ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ផ្ដើម​ប្រកួត​ជម្រុះ​ខ្មែរ​-​ថៃ​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​រដូវ​កាល​ថ្មី​នៅ​SEATV

ព្រឹត្តិការណ៍​ប្រដាល់​មួយ​ដែលមាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប ដើម្បី​ជួបគ្នា​វាយ​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​១០ ទម្ងន់​៦៣,៥០០​គីឡូក្រាម​នោះ នឹង​ចាប់​ផ្ដើម​ធ្វើការ​ប្រកួត​ជម្រុះ​នា​រសៀល​ថ្ងៃទី​២១ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះហើយ នៅលើ​សង្វៀន​SEATV។

សម្រាប់​ការ​វាយ​ជម្រុះ​ថ្ងៃ​ដំបូង​នេះ អ្នក​ប្រដាល់​ជើងចាស់​កម្ពុជា​ប៉ោ ភា​រិ​ទ្ធ ឬ យ៉េន ឌី​ណា សមាគម​កីឡា​ក្រសួងកសិកម្ម នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លំ ឡេង​(Loom Len g ) ហើយ​មួយគូ​ទៀត​ជា​ការ​ជួបគ្នា​រវាង រិ​ន សា​រ័ត្ន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​កងទ័ពជើងទឹក និង អ្នក​ប្រដាល់​ថៃ​ឆាង សឹក​(Chhang Soek ) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

រវាង​យ៉េន ឌី​ណា និង​លំ ឡេង​នេះ គេ​ទាំងពីរ​ធ្លាប់​ជួបគ្នា​ពីរលើក​ហើយ​ន​កន្លងមក ដោយ​វាយ​ឈ្នះ​ចាញ់​គ្នា​ម្តងម្នាក់។

លំ ឡេង អ្នក​ប្រដាល់​ថៃ​នេះ គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៣,៥០០ រដូវ​កាល​ចាស់ ហើយក៏​ជា​អ្នក​ប្រដាល់​ជើងចាស់ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប្រមាណ​ជាង​១០​លើក​ហើយ​កន្លងមក។ ​ក្នុងនោះ ធ្លាប់​ឈ្នះ​យ៉េន ឌី​ណា ដោយ​ពិន្ទុ កាលពី​ជួបគ្នា​ថ្ងៃទី​៣១​មីនា​២០១៧​កន្លងទៅ ហើយ​ក្រោយមក​យ៉េន ឌី​ណា គេ​សងសឹក​យកឈ្នះ​លំ​ឡេង​ដោយ​ពិន្ទុ​វិញ នា​ថ្ងៃទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១៩។

ដូច្នេះ​ការជួបគ្នា​រវាង​យ៉េន ឌី​ណា និង លំ ឡេង ក្នុង​ជម្រុះ​ខា​រ៉ា​បាវ​លើកដំបូង​នាពេលនេះ គឺ​ដូចជា​ការប្រកួត​ជម្រះបញ្ជី​គ្នា​ដែរ។ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​រូបនេះ មិន​ងាយ​មាន​នរណា​វាយ​ឈ្នះ​គេ​ទេ​។ គេ​ប្រកួត​មាន​ប្លង់​តាម​លក្ខណៈ​បច្ចេកទេស ទាំង​កណ្ដាប់ដៃ ទាំង​ជើង​ទាត់ ជង្គង់​កែង គឺ​មាន​កំប្លេ​តែម្ដង។ លំ ឡេង មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨២​លើក ឈ្នះ​៦៨​លើក​ចាញ់​១២​លើក និង​ស្មើ​០២​លើក។

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា អាច​ឈ្នះ​យ៉េន ឌី​ណា​បាន​នោះ​ឡើយ ហើយ​យ៉េន ឌី​ណា ក៏​មិនដឹងថា​អាច​យកឈ្នះ​លំ ឡេង​នេះ បាន​ឬ​អត់​នោះដែរ? ព្រោះ​ពួកគេ​ទាំងពីរ​មាន​ផ្លែ​សម្លាប់​គ្នា​ទៅវិញទៅមក។

