ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​បណ្ឌិត អ៊ិត សំហេង ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ​

សៀមរាប ​៖ ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ​បាន​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ លោក​ចា​ទុម​ង្គ​ល សោ​ណា​គុន (M.R. Chatumongol Sonakul) រដ្ឋមន្ត្រី​ការងារ នៃ​ព្រះរាជាណាចក្រ​ថៃ​ដែល​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម (CLMTV) ក្រោម​ប្រធានបទ “​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅក្នុង​ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​” ។

យោង​តាម​ទំព័រ​ហ្វេ​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា​ នៅ​ក្នុង​ជំនួប​ពិភាក្សា​នា​ឱកាស​នោះ​ លោក​បណ្ឌិត​អ៊ិត សំហេង បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ លោក​រដ្ឋមន្ត្រី​ការងារ​ថៃ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ហើយ​ប្រារព្ធ​ធ្វើ​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប​នាពេលនេះ​។

លោក​បណ្ឌិត​អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ថៃ ដែល​បាន​សម្របសម្រួល​ក្នុង​ការ​ដំណើរការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ នា​ពេល​កន្លងមក ហើយ​ពលករ​ទាំងនោះ​ទទួល​បានការ​គាំពារ​ពេញលេញ​ស្រប​តាប​ច្បាប់​នៃ​ប្រទេស​ថៃ​ផងដែរ​។

ជា​មួយ​គ្នា​នេះ ភាគី​ថៃ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ លើ​ពលករ​ខ្មែរ​ដែល​នឹង​ផុត​សុពលភាព​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​រៀបចំ​យន្តការ​បន្ថែម​ទៀត មិន​ចាំ​បាច់​តម្រូវ​ឲ្យ​ពលករ​ធ្វើការ​ចំណាយ​ច្រើន​ត្រឡប់មក​ប្រទេស​របស់ខ្លួន​។

នៅក្នុង​ជំនួប​នេះ​ផង​ដែរ ភាគី​ទាំង​ពីរបាន​សំដែង​ការ​ពេញចិត្ត​លទ្ធផល នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​ការងារ​នៃ​ប្រទេស CLMTV នា​ថ្ងៃនេះ ដែល​បានសម្រេច​ឯកភាព​គ្នា​លើ​សេចក្ដីព្រាង​ផែនទី​បង្ហាញផ្លូវ​សៀមរាប​ដើម្បី​ឆ្ពោះ​ទៅ​កាន់​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការងារ​ស្ដីពី​ចល័តភាព​នៃ​របប​សន្ដិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ក្នុងប្រទេស CLMTV​។

ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​អ្វី​ដែល​បាន​ព្រមព្រៀងគ្នា​ហើយ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ថ្មីៗ​ដែល​កើតឡើង​នា​ពេល​ខាងមុខ​បន្តបន្ទាប់​ទៀត​ដើម្បី​ពង្រឹង​សុខុមាលភាព​របស់​ពល​ករ​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ពលករ​ផ្នែក​វិស័យ​នេសាទ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114