ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ឺន សុភា ស្វាគមន៍​យ៉​ត​ឌី​សែ​ល ខណៈ​ជ័រ ពៅ ជួប​ចា​មួក​ផេ​ត​ លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់​កម្ពុជា គឺ​ម៉ឺន សុភា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​យ៉​ត ឌី​សែ​ល លុក​ចៅ​ម៉ា​សៃ​ថង​(Yoddiesel Lukja​omaesaithorng) ហើយ ជ័រ ពៅ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ជួប​ជាមួយ ចា​មួក​ផេ​ត ប្រាន ២៦(Chamuakpetch Phran26) នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ ទី​២០ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ​។

ម៉ឺន​សុភា និង យ៉​ត ឌី​សែ​ល ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។ នេះ​ជា​លើក​ទី​៩​របស់​ម៉ឺន សុភា បន្ទាប់ពី​ការបង្ហាញ​មុខ​លើក​ទី​៨ (០៨​កញ្ញា​២០១៩) សុភា បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ ចែគ​ស្យ៉ា​ម ចែគ​ស្យ៉ា​ម ជី​ម ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​២​នោះ។ ចាំមើល ក្នុង​ជំនួប​លើក​ទី​៩​នេះ តើ​ម៉ឺន សុភា អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​យ៉​ត ឌី​សែ​ល លុក​ចៅ​ម៉ា​សៃ​ថង បានដែរ​អត់​នោះ​?។

យ៉​ត ឌី​សែ​ល មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ម៉ឺន សុភា ទេ​កន្លងមក។​ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​សមត្ថ​ភាព​ខ្លាំងក្លា។ តែ​យ៉ាងណា យ៉​ត ឌី​សែ​ល នេះ គេ​ប្រហែលជា​មិនអាច​ទប់ទល់​ជាមួយ​ទម្ងន់​ជើង​ទាត់​របស់​ម៉ឺន សុភា បាន​នោះឡើយ។ ចាំមើល តើ ម៉ឺន សុភា អាច​យកឈ្នះ​យ៉​ត ឌី​សែ​ល បាន​ឬ​អត់​នោះ?។

យ៉​ត ឌី​សែ​ល មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៤​លើក ឈ្នះ​៧៦​លើក ចាញ់​១៦​លើក និង ស្មើ០២​លើក។ នេះ​បើតាម​ប្រវត្តិ​ប្រកួត​របស់​យ៉​ត ឌី​សែ​ល លុក​ចៅ​ម៉ា​សៃ​ថង។ តាម​កំណត់ត្រា​នេះ បើ​ប្រៀបធៀប​ជា​មួយ​ម៉ឺន សុភា គឺ​មិនជា​លើ​ម៉ឺន សុភា​ នោះទេ ពោលគឺ​បទពិសោធន៍​ប្រហាក់ប្រហែលគ្នា​ប៉ុណ្ណោះ ដោយ​សុភា​មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៩៨​លើក ក្នុងនោះ​ឈ្នះ​៧៩​លើក ចាញ់​១៤​លើក និង​ស្មើ​០៤​លើក។

ម៉ឺន សុភា ខ្លាំង​កណ្តាប់ដៃ ពិសេស​កណ្តាប់ដៃ​ឆ្វេង ហើយ​ស្នៀត​ទាត់​របស់គេ​ក៏​ខ្លាំង​ហើយ​ធ្ងន់ ដែរ ប៉ុន្តែ សុភា មិនអាច​ធ្វេសប្រហែស​ឬ​មើលងាយ​យ៉​ត ឌី​សែ​ល បានឡើយ​។ ទោះជា​យ៉ាងណា សុភា​ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ម៉ឺន សុភា និង យ៉​ត ឌី​សែ​ល លុក​ចៅ​ម៉ា​សៃ​ថង នេះ​? ។

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ជ័រ ពៅ ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ចា​មួក​ផេ​ត ប្រាន ២៦(Chamuakpetch Phran26) ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

ជា​លើក​ទី​៦ របស់​ជ័រ ពៅ ដែល​បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។ ជ័រ ពៅ គេ​ទើប​ឡើង​ប្រកួត​បាន​ប្រមាណ​ជាង ៥០ លើក​ប៉ុណ្ណោះ ក្នុងនោះ វាយ​ឈ្នះ​៤០​លើក ចាញ់​១៣​លើក និង​ស្មើ​០៣​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​២៧​លើក។

ចា​មួក​ផេ​ត ប្រាន​២៦ គេ​ជា​អ្នក​ប្រដាល់​ថៃ​ចាស់​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ​កន្លង​មក។ គេ​មក​ប្រកួត​ចុងក្រោយ​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះ គឺ​បាន​ផ្ដួល​យកឈ្នះ​ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ក្លិប​និរោធ​មានជ័យ​ក្នុង​ទឹក​ទី​៣ ​កាលពី​ថ្ងៃទី​០៩​ ខែមិថុនា ឆ្នាំ​​២០១៩​កន្លងទៅនេះ។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ។ ចា​មួក​ផេ​ត គេ​ល្អ​និង​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ។ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦៨ លើក ឈ្នះ​៥៥​លើក ចាញ់​១១​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​០៧​លើក។

យ៉ាងណា ប៉ះ​ជាមួយ​ជ័រ ពៅ​, ចា​មួក​ផេ​ត ក៏​មិនជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា ជ័រ ពៅ គេ​វាយ​បុក​ខ្លាំង កណ្ដាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ។ តែ​យ៉ាងណា ជ័រ​ពៅ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំ​មើល​ជ័រ ពៅ និង ចា​មួក​ផេ​ត ប្រាន ២៦ តើន​រណា​ជា​អ្នកឈ្នះ?។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ប៊​ន ពន្លឹក អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សំណាង ឌី​ណា ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម។ រីឯ ពូ​ង ណាំ​ហង អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា ត្រូវ​ជួប​ប្រកួត​ជាមួយ ណាក់ សុខា អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114