ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​សម្តេច​ហ៊ុនសែន​ ៖ តើ វិសាខា ឬ​បឹងកេត នឹង​ក្លាយជា​បេក្ខភាព​វគ្គ​ផ្តាច់ព្រ័ត្រ ?

​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ៦​ល្ងាច សម្រាប់​គូ​ទី​១ វិសាខា ទល់នឹង បឹងកេត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

ព័ត៌មាន​អំពី​ក្រុមបាល់ទាត់​វិសាខា
វិសាខា ចាប់​តាំង​ពី​ក្លិប​ត្រូវ​បាន​បង្កើត​ឡើង ពួកគេ​ចូលរួម​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ១​លើក​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ ២០១៨ ដោយ​កាល​នោះ​បាន​ធ្លាក់​ចេញពី​វគ្គ ១៦​ក្រុម​ចុងក្រោយ ក្រោយ​ប្រកួត​ចាញ់ ព្រះខ័ន​រាជ​ស្វាយរៀង ២-១ នៃ​លទ្ធផល​ទាំងពីរ​ជើង។

ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​បណ្តោះអាសន្ន Tunji Akeep បង្ហាញ​ជំនឿ​ចិត្ត​ថា ក្រុម​របស់លោក​មាន​ពេល​គួរសម​ដែរ​សម្រាប់​ការត្រៀមខ្លួន​មុន​ប្រកួត​ដ៏​សំខាន់​នេះ។

​កីឡាករ​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​វិសាខា គឺ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង។ សុខ​ផេង​ក្នុង​វគ្គ​ជម្រុះ ពានរង្វាន់​សម្តេច ហ៊ុន សែន កន្លងមក រក​បាន​៤​គ្រាប់ ខណៈ​ដែល​រូបគេ​តែង​បង្ក​ភាព​លំបាក​ដល់​តំបន់​ការពារ​របស់​គូប្រកួត​ជារឿយៗ​។

ព័ត៌មាន​អំពី​ក្រុមបាល់ទាត់​បឹងកេត
ចាប់តាំងពី​បង្កើត​ក្លិប​មក បឹងកេត ចូលរួម​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន រហូត គឺ​ចាប់តាំងពី​ឆ្នាំ២០១២ ជា​ឆ្នាំ​ដែល​ពួកគេ​លើក​ពាន​លី​គ​កំពូល​កម្ពុជា។ យ៉ាងណាមិញ ពួកគេ​មិន​ធ្លាប់​ស្គាល់​រសជាតិ​ពាន​សម្តេច ហ៊ុន សែន ឬ ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ឡើយ តែ​ផ្ទុយទៅវិញ ធ្លាប់​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ឆ្នាំ ២០១៧ និង​ទទួល​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ៣ ។

​ក្រោម​ការដឹកនាំ​របស់​លោក ហៅ សុជាតិ លោក​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា ការប្រកួត​ដែល​លេង​តែ​កីឡាករ​ខ្មែរៗ​ដូចគ្នានេះ ការ​លេង​នឹង​មិន​លើសខ្វះ​គ្នា​ពេក​ឡើយ​សម្រាប់​ក្រុម​ទាំងពីរ ហើយ​លោក​សង្ឃឹមថា​កីឡាករ នឹង​បំពេញ​តួនាទី​បានល្អ។

កីឡាករ​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​បឹងកេត គឺ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា​។ ត្បិត​តែ​រូបគេ​ខកខាន​មិនអាច​រក​គ្រាប់​បាល់​បាន​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ក្នុង​លី​គ តែ វឌ្ឍនាកា រក​បាន ៦​គ្រាប់​ហើយ ក្នុង​វគ្គ​ជម្រុះ​កន្លងមក។ ជឿជាក់​ថា ក្នុង​ការ​ប្រកួត​នេះ រូបគេ​នឹង​ក្លាយ​ជា​ក្តី​កង្វល់​របស់​ខ្សែ​ការពារ​វិសាខា៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114