ព័ត៍មានទាន់​ហេតុការណ៏
Search

Would Bank អនុម័ត​ថវិកា​ប្រមាណ ១​ពាន់​លាន ដុល្លារ ដើម្បី​គាំទ្រ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ធនាគារ​ពិភពលោក (WB) អនុម័ត​ថវិកា​សរុប​ចំនួន​ប្រមាណ​១០០០ លាន​ដុល្លារ​អាមេរិក ក្នុង “​ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល ជាមួយ WB ឆ្នាំ​២០១៩-២០២៣” (Country Partnership Framework – CPF 2019-2023) ដែល​ការអនុម័ត​នេះ ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ពេញលេញ រយៈពេល​មធ្យម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ធនាគារ​ពិភព លោក ដើម្បី​រួមចំណែក​គាំទ្រ​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​តម្រូវការ​អាទិភាព​រប​ស់​កម្ពុជា​។

ការ​បង្ហើប​ពី​ការអនុម័ត​ថវិកា​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោកស្រី វិច​តូ​រៀ ខ្វា​ខ្វា (Victoria Kwakwa) អនុប្រធាន​ធនាគារ​ពិភព លោក ទទួល បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៩​។

នៅក្នុង​ជំនួប​នោះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​លោកស្រី វិច​តូ​រៀ ខ្វា​ខ្វា និង​សហការី ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ចំណង​កិច្ច​សហប្រតិបត្តិការ​រ​វាង WB និង រាជរដ្ឋាភិបាល​កម្ពុជា កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ ក៏បាន​ថ្លែង​កោតសរសើរ និង​ថ្លែង​អំណរគុណ ចំពោះ​ការ​រួម​ចំណែក​ដ៏​សំខាន់​របស់ WB ក្នុង​ការ​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​កម្ពុជា ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ចំណេះ​ធ្វើ ប្រកបដោយ​ស្មារតី​នៃ​ភាពជា​ដៃគូ​ពិតប្រាកដ និង​ស្មើភាព​ព្រមទាំង​បាន​ចាត់​ទុក WB ថា​ជា​ដៃគូ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជម្រាប​ជូន​អំពី ស្ថានភាព​សេដ្ឋកិច្ច ដែល​កម្ពុជា កំពុង​សម្រេចបាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​រឹងមាំ ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់។

កម្ពុជា​កំពុង​បន្ត​ដំណើរ​យ៉ាង​ស្វាហាប់​តម្រង់​ទិស​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា ប្រទេស​អភិវឌ្ឍន៍ ដោយ​បាន​កំណត់​យក​ឆ្នាំ​២០៣០ ជា​ឆ្នាំ​គោល ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​ជា​សារ​វ័​ន្ធ នៃ​កំណែទម្រង់​សំខាន់ៗ និង​ការ​ប្រែ​ក្លាយ​ខ្លួនជា​បរទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ថា ​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​វាយតម្លៃ​ថា ​អាច​សម្រេច​បាន​កំណើន​ខ្ពស់​រហូតដល់ ៧,៥% ក្នុង​ឆ្នាំ​២០១៨ និង​តាម​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​នេះ នឹង​អាច​នៅតែ​សម្រេច​បាន​ប្រមាណ ៧% ក្នុង​ឆ្នាំ​២០១៩។

​ជា​ការ​ឆ្លើយតប លោកស្រី វិច​តូ​រៀ ខ្វា​ខ្វា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រាជរដ្ឋាភិបាល កម្ពុជា ដែល​សម្រេច​បាន​នូវ​កិច្ច​អភិវឌ្ឍ​ក្នុង​សន្ទុះ​លឿន និង​ប្រកបដោយ​ផ្លែផ្កា និង​បាន​ជម្រាបជូន​ថា​ ធនាគារពិភពលោក តែង​បាន​ប្រកាន់​ជំហរ​ច្បាស់លាស់ ក្នុង​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ និង​ពេញលេញ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម ចំណែក​បន្ត​ជំរុញ​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា។ ជាក់​ស្តែង កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ធនាគារ​ពិភពលោក បាន អនុម័ត “​ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល ជាមួយ WB ឆ្នាំ​២០១៩ -២០២៣” (Country Partnership Framework – CPF 2019-2023) ដែល​គ្រោង​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ១ ០០០ លាន​ដុល្លារ​អាមេរិក ដែល​ឯកសារ នេះ គឺជា​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​ពេញលេញ​រយៈពេល​មធ្យម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ធនាគារ​ពិភពលោក និង​ត្រូវ​បាន​រៀប​ចំ​ដើម្បី​រួមចំណែក​ផ្តល់​ហិរញ្ញប្បទាន​គាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​តម្រូវការ​អាទិភាព​រប​ស់​កម្ពុជា។ ឆ្លៀតឱកាស​នេះ​ដែរ លោកស្រី​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាងសកម្ម​ជាមួយ WB ក្នុង​ការ​រៀបចំ​ឯកសារ “​ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល ជាមួយ WB ឆ្នាំ​២០១៩-២០២៣” បាន​ដោយ​ជោគជ័យ និង​ឈាន​ដល់ ការ​អនុម័ត​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀត​ផង ដែល​ទាំងនេះ ជា​សក្ខីភាព​បង្ហាញ​អំពី​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ និង​ស្មារតី​គោរព​ភាពជា​ម្ចាស់​លើ​កិច្ចអភិវឌ្ឍន៍​របស់​រា​ជ​រដ្ឋាភិបាល។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារ​ពិភពលោក ដែលមាន​សុ​ឆន្ទៈ​ខ្ពស់ និង​ពិតប្រាកដ​ក្នុងការ​ចូល​រួម​ចំណែក​ដល់​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា ឈាន​ឆ្ពោះ​ទៅ​គោលដៅ​ឆ្នាំ​២០៣០ និង ២០៥០ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ដែល​កាន់តែ​រឹងមាំ​ជាង​មុន​៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114