ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង បង្ហាញ​ទស្សនៈ​បែបណា​ក្រោយ​ចប់​សប្តាហ៍​ទី ២២

ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​ថ្ងៃអាទិត្យ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅ បាន​បំបាក់​យុវជន​សាលា​បាល់ទាត់​ជាតិ ដោយ​លទ្ធផល ៧-០ ក្នុងការ​ប្រកួត​សប្តាហ៍​ទី ២២ នៃ​លី​គ​កំពូល​កម្ពុជា និង​បន្ត​កំណត់ត្រា​មិនដែល​ចាញ់ ទាំង ២២​ប្រកួត​។

បង្ហាញ​ចំណាប់អារម្មណ៍​ក្រោយ​ក្រុម​ទទួល​បាន​ជ័យជម្នះ និង​កាន់តែ​ខិតជិត​ចំណុច​ដែល​ត្រូវ​គ្រង​ជើងឯក គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង លោក Cornor Nestor បាន​ថ្លែងថា “ វា​ជា​ជ័យជម្នះ​ដ៏​ធំ​មួយ ប៉ុន្តែ​យើង​មានគុណ​សម្បត្តិ​ក្នុង​ការ​លេង​ប្រព័ន្ធ​របស់​យើង ដែល​នាំ​ឲ្យ​ក្រុម​នេះ​ទទួល​បាន​លទ្ធផល ឈ្នះ​២៥ និង​ស្មើ​៤ ចាប់តាំងពី​យើង​ចាញ់​ការប្រកួត​ចុងក្រោយ កាលពី​រដូវ​កាល​២០១៨ ”។

គួរ​រំលឹក​ថា គិត​ត្រឹម ២២​ប្រកួត​នៃ​លី​គ រដូវ​កាល​នេះ ព្រះខ័ន​រាជ​ស្វាយរៀង​ប្រកួត​ឈ្នះ ១៨​លើក ស្មើ ៤ មិនដែល​ចាញ់​សោះ មាន ៥៨​ពិន្ទុ ស៊ុត​បញ្ចូល​ទី​គូប្រកួត ៧៦ និង​របូត​វិញ ១៤​គ្រាប់ ខណៈដែល​ពួកគេ​នៅសល់ ៤​ប្រកួត​ទៀត ដែល​ត្រូវ​លេង​បញ្ចប់​លី​គ គឺជា​មួយ វិសាខា ក្រសួងការពារជាតិ អាស៊ី​អឺរ៉ុប និង ណាហ្គា​វើ​ល ។ បច្ចុប្បន្ន ពួកគេ​មាន​គម្លាត ៨​ពិន្ទុ​ពី​គូប្រជែង វិសាខា (៥០​ពិន្ទុ​) និង ១១​ពិន្ទុ ក្រុម​ការពារ​តំណែង​ជើងឯក ណាហ្គា​វើ​ល ( ៤៧​ពិន្ទុ ) ។

ប្រសិន​ពួកគេ​អាច​គ្រង​ជើងឯក​លី​គ ដោយ​មិន​មាន​បរាជ័យ នោះ ព្រះខ័ន​រាជ​ស្វាយរៀង នឹងធ្វើ​ដូច​ណាហ្គា​វើ​ល ដែល​ធ្លាប់​ធ្វើ​កាលពី​ឆ្នាំ ២០០៧ (​ឈ្មោះ​ពីមុន ណាហ្គា​ខ​ប​) ដោយ​គ្រានោះ សមាសភាព​ក្រុម​ចូលរួម​ត្រឹមតែ ៨​ក្រុម​ប៉ុណ្ណោះ ដែល​ពួកគេ ឈ្នះ ១២​លើក និង​ស្មើ ២​លើក មាន ៣៨​ពិន្ទុ។

រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ជើងឯក​លី​គ​ចុងក្រោយបង្អស់​កាលពី​ឆ្នាំ ២០១៣ ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ២ ក្នុង​វគ្គ​សន្សំ​ពិន្ទុ និង​ឈ្នះ​វគ្គ​ជម្រុះ​ដណ្តើមពាន​រង្វាន់ ៤-៣ ទល់នឹង ភ្នំពេញ​ក្រោ​ន និង ១-០ ទល់នឹង បឹងកេត៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114