ព័ត៍មានទាន់​ហេតុការណ៏
Search

អនុប្រធាន​ធនាគារ​ពិភពលោក​ទទួល​បន្ទុក​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

ភ្នំពេញ ​៖ ​លោកស្រី វិច​តូ​រៀ ខ្វា​ខ្វា (Victoria Kwakwa) អនុប្រធាន​ធនាគារ​ពិភពលោក​ទទួល​បន្ទុក​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​. បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ​កម្ពុជា​កំពុង​ស្ថិត​លើ​គន្លង​ផ្លូវ​ដែល​ឈាន​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​និរន្តរភាព​។

ការ​ថ្លែង​របស់​លោកស្រី​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រ​ម៉ាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ទី​១៦​កញ្ញា​នៅ​ទីស្តីការ​ក្រសួង ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ​នាឱកាស​នេះ លោកស្រី បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ​កម្ពុជា​កំពុង​ស្ថិត​លើ​គន្លង​ផ្លូវ​ ដែល​ឈាន​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​និរន្តរភាព​។

ឆ្លៀត​យក​ឱកាស​នេះ លោកស្រី​បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​គម្រោង​វិនិយោគ​ហិរញ្ញប្បទាន​ដោយ WB ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា និង​ពិភាក្សា​ស្ថិត​ក្នុង​ខណ្ឌ​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង WB ឆ្នាំ២០១៩-២០២៣ ដែល​ក្រុម​ប្រឹក្សានាយក​ប្រតិបត្តិ WB បាន​អនុម័ត​រួច​មក​ហើយ​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​។

ដោយឡែក ជំនួប​ជា មួយ​លោក​រដ្ឋមន្ត្រី​នា​ពេល​នេះ​ គឺ​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ការវិវឌ្ឍន៍​រីកចម្រើន​របស់​វិស័យ​កសិកម្ម និង​ធ្វើការ​ចែករំលែក​បទពិសោធន៍​ទាក់ទង​ការអនុវត្ត​គម្រោង លទ្ធផល និង​បញ្ហា​ប្រឈម​នានា ដែល​ក្រសួង​បាន​ជួបប្រទះ​ក្នុងអំឡុងពេល​អនុវត្ត​គម្រោង និង​សេចក្តីត្រូវកា​រលើ​កំណែទម្រង់​ដែល​តម្រូវ​ឲ្យ​គម្រោង​ដែល​ស្ថិត​នៅ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់ WB ធ្វើការ​កែតម្រូវ​បន្ថែម​។ ឆ្លៀត​យក​ឱកាស​នេះ លោកស្រី​ក៏បាន​វាយតម្លៃ​លើ​សមិទ្ធផល​របស់​គម្រោង​ដែល​អន្តរក្រសួង​បាន​អនុវត្ត ក្នុង​នោះ​មាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផង​ដែរ លើដី​សម្បទាន​សង្គមកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​។ គម្រោង​បាន​ធ្វើ​ឲ្យ​សហគមន៍​បាន​ប្រើប្រាស់​ដី​ក្នុងទិសដៅ បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម ជួយ​លើកស្ទួយ​កម្រិតជីវភាព​កាន់តែ​ល្អ​ប្រសើរ កាត់បន្ថយ​ភាពក្រីក្រ ដោយ​ទទួល​បាន​សេវាសាធារណ និង​អប់រំ ប្រកបដោយ​គុណភាព​។

មាន​មតិ​ស្វាគមន៍​លោក​រដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ធនាគារ​ពិភពលោក ​ដែល​កន្លងមក​បាន​ជួយ​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​កសិកម្ម​។ តាមរយៈ​លោកស្រី លោក​រដ្ឋ​មន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា ធនាគារពិភពលោក​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​។