យ៉េន ឌី​ណា ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​នេះ​។ គេ​មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ ​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ហើយ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​វាយ​បានល្អ​ដោយ​យកឈ្នះ​ថៃ​ជា​បន្តបន្ទាប់។

លំ ឡេង អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ស្មើគ្នា​ជាមួយ​យ៉េន ឌី​ណា គឺ​១,៦៧​ម៉ែត្រ​ដូចគ្នា ហើយ​ប្រវត្តិ​ប្រកួត​របស់​ប៉ោ ភា​រិ​ទ្ធ ក៏​ប្រហាក់ប្រហែលគ្នា​ដែរ គឺ​ចំនួន​៨៥​លើក ឈ្នះ​៦៩​លើក ចាញ់​១២ លើក និង ស្មើ​០៤​លើក​។ ចាំមើល យ៉េន ឌី​ណា​គេ​អាច​យកឈ្នះ​លំ ឡេង យក​៣​ពិន្ទុ​បាន​ឬ​អត់​?។

ចំពោះ រិ​ន សារ​ដ្ឋ អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឆាង សឹក (Chhang Soek) វិញ​នោះ ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​កន្លងមក។

ឆាង​សឹក គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ហើយ​កន្លងមក​ដោយ​ជួប​ជាមួយ ​វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១។ ដូច្នេះ នេះ​ជា​លើក​ទី​២ របស់​ឆាង​សឹក ដែល​ត្រូវបាន​អ្នក​ផ្គូផ្គង​អោយ​ជួប​ជាមួយ​រិ​ន សា​រ័ត្ន ​ក្នុង​ជម្រុះ​ខ្សែក្រវាត់​ទម្ងន់​៦៣,៥០០​គីឡូក្រាម​លើកដំបូង​នោះ។

អ្នក​ប្រដាល់​ថៃ ឆាង សឹក នេះ មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​គួរសម​ដែរ។ គេ​មាន​ប្រវត្តិ​ប្រកួត​៦៩​លើក ដោយ​វាយ​ឈ្នះ​៦១​លើក និង​ចាញ់​០៨​លើក មិនដែល​ស្មើ ។

ទោះជា​យ៉ាងណា ឆាង សឹក​លើក​នេះ ជួប​ជាមួយ រិ​ន សា​រ័ត្ន ក៏​ប្រហែលជា​មិន​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​សា​រ័ត្ន​ គេ​មាន​ផ្លែ​ល្អ។ តែ​យ៉ាងណា បើតាម​កម្រិត​សមត្ថភាព​របស់ រិ​ន សា​រ័ត្ន អាច​ចាត់ទុកថា​ឆាង សឹក នៅតែ​ជា​ឧបសគ្គ​សម្រាប់​ការទទួលបាន​ជ័យជំនះ​នោះ។

រិ​ន សា​រ័ត្ន ក្នុងការ​ប្រកួត​ចំនួន​៥៤​លើក គេ​វាយ​ឈ្នះ​៣៦​លើក ចាញ់​១១​លើក និង​ស្មើ​០៤​លើក។ ការ​ប្រកួត​ចុងក្រោយ​ជាមួយ​ថៃ សា​រ័ត្ន​ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​កង កាំ​ង​វ៉ាន ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​នៅ​SEATV​នេះ កាលពី​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​​២០១៩​កន្លងទៅ។ ដូច្នេះ រិ​ន សា​រ័ត្ន​ លើក​នេះ​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ។ ចាំមើល តើន​រណារ​កបាន​៣​ពិន្ទុ រវាង​រិ​ន សា​រ័ត្ន និង ឆាង សឹក នេះ?។

សូម​បញ្ជាក់​ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន៨រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន រិ​ន​សា​រ័ត្ន ​ក្លិប​កងទ័ពជើងទឹក ,​យ៉េន​ឌី​ណា សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ,​ពុ​យ វណ្ណៈ ក្លឹប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ និង​សេង​ស្រឿ​ន​ក្លឹប​ម​ហិរិ​ទ្ធ​មេស​ថ្ង​ក​ខេត្តស្វាយរៀង​។ ឯ អ្នក​ប្រដាល់​ថៃ​៤​នាក់​វិញ មាន Chhang Soek , Loom Leng , Kolap Dam និង Far Nemith៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114