ព័ត៍មានទាន់​ហេតុការណ៏
Search

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អង់គ្លេស ឆ្នាំ​២០១៨ មាន​ជាង​១​បី​លាន​ដុល្លារ

ភ្នំពេញ​ ៖ ការ​បញ្ជាក់​ពី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកស្រី Heather Wheeler MP អនុរដ្ឋលេខាធិការ​ស​ភា និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស​ចក្រ​ភព​អង់គ្លេស កាលពី​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​។

លោក មាស គឹម​ហេង អនុរដ្ឋលេខាធិការ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ទៅលើ​វិស័យ​ជាច្រើន ជាពិសេស​ទាក់ទង​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ ដែលមាន​ជាង​១​បី​លាន​ដុល្លារ កាលពី​ឆ្នាំមុន​។ ក្រៅ​ពី​នេះ​នៅ​កម្ពុជា ក៏​ឃើញ​មាន​ក្រុមហ៊ុន​របស់​អង់គ្លេស​បាន​ចូល​មក​បណ្តាក់​ទុន​រក​ស៊ី​ច្រើន​ផងដែរ​។ បើ​តាម​លោក មាស គឹម​ហេង ទំនិញ​ដែល​កម្ពុជា នាំទៅ​អង់គ្លេស​មាន​ដូច​ជា សំលៀកបំពាក់ ស្បែកជើង និង​កង់​ជាដើម​។

​នៅក្នុង​ជំនួប​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​កត់សម្គាល់​អំពី​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ ដោយ​កម្ពុជា​ក៏បាន​ធ្វើ​ទស្សនកិច្ច​នៅ​អង់គ្លេស ហើយ​ខាង​ភាគី​អង់គ្លេស ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ផងដែរ ដែល​មាន​បេសកជន​របស់​នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ជាដើម ព្រមទាំង​ថ្នាក់ដឹកនាំ​របស់​អង់គ្លេស​ជាច្រើន​ទៀត បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​បញ្ហា​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ​។

ជា​ការ​ឆ្លើយតប​លោកស្រី Heather Wheeler ក៏បាន​សំដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ហើយ​សង្ឃឹមថា ទំនាក់ទំនង​នេះ នឹង​វិ​វត្ត​ល្អ​ទៅ​មុខ​ទៀត​។ លោកស្រី​ក៏បាន​ចាប់អារម្មណ៍​ចំពោះ​ការរីកចម្រើន​នៅ​ប្រទេស​កម្ពុជា ជាពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច និង​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ​ទូទៅ​ នៅ​ប្រទេស​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន ដូចជា​សេរីភាព​នៃ​សារព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ជាដើម ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ៦០​ភាគរយ បាន​ប្រើប្រាស់​អ៊ីនធឺណិត ហើយ​អាច​មើល​ព័ត៌មាន​គ្រប់​ទាំងអស់​នៅ​លើ​ពិភពលោក និង​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ​ដោយ​សេរី គ្មាន​ការ​ត្រួតពិនិត្យ​។ ដែល​នេះ គឺជា​សេរីភាព​សារព័ត៌មាន​ដ៏​សំខាន់ ហើយ​សេរីភាព​សារព័ត៌មាន​នេះ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ាន កម្ពុ​ជា​មាន​លក្ខណៈ​ប្រសើរ​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅក្នុង​អាស៊ាន​។

លោកស្រី Heather Wheeler លើកឡើង​ទៀត​ថា នា​ពេល​ខាងមុខនេះ ប្រទេស​អង់គ្លេស​អាច​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប ប៉ុន្តែ​លោកស្រី​បាន​គូស​បញ្ជាក់​ថា បើទោះបីជា​អង់គ្លេស​ចេញពី​សភាព​អឺរ៉ុប​ក៏ដោយ ប្រទេស​អង់គ្លេស​នៅតែ​បន្ត​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត ដែលមាន​ការអភិវឌ្ឍន៍​តិច​ចំនួន​៤៨​ដដែល​។ លើ​បញ្ហា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​គោលជំហរ​របស់​ប្រទេស​អង់គ្លេស​មកលើ​ប្រទេស​កម្ពុជា​នេះ​។ ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​អង់គ្លេស ដែល​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ​ជាច្រើន ដូចជា​ផ្នែក​អប់រំ ដោះមីន និង​សាលា​ក្តី​ខ្មែរក្រហម​ជាដើម ដែលជា​ការ​រួម​ចំណែក​មួយ​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