ក្នុង​ជំនួប​នេះ លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ភ្ញៀវ​ផង​ដែរ​ថា ដោយ​បាន​ទទួល​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​មាន​ការវិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ប្រែ​ក្លាយទៅជា​ប្រទេស​មួយ​ផលិត​ស្បៀង​លើស​ពី​តម្រូវការ និង​ធ្វើការ​នាំចេញ​កសិផល ហើយ​សង្ឃឹមថា​យើង​នឹង​បន្ត​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ដើម្បី​ចូលរួម​ចំណែក​សម្រេច​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ ​និង ​ឆ្នាំ​២០៥០​។ ដើម្បី​សម្រេច​ចក្ខុ​វិស័យ​នេះ លោក​រដ្ឋមន្ត្រី​ស្នើសុំ​ឲ្យ​ធនាគារ​ជួយ​គិតគូរ​ពិចារណា​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ថ្មីៗ​បន្ថែម​ទៀត​ឲ្យ​ស្របតាម​តម្រូវការ ស្ថានភាព និង​គោលដៅ​ជាក់ស្តែង​របស់​ក្រសួង​ដូចជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​ដែល​ជួយ​ទ្រទ្រង់​ដល់​វិស័យ​កសិកម្ម ក្នុង​នោះ​មាន​ដូច​ជា​ប្រព័ន្ធ​ធារាសាស្ត្រ ផ្លូវលំ ឃ្លាំង​ស្តុក ប្រព័ន្ធ​ទ្រទ្រង់​ដល់​ការកែច្នៃ​កសិផល ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​សម​ស្រប ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ការងារ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​។​ល​។ លោក​មាន​សុទិដ្ឋិនិយម​ថា កិច្ចការ​ទាំងអស់​នេះ​អាច​អនុវត្ត​ទៅ​បាន​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ លុះត្រាតែ​រដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ សហគមន៍​កសិកម្ម និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ចូលរួម​យ៉ាងសកម្ម និង​ពេញលេញ ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ និង​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​។

លោកស្រី វិច​តូ​រៀ ខ្វា​ខ្វា បាន​សម្តែង​នូវ​ការ​គាំទ្រ និង​ឯកភាព​តាម​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​ជម្រាប​ជូន​ខាងលើ ​ដោយហេតុ​ផល​ថា ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​រីកចម្រើន​ចាំបាច់​ត្រូវ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ស្បៀង​ផង និង​ផលិត​ដើម្បី​ធ្វើការ​កែច្នៃ វេច​ខ្ចប់ និង​នាំចេញ ដែល​ការងារ​នេះ​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ការងារ​ស្រាវជ្រាវ ការអនុវត្ត ឬ​ផ្ទេរ​បច្ចេកវិទ្យា​សមស្រប ទាន់សម័យ ការរៀបចំ ឬ​ធ្វើ​ផែន​ការផលិត​ច្បាស់លាស់ ការ​ធ្វើ​ទំនើបកម្ម និង​ពិពិធ​កម្ម​កសិកម្ម ការ​ធ្វើ​កសិពាណិជ្ជកម្ម ការ​ធ្វើ​យ​ន្តូ​ប​នីយកម្ម​កសិកម្ម ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​។ កត្តា​ទាំងអស់​នេះ បើ​យើង​ខិតខំ​រួមគ្នា​ដោះស្រាយ​ជា​ជំហាន​ៗ​ក្នុង​ទិសដៅ​វិជ្ជមាន​សមស្រប​មួយ និង​ទាន់​ពេល​វេលា នោះ​កសិផល​កម្ពុជា​នា​ពេល​អនាគត​ដ៏​ខ្លី​អាច​ធ្វើ​ការប្រកួតប្រជែង បង្កើន​នូវ​តម្លៃ​បន្ថែម ប្រើប្រាស់​អស់​លទ្ធភាព​នូវ​វត្ថុធាតុដើម​មានតម្លៃ ប្រើប្រាស់​ពលកម្ម​ក្នុងស្រុក ធានា​បាន​នូវ​គុណភាព អនាម័យ និង​សុវត្ថិភាព​ស្របតាម​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ​។ ភ្ជាប់​ទៅ​ហ្នឹង​ការប្រែប្រួល​នេះ លោកស្រី​បាន​ស្នើ​ឲ្យ​គ្រប់​ភាព​គី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ចូលរួម​ដាក់​ចេញ​នូវ​គោលនយោបាយ ទិសដៅ និង​ផែនការ​សកម្មភាព​ច្បាស់​លាស់ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីកចម្រើន​ប្រកប ដោយ​ចីរភាព និង​និរន្តរភាព​។ ចុង​បញ្ចប់ ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​សុឆន្ទៈ​ពិតប្រាកដ​ថា​នឹង​បន្ត​សហការ​គ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត​ស្របតាម​កំណើត​សេដ្ឋកិច្ច​ជាតិ កំណើន​ប្រជាជន ការប្រកួតប្រជែង និង​សេចក្តី​ត្រូវ​ការ​កសិផល​ដែល​មាន​គុណភាព​ខ្ពស់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114