ព័ត៍មានទាន់​ហេតុការណ៏
Search

ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ អាធា ល្បីល្បាញ​រកស៊ី​ឈើ ​ត្រូវបាន​អាវុធហត្ថ​ចាប់​បង្ក្រាប​បាន​

​រតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ​ស្ទាក់ចាប់​រថយន្ត​សាំ​យ៉ុង​ល្មើសច្បាប់​១​គ្រឿង​ ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះ​ឡើយ។

ការចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ខាងលើ​នេះដែរ​ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ភូមិ​ថ្មី ឃុំ​ទី​ចាក់ ស្រុក​បរ​កែវ ខេត្ត​រតនគិរី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ជា​អកុសល​ត្រូវ​បាន​អាវុធហត្ថ​បង្ក្រាប​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍​ត្រី ​ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី ឲ្យ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ ចុះ​ចាប់​ឃាត់​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ​ពណ៌​ស គ្មាន​ស្លាក​លេខ ដឹក​ឈើ​ខុស​ច្បាប់ នៅ​ចំណុច​ភូមិ​/​ឃុំ​កើត​ហេតុ​ខាងលើ​ ភ្លាម​នោះ ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បរ​កែវ ទៅដល់​ចំណុច​ខាង​លើ ក៏បាន​ប្រទះ​ឃាត់​រថយន្ត​នោះ ​ហើយ​បាន​ឆែកឆេរ ​និង​ត្រួតពិនិត្យ​ ក៏បាន​រក​ឃើញ​ឈើ​នៅ​ក្នុង​រថយន្ត​ជាច្រើន​ដុំ​ផងដែរ។

សមត្ថកិច្ច​បាន​បន្តថា វត្ថុតាង​ដែល​បាន​ដកហូត​រួមមាន រថយន្ត​សាំ​យ៉ុង​ ពណ៌​ស គ្មាន​ស្លាក​លេខ ចំនួន​១​គ្រឿង ឈើ​សន្លឹក​ទ្វារ​សុ​ក្រំ ចំនួន៥​សន្លឹក​ ឈើ​ធ្នង់ ប្រហែល​២០០​គីឡូក្រាម (​មិនទាន់​ថ្លឹង​)​។

ដោយឡែក​ម្ចាស់​រថយន្ត​ឈ្មោះ ស៊ាន ពុទ្ធា “​ហៅ​ក្រៅ​ធា​” ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទេស​អន្ទង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី ហើយ​ជា​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​ឈើ​ជា​យូរ​មក​ហើយ​ដែរ ​ប៉ុន្តែ​ស្ថាប័ន​ទាំងនោះ​មិនបាន​បង្ក្រាប​ឡើយ ​ទុក​ឲ្យ​ចិញ្ចឹម​ឆ្នាំង​បាយ​របស់​ខ្លួន ប៉ុន្តែ​ឥឡូវ​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

បច្ចុប្បន្ន​មធ្យោបាយ​ដឹកជញ្ជូន ​និង​ឈើ​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​បរ​កែវ ​រង់ចាំ​បញ្ជូន​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​ហើយ។

មជ្ឈដ្ឋាន​ទូទៅ​នៅក្នុង​ខេត្ត​រតនគិរី​ពួកគាត់​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​នេះ ចាប់​បាន​រថយន្ត​ដឹក​បទល្មើស​ធនធាន​ធម្មតា​មិនបាន​ប៉ុន្មាន​វិនាទី​ទេ ​នឹង​ដោះលែង​ទៅ​វិញ​ស្ងាត់ៗ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114