ទាក់ទង​ទៅនឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​លោកស្រី​អនុរដ្ឋលេខាធិការ​សភា​បាន​បញ្ជាក់​ជំហរ​ថា អង់គ្លេស​ចង់​ឲ្យ​មានដំណើរ​ការ​សេរីភាព នៃ​ការ​ធ្វើ​នាវាចរណ៍​តាម​សមុទ្រ​ចិន​ដដែល ហើយ​សង្ឃឹមថា អាស៊ាន​ទាំងអស់ នឹង​រួមគ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ធ្វើ​នាវាចរណ៍​នេះ​ស្ថិតនៅ​ជាធម្មតា ហើយ​ចំណុច​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ទាមទារ​ចំណែក​ណាមួយ​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ហើយ​កម្ពុជា​ក៏​មិន​កាន់ជើង​ខាង​ណាមួយ​ដែរ តែ​អ្វីដែល​កម្ពុជា​ចង់បាន គឺ​ការថែរក្សា​នូវ​សន្តិភាព ស្ថិរភាព នៅក្នុង​តំបន់​ដោយ​ផ្អែកទៅលើ​គោលការណ៍​អន្តរជាតិ និង​ច្បាប់​សមុទ្រ។

ចំណែក​បញ្ហា​នៅ​អាស៊ាន លោកស្រី Heather Wheeler បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​អង់គ្លេស​ចាក​ចេញ​ផុតពី​សហគម​ន៍​អឺរ៉ុប ប្រទេស​អង់គ្លេស នឹង​ស្នើសុំ​ឲ្យ​កម្ពុជា​គាំទ្រ​អង់គ្លេស ដើម្បី​បានធ្វើ​ជា​ដៃគូ​ចរចា​របស់​អាស៊ាន​នាពេលខាងមុខ​។ ចំណុច​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​សំណើ​នេះ ដោយបាន​បញ្ជាក់​ថា កម្ពុជា​នឹង​គាំទ្រ​នៅពេល​មាន​សំណើ​ពី​ចក្រភព​អង់គ្លេស​។

ទាក់ទង​ទៅនឹង​ការផ្ដល់​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នេះ​ដែរ លោក មាស គឹម​ហេង បាន​អះអាងថា កម្ពុជា​នៅតែមាន​ក្តីសង្ឃឹម ពីព្រោះ​មកដល់​ពេល​បច្ចុប្បន្ននេះ ប្រទេស​អង់គ្លេស​នៅតែ​ផ្ដល់​ការសន្យា​ក្នុង​ការផ្តល់​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស ដែលមាន​ការអភិវឌ្ឍ​តិចតួច សរុប​មាន​ចំនួន ៤៨ ប្រទេស ហើយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ហើយ​លោក​ជឿជាក់​ថា នៅ​ពេល​ដែល​អង់គ្លេស​នៅតែ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា គឺជា​ចំណុច​វិជ្ជមាន​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​បច្ចុប្បន្ននេះ បើ​យើង​គិត​ពី​ការ​នាំ​ទំនិញ​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​សហគមន៍​អឺរ៉ុប គឺ​បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់ គឺ​ចក្រភព​អង់គ្លេស ដែល​អាល្លឺម៉ង់​មាន​ជាង​១​ពាន់​លាន​ដុល្លារ ហើយ​ទៅ​អង់គ្លេស​ក៏​ជាង​១​ពាន់​លាន​ដុល្លារ​ផង​ដែរ ដូច្នេះ​បើ​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប ហើយ​នៅតែ​បន្ត​ផ្ដល់​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា យើង​យល់ថា មិន​មាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នោះ​ទេ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114