ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធនធាន​ទឹក ព្រមាន​ពី​ជំនន់​ទឹក លិចលង់​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​១១ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​សាធារណជន​មានការ​ប្រុង​ប្រយ័ត្ន

ភ្នំពេញ​ ៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ព្រមាន​ពី​ជំនន់​ទឹកភ្លៀង ដ៏​ច្រើន​លើសលប់​នៅ​តាម​ខេត្ត​មួយ​ចំនួន​១១ ចាប់ពី​ថ្ងៃ​ទី​១៨-២៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយសារតែ​ប្រព័ន្ធ​សម្ពាធ​ទាប​កំពុង​អូស​កាត់​លើ​កម្ពុជា ជា​មួយ​គ្នា​នេះ ក្រសួង​ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​សាធារណជន​មានការ​ប្រុង​ប្រយ័ត្ន​ផងដែរ។

យោង​តាម​សេចក្តី​ជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធាន​ទឹក នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នេះ បាន​បញ្ជាក់​ថា «​យោង​តាម​ការវិវត្តន៍ នៃ​ស្ថានភាព​ធាតុអាកាស បង្ហាញ​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បាន​នឹង​បន្ត​អូស​បន្លាយ​លាតសន្ធឹង​ពីលើ​ប្រទេស​កម្ពុជា ខណៈ​ដែល​បច្ចុប្បន្ន​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​មួយ​ចំនួន​បាន និង​កំពុង​រង​ការ​យាយី​ពី​ជំនន់​ទឹកភ្លៀង​»​។

បើ​តាម​ក្រសួង​ធនធាន​ទឹក ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប កាន់តែ​បង្កើន​ឥទ្ធិពល​គ្រប​ដណ្តប់​លើ​កម្ពុជា​នោះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សូម​ជូនដំណឹង​បន្ថែម​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ នៅ​បណ្តា​ខេត្ត​នានា បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ដោយ​ភ្លៀង​ច្រើន លើសលប់​។ ជាពិសេស​ខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ចាប់ពី​ថ្ងៃទី ១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩​។

សូម​បញ្ជាក់​ថា ​នៅ​តាម​បណ្តា​ខេត្ត ជាប់​ព្រំដែន ខ្មែរ​ថៃ ភ្លៀង​បាន​បន្ត​ធ្លាក់​ជោកជាំ អស់​ជាច្រើន​ថ្ងៃ​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​នៅក្នុង​ខេត្តបាត់ដំបង​បាន​ត្រូវ​ជន់​លិច​ហើយ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​បាន​ជន់​លិច​និង​បំផ្លាញ តែ​យ៉ាងណាក៏ដោយ​អាជ្ញាធរ នៅ​មិនទាន់​បង្ហាញ​ពី តួលេខ ចំនួន​ខួច​ខាត​និង​អ្នករងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​នៅឡើយ​ទេ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114