ព័ត៍មានទាន់​ហេតុការណ៏
Search

ទិវា​ទេសចរណ៍​ពិភពលោក លើក​ទី​៤០ ក្រោម​ប្រធានបទ ” ពេល​ចូល​ និង​ការងារ ៖ អនាគត​កាន់តែ​ប្រសើរ​សម្រាប់​យើងទាំងអស់គ្នា”

ឧត្តរមានជ័យ ៖ នា​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ និង​រៀបចំ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ជាមួយនឹង​រដ្ឋបាល​ក្រុង​សំរោង បាន​ប្រារព្ធ​ទិវា​ទេសចរណ៍​ពិភពលោក​លើក​ទី​៤០ ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ​ឯកឧត្ដម ឌី រ៉ា​ដូ អភិបាល ស្ដីទី នៅ​ចំណតរថយន្ត​អូរ​ស្មាច់ ស្ថិតនៅ​ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ថ្លែង​នៅក្នុង​របាយការណ៍​ស្វាគមន៍​របស់លោក​ស្រី ធិ​ន​នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឲ្យ​ដឹងថា កំណើន​ភ្ញៀវ​ទេសចរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅក្នុង​ខេត្ត មានការ​កើន​ឡើង​ជា​លំដាប់ ដែល​ទាំងនេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការ​អភិវឌ្ឍ និង​ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់​ល្អ ដែល​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មន្ទីរ​វិស័យ​នានា បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​សម្រេច​បាន​លទ្ធ​ផល​ដ៏​ល្អ​នេះ​។ បន្ថែម​លើ​នេះ លោកស្រី​ប្រធាន​មន្ទីរ បាន​បញ្ជាក់ថា ផលិតផល​ទេសចរណ៍ ដែល​មាន​គុណភាព និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន ក៏​អាស្រ័យ​ទៅនឹង​កត្តា​ នៃ​ការចូលរួម​របស់​សេវា​ករ​ទេសចរណ៍ ភ្ញៀវ​ទេសចរ ជាពិសេស​ឈរលើ​ស្មារតី​ក្នុងការ​ថែរក្សា និង​ស្រលាញ់​ភាព​ស្អាត​។

លោក អ៊ុន សុ​ភ័​ក្រ អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សំរោង បាន​មាន​មតិ​ចូលរួម​នៅ​ក្នុង​អង្គ​ទិវា​ដ៏​មាន​សារសំខាន់​នេះ ដោយ​បាន​ថ្លែងអំណរគុណ ចំពោះ​ការចូលរួម​របស់​ប្អូនៗ​ក្មួយៗ សិស្សានុ​សិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ​ស្ថាប័ន​នានា ក្រុមហ៊ុន​ឯកជន​ជាពិសេស​កាស៊ីណូ​ទាំងពីរ​។ ការចូលរួម​នៅថ្ងៃនេះ គឺជា​សារ​មួយ​ដ៏​មាន​សារៈសំខាន់ ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​មាន​ស្មារតី និង​ការ​ភ្ញាក់រលឹក​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ តាមរយៈ​ការស្រលាញ់ និង​សម្អាត​បរិស្ថាន។

បន្ថែម​លើ​ប្រសាសន៍​របស់លោក​អភិបាលក្រុង ឯកឧត្ដម ឌី រ៉ា​ដូ អភិបាលខេត្ត ស្ដីទី បាន​មាន​ប្រសាសន៍​សំណេះសំណាល​ថ្លែង​ទៅកាន់​អង្គពិធី ប្រកបដោយ​សុទិដ្ឋិនិយម​ខ្ពស់ និង​ធ្វើការ​វាយ​តម្លៃ​ដោយ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​រៀបចំ​ទិវា​នេះ ប្រកបដោយ​ដំណើរ​ការ​ល្អប្រសើរ​។ ក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន កំពុងស្ថិត​នៅក្នុង​បដិវត្តន៍​ឧស្សាហ៍កម្ម​ទី​៤ លើ​ផ្នែក​បច្ចេកវិទ្យា Technology ភាវូបនីយកម្ម ការអភិវឌ្ឍន៍​លើ​វិស័យ​នានា រួម​ទាំង​វិស័យ​ទេសចរណ៍ គឺជា​គោលដៅ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ដល់​ការអភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​ជាតិ​។

នៅ​ចុងបញ្ចប់ នៃ​ការ​ប្រារព្ធ​ទិវា​ទេសចរណ៍ សមាជិក​សមាជិកា​ នៃ​អង្គ​ពិធី​ទាំងមូល​ប្រមាណ​៨៥០​នាក់ បាន​បែងចែក និង​ធ្វើ​សកម្មភាព​រើស​សំរាម សំអាត​បរិស្ថាន​នៅតាម​ដងផ្លូវ ក្នុង​ទីប្រជុំជន​សង្កាត់​អូរ​ស្មាច់ ដើម្បី​ជា​សារ​ក្រើនរំលឹក​បន្ថែម​ដល់​ការចូលរួម​របស់​ប្រជាពលរដ្ឋ ឲ្យ​មាន​ការចូលរួម​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ទុកដាក់​ ឬ​វេច​ខ្ចប់​កាកសំណល់​រឹង សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114