ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ុំ សេរី​រ័ត្ន ថា​ត្រូវការ​ពេល ២​ខែ​ទៀត​ដើម្បី​ត្រឡប់​មក​រក​ស្ថាន​ភាពល្អ​វិញ បន្ទាប់ពី​ជា​ពីរ​បួស

អ្នកចាំទី​របស់​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ កីឡាករ អ៊ុំ សេរី​រ័ត្ន បាន​ត្រឡប់​ចូល​ទីលាន​វិញ​ហើយ ក្រោយ​សម្រាក​ព្យាបាល​របួស​ជាង ១១​ខែ ពោលគឺ​បានបង្ហាញ​ខ្លួន​លើកដំបូង ក្រោយ​ជា​ពីរ​បួស ក្នុងជំនួប​រវាង​ក្រសួងការពារជាតិ ជាមួយនឹង​វិសាខា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា កន្លងទៅ ក្នុង​សប្ដាហ៍​ទី​២២ នៃ​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៩​។

យ៉ាងណាមិញ ក្នុង​ការ​បង្ហាញខ្លួន​លើកដំបូង អ៊ុំ សេរី​រ័ត្ន បាន​បង្ហើប​ថា​ខ្លួន​នៅ​មាន​អារម្មណ៍ ១០០​ភាគរយ​នៅឡើយ​សម្រាប់​ការប្រកួត ដ្បិត​នៅ​ត្រូវការ​រយៈពេល ២​ខែ​ទៀត តែ​គេ​នឹង​ព្យាយាម​ដើម្បី​ត្រឡប់​ទៅ​ដូចដើម ពិសេស​ដើម្បី​ប្រជែង​កៅអី​ជម្រើសជាតិ​។

អតីត​អ្នកចាំទី​ដែល​តែង​តែ​មាន​មុខជា​មួយក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​សម្រាប់​ការប្រកួត​ដំបូង​នេះ ខ្ញុំ​ទទួលស្គាល់​ដោយសារ​ខ្ញុំ​ខាន​ប្រកួត​យូរ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ស្រៀវៗ ហើយ​របួស​យើង​ក៏​មិនទាន់​អាច ១០០% ដែរ អញ្ចឹង​ការប្រកួត​នេះ​ដូចជា​យើង​ផ្សាំ​អញ្ចឹង​ដែរ ហើយ​សម្រាប់​ការប្រកួត​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យ​មែន ជាពិសេស​នៅ ១០​នាទី​ដំបូង ព្រោះ​ខាន​នៅលើ​ទីលាន​យូរ ប៉ុន្តែ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ​បានបង្ហាញ​ខ្លួន​នៅលើ​ទីលាន​វិញ ហើយក៏​សប្បាយចិត្ត​ដែល​ឃើញ​មិត្ត​រួម​ក្រុម​សហការគ្នា​បានល្អ បើទោះបីជា​លទ្ធផល​ចាញ់​គេ ៣​ទល់​០ ក៏ដោយ​។​»

សេរី​រ័ត្ន បាន​បន្ត​ថា​ទៀត​ថា «​សម្រាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ ខ្ញុំ​អត់​ទាន់​អាច​ជួយ​ក្រុម​បាន​១០០​ភាគរយ​នៅឡើយ​ទេ គឺ​អាច​ត្រឹមតែ​៥០, ៦០​ភាគរយ​ប៉ុណ្ណោះ ព្រោះ​ថ្ងៃនេះ​ធ្វើ​ឲ្យ​របូត​គ្រាប់​ដល់​ទៅ ៣​គ្រាប់​។ សម្រាប់ ខ្ញុំ​យ៉ាង​យូរ ២​ខែ​អី​ទៀត ខ្ញុំ​អាច​ត្រឡប់​ទៅ​រក​ទម្រង់​លេង​ដើម និង​ការប្រកួត​ខ្លាំង​ដូច​មុន ព្រោះ​ឥលូវ​ខ្ញុំ​កំពុង​ខំប្រឹង​ហាត់​ខ្លាំង​ទាំង GYM និង​ហាត់​ជាមួយ​ក្រុម​គឺ​ខំប្រឹង​ហ្វឹកហាត់​ខ្លាំង​មែនទែន អត់​មាន​ពេល​សម្រាក​ទេ​។​»

ជាមួយគ្នា​ផង​ដែរ​ក្រោយ​បាន​ជាន់​ទីលាន​វិញ​សាជាថ្មី អ៊ុំ សេរី​រ័ត្ន ក៏បាន​បង្ហាញ​អារម្មណ៍​ទៅដល់​កៅអី​ជម្រើសជាតិ​ភ្លាម ដោយ​រំពឹង​ថា​នឹង​បាន​ជាប់​ជម្រើស​ជាតិ​សាជាថ្មី ដែល​ជា​ក្ដី​ប្រាថ្នា​ចង់​ហ្វឹកហាត់​ជាមួយ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ លោក Keisuke Honda​។ អ្នកចាំទី​វ័យ ២៣​ឆ្នាំ​រូបនេះ និយាយ​ថា «​សម្រាប់​កៅអី​ជម្រើស​ជាតិ រឿង​នេះ​មួយ ខ្ញុំ​តែងតែ​ស្រ​ម៉ៃ និង​ខំប្រឹង ដើម្បី​កៅអី​ជម្រើស​ជាតិ ព្រោះ​អី​ខ្ញុំ​ចង់​បង្ហាញ​ខ្លួន​ជាមួយ​លោកគ្រូ​បង្វឹក​ថ្មី លោក Honda គឺ​ខ្ញុំ​ចង់​មានឈ្មោះ​ជាមួយ​គាត់ ដែល​ជា​ក្ដី​ស្រ​ម៉ៃ​ខ្ញុំ គឺ​ខ្ញុំ​ប៉ង​ប៉ុណ្ណឹង​។​»

សូម​បញ្ជាក់​ថា អ៊ុំ សេរី​រ័ត្ន បាន​រង​របួស​ជង្គង់ តាំងពី​ពាក់កណ្ដាល​ខែកញ្ញា ឆ្នាំ​២០១៨ អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្លឹប បន្ទាប់មក​បាន​ធ្វើ​ការ​វះកាត់​នៅ​ពាក់កណ្ដាល​ខែតុលា ដែល​រហូត​មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង ១១​ខែ​ហើយ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114