​ទេសន្តរប្រវេសក៍​ទាំងអស់​ដោយ​បាន​អនុវត្ត​គោលនយោបាយ​សម្រាប់​ការពារ ការ​គោរព​សិទ្ធិ​និង​លក្ខខណ្ឌ​ការងារ​ស្របតាម បទដ្ឋាន​អាស៊ាន​និង​លិខិតុបករណ៍​អន្តរជាតិ​ដោយ​ចាត់​ទុក​ការអនុវត្ត​សិទ្ធិ​ការងារ​និង​កិច្ច​គាំពារ​សង្គម​គឺជា​ការអនុវត្ត​សិទ្ធិមនុស្ស​។

គួរ​រំលឹក​ថា ​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង ៥ បាន​ផ្តួច​ផ្តើម​គិតគូរ​អំពី​ចល័ត​ភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ ទេសន្តរប្រវេសក៍​ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​ពលករ​នៅតែ​ទទួល​បាន​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម​ទោះបី​ពួកគេ​ផ្លាស់​ទីកន្លែង​ធ្វើការ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ឬ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ក៏ដោយ​។ ចំណុច​នេះ​មិនមែន​ជា​គោលបំណង​ដោយឡែក​របស់​កម្ពុជា​នោះ​ទេ ​ប៉ុន្តែ​ជា​គោល បំណង​រួមគ្នា​នៃ​បណ្តា​ប្រទេស​CLMTV ក៏ដូចជា​សហគមន៍​អាស៊ាន​និង​បណ្តា​ប្រទេស​នានា​លើ​សកលលោក​ផង​ដែរ​។ ដោយឡែក​ក្នុងនាម​ជា សមាជិក​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​នៃ​ប្រទេស CLMTV ព្រះរាជាណាចក្រ​កម្ពុជា​សូម​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​គំនិត ផ្តួចផ្តើម​នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​និង លិខិតបទដ្ឋាន​គតិយុត្តិ​ជាច្រើន ​ដើម្បី​គាំពារ​សិទ្ធិ​និង​អត្ថប្រយោជន៍​ទាំង​ពលករ​ទេសន្តរប្រវេសក៍​កម្ពុជា​ដែល​ទៅ​ធ្វើ​ការ​នៅ​បរទេស​ទាំង​ពលករ​ទេសន្តរប្រវេសក៍​បរទេស​ដែល​មក​ធ្វើការ​នៅ​កម្ពុជា។

ទន្ទឹម​នឹង​បទប្បញ្ញត្តិ​ជាតិ​នេះ​ កម្ពុជា​បាន​ធ្វើ​និង​កំពុង​អនុវត្ត​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ការងារ​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុងចំណោម​ប្រទេស​ទាំង​៤​ផងដែរ។ ទាំងនេះ​គឺជា​ការ​ចូលរួមចំណែក​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​និង​ស័ក្ដិសិទ្ធិ​ភាព​នូវ​សេចក្តីថ្លែងការណ៍​អាស៊ាន​ទីក្រុង​សេ​ប៊ូ​និង​ឯកច្ឆន្ទ​ភាព​អាស៊ាន​ទីក្រុង​ម៉ានីល និង​ជា​ការ​ជំរុញ​ឲ្យ​គោលបំណង​នៃ​ប្រទេស CLMTV ដែល​បាន​ឯកភាព​គ្នា​ពាក់ព័ន្ធ​នឹង​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​ទទួលបាន​ជោគជ័យ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​គោលនយោបាយ​ច្បាស់លាស់​ទាក់ទង​នឹង​ទេសន្តរប្រវេសក៍​ការងារ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤​ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​ដែល​បាន​ផ្តោត​ការ​យកចិត្ត ទុកដាក់​យ៉ាង​ខ្លាំង​លើ​កំណែទម្រង់​គ្រប់​វិស័យ​និង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី​មួយចំនួន​រួមមាន​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង ការងារ​(២០១៥-២០២៥),​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​(២០១៥ -២០២៥), គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (២០១៧-២០២៥), គោលនយោបាយ​ស្តី​ពី​ទេសន្តរប្រវេសក៍​ការងារ​សម្រាប់​ប្រទេស​កម្ពុជា (២០១៩-២០២៣)​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​(២០១៩-២០២៣) ជាពិសេស​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​(២០១៦-២០២៥) ដែល​រួមចំណែក​ក្នុងការ​គាំពារ​ពលករ​ទេសន្តរប្រវេសក៍​។

ក្នុង​ការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អភិវឌ្ឍ​របប​សន្តិសុខ​សង្គម និង ប្រព័ន្ធ​ជំនួយ សង្គម។ សម្រាប់​របប​សន្តិសុខ​សង្គម​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​បាន​គិត​គូរ​ដល់​មន្ត្រី​រាជកា​រ​សាធារណៈ កម្មករ​និយោជិត​វិស័យ​ឯកជន ដោយ​បង្កើត​ឲ្យ​មាន​របប​ធានារ៉ាប់រង​សង្គម ផ្នែក​សុខុមាលភាព ជរាភាព ទុព្វលភាព មរណភាព និង ហានិភ័យ​ការងារ ដើម្បី​ធានា​បាន​នូវ​សន្តិ សុខ​ប្រាក់ចំណូល​បង្កើន​ផលិតភាព​ការងារ​និង​យុត្តិធម៌​សង្គម។

ជា​លទ្ធផល​កម្ពុជា​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​របប​ហានិភ័យ​ការងារ​ថែទាំ​សុខភាព​និង​សោធន​និវត្តន៍​ដែល​គ្រប​ដណ្តប់​លើ​សហគ្រាស គ្រឹះស្ថាន ផ្នែក​ផលិតកម្ម ផ្នែក​សេវាកម្ម និង​ផ្នែក​សាធារណៈ​ស្ទើរតែ​១០០%​ នៃ​កម្មករ​និយោជិត​និង​មន្ត្រី​សាធារណៈ​។​ ទន្ទឹម​នឹង​នេះ​កម្ពុជា​កំពុង រៀបចំ​និង​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​នៅ​ឆ្នាំ​២០១៨​នេះ ដើម្បី​ពង្រីក​វិសាលភាព​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ស្វ័យ និយោជិក និង​ពលករ​ទេសន្តរប្រវេសក៍​ផង​ដែរ​។ តាមរយៈ​របប​សន្តិសុខ​សង្គម​កម្ពុជា​នឹង​មាន​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​កាន់តែ​ប្រសើរ​ឡើង​ដែល ជួយ​ដល់​ការអភិវឌ្ឍន៍​សុខុមាលភាព​សង្គម​ជូន​ដល់​កម្មករ​និយោជិត​និង​មន្ត្រី​សាធារណៈ​និង​ធ្វើ​ឲ្យ​សង្គម​កាន់តែ​មាន​សមធម៌​។ ​តាមរយៈ​ក្របខ័ណ្ឌ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ទទួលបន្ទុក​វិស័យ​ការងារ​នៃ​ប្រទេស​ទាំង​៥ និង ជាពិសេស​តាមរយៈ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​នា​ថ្ងៃនេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​និង​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​នឹង​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ដើម្បី​រួមគ្នា​សម្រេច​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​ដើម្បី​វឌ្ឍនភាព​រួម​របស់​ប្រទេស​ទាំង​៥៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114