ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ស៊េរី​ទំនើប​ បើក​បុក​ម៉ូតូ​៣​គ្រឿង ​ស្លាប់​ម្នាក់ របួស​២​នាក់ នៅខាងមុខ​សាកលវិទ្យាល័យ​ស្វាយរៀង

ស្វាយរៀង ៖ យ៉ាងហោចណាស់​មាន​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅនឹង​កន្លែង​ ចំណែក​បុរស​២​នាក់​ផ្សេងទៀត ​បាន​រងរបួស​ស្រាល ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​រវាង​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​មួយគ្រឿង បើក​បុក​ម៉ូតូ​ចំនួន​៣​គ្រឿង នៅ​ខាង​មុខ​ខ្លោងទ្វារ​សាកលវិទ្យាល័យ​ស្វាយ​រៀង ​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩។

សមត្ថកិច្ច​បានឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​ម៉ាក​Ford Ranger ពណ៌ ស ពាក់​ស្លាក​លេខ រដ្ឋ​.១៧.​២.​០៤​៧១ បើកបរ​ដោយ​ឈ្មោះ សួន លាស់ ភេទ​ប្រុស អាយុ២២​ឆ្នាំ មុខរបរ បើកបរ រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បើកបរ​ពី​លិចទៅ​កើត អ្នកបើកបរ​គ្មាន​របួស រថយន្ត​ខូចខាត​ធ្ងន់ បែក​កង់​រថយន្ត​មុខ​ខាងឆ្វេង។

ចំណែក​ម៉ូតូ​រងគ្រោះ ទី​១/​ម៉ូតូ​ម៉ាក Nex ពណ៌ ស ពាក់​ស្លាក​លេខ ស្វាយរៀង ១M ៩១១៣ បើកបរ​ដោយ​ឈ្មោះ យ៉ែម សុវណ្ណ ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បើកបរ​ពី​លិច​ទៅ​កើត ពាក់មួក​សុវត្ថិភាព រងរបួស​ស្រាល ម៉ូតូ​ខូចខាត​ស្រាល។ ទី​២/ ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ បើកបរ​ដោយ រស់ វ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អង្គការ​ហ្វា​ន់ រស់នៅ​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច ពាក់មួក​សុវត្ថិភាព រង​របួស​ស្រាល ម៉ូតូ​ខូចខាត​ស្រាល។ ទី​៣/ ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១H ៥៥២៣ បើកបរ​ដោយ​ឈ្មោះ សេក សា​ម៉េ​ត ភេទ​ប្រុស អាយុ៥៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច មិន​ពាក់មួក​សុវត្ថិភាព ( ស្លាប់​នៅ​កន្លែងកើតហេតុ ) ម៉ូតូ​ខូចខាត​ធ្ងន់។

សមត្ថកិច្ច​បាន​បន្ថែម​ទៀតថា ​ចំពោះ​មធ្យោបាយ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តស្វាយរៀង​។ ចំណែក អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដោយឡែក​សាកសព​ជនរង​គ្រោះ​ត្រូវបាន​បញ្ជូន​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

សមត្ថកិច្ច​បានបញ្ជាក់​ពី​មូល​ហេតុថា ដោយសារ​អ្នកបើកបរ​រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន​ពេក​ បុក​ម៉ូតូ​ម៉ាក្ស Nex ពីក្រោយ រួច​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ពីរ​គ្រឿង​ ដែល​បើកបរ​ពី​កើ​តទៅ​លិច​ទើប​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​បែបនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114