ព័ត៍មានទាន់​ហេតុការណ៏
Search

AFC U-16 ៖ កម្ពុជា បើកឆាក​ជួប ម៉ាឡេស៊ី ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​កម្រិត​អាស៊ី​

ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​កម្រិត​អាស៊ី AFC U-16 Championship 2020 នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៨ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ​តទៅ​ហើយ សម្រាប់​ពូ​ល J ដែលមាន​កម្ពុជា ម៉ាឡេស៊ី ជប៉ុន និង ឡាវ ត្រូវ​ប្រកួតប្រជែង​ដណ្តើម​កៅអី​ទៅកាន់​ជុំ​ចុងក្រោយ​។

បើកឆាក​ថ្ងៃ​ប្រកួត​ទីមួយ កម្ពុជា ជួប​ម៉ាឡេស៊ី វេលា​ម៉ោង ៦ និង​៣០​នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុងប្រទេស​ឡាវ ស្រប​ពេលដែល ជប៉ុន ជួប​ម្ចាស់ផ្ទះ ម៉ោង ៣​រសៀល។

ព័ត៌មាន​អំពី​ក្រុមយុវជន​កម្ពុជា​
កម្ពុជា បាន​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ជាមួយ​សមាសភាព​កីឡាករ ២៣​រូប ព្រមទាំង​ក្រុមការងារ​គ្រូ​បង្វឹក ដឹកនាំ​ដោយ​លោក Inoui Kazunori ។ មុន​ការប្រកួត​នេះ កម្ពុជា ទើប​បញ្ចប់​បេសកកម្ម​នៃ​ពានរង្វាន់ ១ គឺ AFF U-15 ដែល​កាលនោះ​ធ្លាក់​ក្នុង​ពូ​ល ក្រោយ​ស្មើ ១​និង​ចាញ់ ៤​ប្រកួត​។ ក្នុង​ឆ្នាំ​២០១៩​នេះ​ផងដែរ ពួកគេ​ក៏ត្រូវ​បាន​អញ្ជើញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​មួយ​ក្នុងប្រទេស​ចិន និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ ៧ ប្រកួត ៤​លើក ឈ្នះ ១ ចាញ់ ៣។

ព័ត៌មាន​អំពី​ក្រុមយុវជន​ម៉ាឡេស៊ី​
ម៉ាឡេស៊ី ទើបតែ​គ្រង​ជើងឯក AFF U-15 Championship 2019 ថ្មីៗ​នេះ​ទេ ដោយ​ប្រកួត ឈ្នះ ៥ និង​ស្មើ ២​លើក។ ក្នុង​វគ្គ​ជម្រុះ AFC U-16 កាលពី​ឆ្នាំ ២០១៨ ម៉ាឡេស៊ី មានឱកាស​ឡើង​ទៅ​ជុំ​ចុងក្រោយ តែ​ខកខាន​មិន​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ពូ​ល ដោយ​ប្រកួត​ឈ្នះ ១​និង​ចាញ់ ២ ក្នុង​ពូ​ល​រួមជាមួយ ជប៉ុន​, តាជី​គី​ស្ថាន និង ថៃ។

​ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ទាំងពីរ​៖
កាលពី​ថ្ងៃ​ទី៣០ ខែ កក្កដា ឆ្នាំ ២០១៩ ម៉ាឡេស៊ី បាន​យកឈ្នះ កម្ពុជា ២-០ ក្នុង​ពូ​ល B នៃ​ពានរង្វាន់ AFF U-15 Championship នៅ​ប្រទេស​ថៃ។

កាលពី​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៧ ម៉ាឡេស៊ី យកឈ្នះ កម្ពុជា ៤-២ ក្នុង​ពូ​ល B នៃ​ពានរង្វាន់ AFF U-15 Championship នៅ​ប្រទេស​ថៃ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114