ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ត្រៀម​រៀបចំ​ពិព័រណ៍​អាហារ​និង​ភេសជ្ជៈ​ដើម្បី​បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេសចរ ​

ភ្នំពេញ ៖ ក្រោម​កិច្ចសហការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍​និង​ក្រសួងពាណិជ្ជកម្ម​សមាគម​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​អន្តរជាតិ (InFEA) នឹង​រៀបចំ​”​ពិព័រណ៍​អាហារ​និង​ភេសជ្ជៈ​ដ៏​ធំ​មួយ ដែលមាន​ឈ្មោះថា​WONDERFUL 28 – LIFESTYLE, WINE & DINE EXPO” ជា​លើកដំបូង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​របៀប​រស់នៅ​ប្រកបដោយ​កិត្យានុភាព​នៅក្នុង​ប្រទេស​កម្ពុជា​និង​ដើម្បី​បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ឲ្យ​ចូលមក​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​។​

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ​ លោក ច្រឡឹង សុមេធា អគ្គនាយករង អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ពិព័រណ៍​អាហារ​និង​ភេសជ្ជៈ​ដែល​រៀបចំឡើង​ដោយ​InFEA នេះ​ធ្វើឡើង​នៅ​ថ្ងៃ​២៥ ដល់​ថ្ងៃទី ២៧ ខែតុលា​ឆ្នាំ ២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ លោក​បន្ថែមថា ពិព័រណ៍​នេះ​ធ្វើឡើង​ដោយ​ស្រប​នឹង​គោលនយោបាយ​របស់​ក្រសួងទេសចរណ៍​យើង ដោយ​សព្វថ្ងៃនេះ​ក្រសួង​កំពុងតែ​រៀបចំ​វិថី​ម្ហូបអាហារ​២៤​ខេត្ត​ក្រុង​ដោយបាន​បញ្ជ្រាប​ដល់​ប្រតិបត្តិ​ករ​អាជីវកម្ម​ទេសចរ​ណ៍​ទាំង​២៤​ខេត្ត​ក្រុង​ទាំងអស់​ឲ្យ​ចូលរួម​នៅក្នុង​ការរៀបចំ​វិថី​ម្ហូបអាហារ នេះ​។ លោក​ថា​”​ពិព័រណ៍​ម្ហូបអាហារ​នេះ​គឺជា​ការរួមចំណែក​មួយ​ក្នុងការ​ទាក់ទាញ​ទេសចរណ៍ ពិសេស​ទេសចរណ៍ យុវវ័យ​មក​កម្សាន្ត​ពេល​រាត្រី​។​ម្យ៉ាង​ទៀត​គឺ​ជួយ​ដល់​ការផ្សព្វផ្សាយ​ពី​ទេសចរណ៍​ម្ហូបអាហារ​របស់​កម្ពុជា ក៏​ជា​ឱ​កាស​មួយ​ដែល​យើង​បង្ហាញ​ដល់​អ្នកចូលរួម​ដែល​មិន​ត្រឹមតែ​ជា​អ្នកទេសចរ​ក្នុងស្រុក​ទេ​ថែមទាំង​ទេសចរ​បរទេស​ឲ្យ​គាត់​មក​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​មាន​ឱ​កាស​បាន​ភ្លក្ស​ម្ហូបអាហារ​និង​ភេសជ្ជៈ​របស់​កម្ពុជា​យើង​”​។​

ក្រៅពី​តំបន់ ប្រាសាទអង្គរវត្ត និង​ទេសចរណ៍ធម្មជាតិ លោក ច្រឡឹង សុមេធា បាន​គូសបញ្ជាក់ថា​ជា​ការពិត​វប្បធម៌​គឺជា​ការទាក់ទាញ​ទេសចរណ៍​មួយ​យ៉ាងសំខាន់​បំផុត ក្នុងនោះ​ម្ហូបអាហារ​និង​ភេសជ្ជៈ​របស់​ខ្មែរ​ក៏​ជា​ផ្នែក​មួយ​នៃ​មែកធាង​វប្បធម៌​ខ្មែរ ដែរ​។​ បើ​យើង​ពិនិត្យមើល​ម្ហូបអាហា​រដែ​ល​ដូនតា​យើង​បន្សល់ទុក​តាំងពី​សម័យ​ដើម​មក​ម្ហូបអាហារ​យើង​ត្រូវបាន​ទេសចរ​បរទេស​ដែល​ចូលមក​ទស្សនា​កម្ពុជា​និយម​ចូលចិត្ត​ទទួលទាន ដោយសារតែ​អាហារ​របស់​យើង​ភាគច្រើន​ផ្សំ ពី​ត្រី បន្លែ​និង​គឿង​ទេស​ច្រើន សមាសធាតុ​គ្រឿងផ្សំ​ទាំងបី​នេះ​គឺ ល្អ​បំផុត​សម្រាប់​ម្ហូបអាហារ​ខ្មែរ​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួលទាន​ទទួលបាន​សុខភាព​ល្អ អញ្ចឹង​ម្ហូបអាហារ​ក៏​ជា​ការ​ទាក់ទាញ​ទេសចរណ៍​មួយ​យ៉ាង​សំខាន់ ដែល​អ្នកទេសចរ​បាន​ស្វែងយល់​កាន់តែ​ច្បាស់​អំពី​វប្បធម៌​ខ្មែរ​។​

ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​លើកកម្ពស់​អាជីវកម្ម​ក្នុងស្រុក និង​អន្តរជាតិ​ក៏ដូចជា​ការបង្កើត​បរិ​យា​កាស​សហគមន៍​ប្រកបដោយ​ភាពរស់រវើក​និង​ទាក់ទាញ​សម្រាប់​ប្រជាជន​គ្រប់​វ័យ​និង​ជាតិ​សាសន៍​ទាំងអស់​ទទួលបាន​ភាព​រីករាយ​។ នៅក្នុង​ការតាំងពិព័រណ៍​អាហារ​នេះ​នឹងមាន​ការចូលរួម​ពី​ស្តង់​តាំង​បង្ហាញ​ចំនួន ៣០០ ស្តង់ ដែលមាន​ទំហំ​ប្រហែលជា ២,០០០ ម៉ែត្រការ៉េ​និង​មាន​គោលបំណង​ទាក់ទាញ​អ្នកជំនួញ​ជាង ២៨.០០០ នាក់​។ ព្រឹត្តិការណ៍​នេះ​ក៏​នឹងមាន​កម្មវិធី​ប្រគំ​តន្ត្រី​ចំនួន ៣ ថ្ងៃ​ជាប់ៗ​គ្នា​ផងដែរ ដោយមាន​ការចូលរួម​ពី​សិល្បៈករ សិល្បៈការី​នី​មកពី​គ្រប់​ផលិតកម្ម​សំដែង​ជូន រៀងរាល់​យប់​ដើម្បីឱ្យ​អ្នកទស្សនា​ទាំងអស់​ទទួលបាន​ភាព​រីករាយ​។ ការប្រគុំ​តន្ត្រី​រួមផ្សំ​ជាមួយ បែបបទ​អាហារ​តាម​ដងផ្លូវ​ពិតជា​អាចជួយ​បង្កើន​បរិយាកាស​ព្រឹត្តិការណ៍​និង​ផ្តល់នូវ​បទពិសោធន៍​មួយបែប​ដែល​មិន​នឹកស្មាន​ដល់​។ គាំទ្រ​ដោយ​ក្រសួងទេសចរណ៍ ការផ្ដល់ជូន​នូវ​ចំណីអាហារ​តាមផ្លូវ​នេះ នឹង​នាំមក​នូវ​រូបភាព​ផ្សេងៗ​គ្នា​នៃ​មុខម្ហូប​តាម​ចិញ្ចើមផ្លូវ​តាម​តំបន់​ហើយ​ត្រូវបាន​បង្ហាញ​តាម​ស្តង់ដារ​ថ្មី​។​

គួរ​បញ្ជាក់ថា នៅក្នុង​ពិ​ព័រ​ណ៍​ម្ហូបអាហារ​នេះ​នឹងមាន​ម្ហូបអាហារ​សំបូរបែប​ចំរុះ​ទាំង​លក្ខណៈ​អាស៊ី​និង​អឺរ៉ុប មុខម្ហូប​ល្បីៗ​ប្រចាំ​តំបន់​ទេសចរណ៍​ក៏ដូចជា​តាម​ភោជនីយដ្ឋាន​រៀងៗ​ខ្លួន​នឹងដាក់​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ចូលរួម​ទស្សនា​បាន​ភ្លក្ស​និង​បាន​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ​តាមរយៈ​ម្ហូបអាហារ​និង​ភេសជ្ជៈ​នៅក្នុង​ប្រទេស​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114