ព័ត៍មានទាន់​ហេតុការណ៏
Search

ចំបាប់ ​អត់​បាន​ទៅ​ស៊ី​ហ្គេម​ទៀតហើយ

លើក​ទី​៣​ហើយ ដែល​គណៈកម្មការ​ស៊ី​ហ្គេម​សម្រេចចិត្ត​ដក​កីឡា​ចំបាប់​ចេញពី​ការប្រកួត​កីឡា​ថ្នាក់​តំបន់ ដែល​ធ្វើ​រៀងរាល់​២​ឆ្នាំ​ម្ដងនោះ។ ​ដូច្នេះហើយ ចំបាប់​របស់​កម្ពុជា ក៏​អត់​បាន​ទៅ​ចូលរួម​កីឡា​ស៊ី​ហ្គេម ដែល​រៀបចំ​នៅ​ប្រទេស​ហ្វីលីពីន​នា​ចុងឆ្នាំ​នេះ​ដែរ ព្រោះ​គេ​អត់​ដាក់​ប្រភេទ​កីឡា​ចំបាប់​ចូល​។

ចំបាប់ ជា​ប្រភេទ​កីឡា​ដ៏​មាន​ប្រជាប្រិយ​បំផុត ដែល​មិនមែន​តែ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ​ដែល​លេង​កីឡា​នេះ តែ​គឺ​នៅ​ជុំវិញ​ពិភពលោក​សុទ្ធតែ​លេង​កីឡា​នេះ មិនតែប៉ុណ្ណោះ​ចំបាប់​ជា​ប្រភេទ​កីឡា​អូឡាំពិក​ថែមទៀត។

សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​គេ​បាន​ចាត់ទុកថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​ជា​ឱកាស​ដែល​គេ​ចែករំលែក​មេដាយ​គ្នា ឬ​ជា​ឱកាស​ដែល​ប្រទេស​ជា​ម្ចាស់ផ្ទះ​ប្រមូល​មេដាយ ឬ​ជា​អ្នក​កម្រិត​ប្រភេទ​កីឡា ដែល​គេ​យល់ថា គេ​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការដណ្ដើម​មេដាយ។

ការប្រជុំ​ចុងក្រោយ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ប្រទេស​ម្ចាស់ផ្ទះ ​គឺ​ហ្វីលីពីន​សម្រេច​ដក​កីឡា​ចំបាប់​ពី​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ចុងឆ្នាំ​នេះ។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​និយាយថា កីឡាករ កីឡាការិនី​របស់​លោក​បាន​ត្រៀមខ្លួន​រង់ចាំ​ការមកដល់ ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម មិនតែប៉ុណ្ណោះ​ពួកគេ​មាន​ជំនឿ​ចិត្ត​នឹងមាន​ឱកាស​ដណ្ដើមបាន​មេដាយ​ទៀតផង។ តែ​ពេលនេះ​ពួកគេ​មានការ​ខកចិត្ត​យ៉ាងខ្លាំង។

លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មានប្រសាសន៍​អះអាង​ថា ឆ្នាំ​២០២៣​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម កម្ពុជា​នឹង​សំអាត​ស៊ី​ហ្គេម​ដោយ​មិន​បំពាន​ក្នុងការ​ប្រជែង​ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ឡើយ។ នរណា​ខ្លាំង អ្នកនោះ​នឹង​បាន​មេដាយ ការជជែក​គ្នា​ពី​ការចែក​មេដាយ​នឹងមិន​មាន​ឡើយ។

សូមបញ្ជាក់ថា ប្រភេទ​កីឡា​ចំបាប់​បាន​អវត្តមាន​ពី​ស៊ី​ហ្គេម តាំងពី​ស៊ី​ហ្គេម​លើក​ទី​២៨​ឆ្នាំ​២០១៥​នៅ​ប្រទេស​សឹង្ហ​បូរី និង លើក​ទី​២៩​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ពេលនេះ​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន។ តាមពិត​ហ្វីលីពីន ក៏​ជា​ប្រទេស​ដែល​កីឡា​ចំបាប់​របស់គេ​មាន​សក្ដានុពល​ដែរ តែ​លើក​នេះ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ហ្វីលីពីន​សម្រេចចិត្ត​ដក​ចំបាប់​ចេញ​នៅ​នាទីចុងក្រោយ​ទៅ​ហើយ​នោះ។

ស៊ី​ហ្គេម​២០១៩ ធ្វើឡើង​ក្រោម​ពាក្យស្លោក​យើង​ឈ្នះ​ដូច​គេ​ម្នាក់​(We Win As One)​ដែល​ព្រឹត្តិការណ៍​នេះ គេ​រំពឹងថា​ នឹងមាន​កីឡាករ កីឡាការិនី​ចូលរួម​ចំនួន​៩.៨៤០​នាក់​មកពី​ប្រទេស​ចំនួន​១១​ក្នុង​តំបន់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114