ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​ការ​កសាង​ផ្លូវ ​និង​ស្ពាន​ឆ្លងកាត់​ដៃ​ព្រែក​កំពត ​ក្នុង​សង្កាត់​ត្រើយ​កោះ ​និង​សង្កាត់​អណ្ដូង​ខ្មែរ នឹង​ត្រូវ​ចាប់ផ្ដើម​កសាង​ថ្មី​ឡើងវិញ​ចុង​ឆ្នាំ​២០១៩​ និង​ដើម​ឆ្នាំ​២០២០​នេះ​ហើយ​

កំពត ៖ បន្ទាប់ពី​បាន​មើល​ឃើញ​នូវ​ការ​លំបាក​ទាំង​ការ​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ​រួម​នឹង​ការឆ្លើយតប​នូវ​សំណូមពរ​ជា​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។ អាជ្ញាធរ​ខេត្ត​កំពត​ បាន​ជំរុញ​ការអនុវត្ត​នូវ​គម្រោង​ការកសាង​ផ្លូវ​ និង​ស្ពាន​ថ្មី​ដែល​ឆ្លងកាត់​ដៃ​ព្រែក​កំពត​ ស្ថិតក្នុង​សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត​ ដែល​អាច​នឹងត្រូវ​ចាប់ដំណើរការ​កសាងឡើង​នៅ​ចុងឆ្នាំ​២០១៩​ និង​ដើមឆ្នាំ​២០២០​ខាងមុខ​នេះហើយ។

នេះ​បើ​ផ្អែក​តាម​ការ​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី​១៧​ ខែកញ្ញា ឆ្នាំ​២០១៩ ស្ដីពី​កិច្ច​ពិភាក្សា​ផ្ដល់​យោបល់ ​ដោយ​ចូលរួម​ពី​សំណាក់ មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត​ និង​អាជ្ញាធរ​ក្រុង​សង្កាត់​ទាំង​៥ ​នៃ​ក្រុង​កំពត ក្រោម​កិច្ចដឹកនាំ​អង្គប្រជុំ​របស់ លោក ជាវ តា​យ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត។

ក្នុង​កិច្ចប្រជុំ​នេះ​បាន​ផ្ដោតជាសំខាន់​លើ​ការចូលរួម​ពិភាក្សា​ផ្ដល់​មតិយោបល់​ពី​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​ និង​សង្កាត់ ស្ដីអំពី​ផល​ប៉ះពាល់ ​នៃ​ការអនុវត្ត​គម្រោង​កសាង​ស្ពាន ​និង​ផ្លូវ ពិសេស​បញ្ហា​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​សងខាង​ផ្លូវ​ នៃ​ក្បាលស្ពាន​ដែល​ត្រូវ​សាង​សង់​នាពេលនេះ។

គម្រោង​ស្ពាន​នេះដែរ​ គឺធ្វើឡើង​ពី​បេតុង​ដែលមាន​ទទឹង​១០​ម៉ែត្រ បណ្ដោយ​៧៥​ម៉ែត្រ​ គឺជា​គម្រោង​ប្រើប្រាស់​ថវិកា របស់​រាជរដ្ឋាភិបាល​ផ្ដល់​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​កសាង​នៅ​ដើម​ឆ្នាំ​២០២០​ខាងមុខនេះ។

ដោយឡែក នៅក្នុង​កិច្ចប្រជុំ​នេះដែរ ក៏បាន​ពិភាក្សា​នូវ​បញ្ហាសំខាន់ៗ​មួយចំនួន​រក​ដំណោះស្រាយ​ពី​ផល​ប៉ះពាល់ ដើម្បី​ចាប់​ដំណើរការ​កសាង​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ឡើងវិញ​បន្ថែម​ទៀត ​នៅ​ចុងឆ្នាំ​២០១៩​នេះ ដែល​ផ្លូវ​នេះ​មាន​ទទឹង​១០​ម៉ែត្រ ប្រវែង​៧៦០​ម៉ែត្រ ជា​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខេត្ត​កំពត ស្ថិត​តាម​បណ្ដោយ​ស្ពាន​ត្រើយ​កោះ​នេះ​ដែល​នឹងត្រូវ​កសាង​ថ្មី​ឡើងវិញ​ផង​ដែរ។

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ​អភិបាលខេត្ត បាន​ណែនាំ​ជំរុញ​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង សង្កាត់ សូម​ឲ្យ​រួមសហការ​គ្នា​បាន​ល្អ ដោយ​សិក្សា​ឲ្យ​បានច្បាស់លាស់​ពី​ផល​ប៉ះពាល់ ដើម្បី​ធ្វើ​របាយការណ៍​ជាក់លាក់​បញ្ជូន​ទៅ​ថ្នាក់​ជាតិ​ឲ្យ​បាន​ឆាប់រហ័ស និង​ដើម្បី​បាន​ដំណើរ​ការកសាង​ស្ពានបេតុង​នេះ​ដំណើរការបាន​លឿន​ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ក៏ដូចជា​ការដឹកជញ្ជូន​នូវ​ទំនិញ​ផ្សេងៗ​ឆ្លងកាត់​ផង​ដែរ។

ជាមួយ​ឱកាស​នោះដែរ ​ដើម្បី​ធ្វើ​ឲ្យ​សោភ័ណភាព អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពត​ បាន​កាន់តែ​ល្អ​ប្រសើរ សម្រាប់​ត្រៀមលក្ខណៈ​អបអរ​ពិធីបុណ្យ​សមុទ្រ​ចុងឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ​ អភិបាល​ខេត្ត ក៏បាន​ក្រើន​រំឭក​ដល់​អាជ្ញាធរ​ក្រុង សង្កាត់​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​សស្រាក់សស្រាំ​បន្ថែម​ទៀត ដោយ​ត្រូវ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​មូលដ្ឋាន​សង្កាត់​នីមួយៗ​របស់ខ្លួន​ផង​ដែរ​។

បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នៅក្នុង​ឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត រួមជាមួយ​សមាជិក​ក៏​បាន​អញ្ជើញ​ចុះទៅពិនិត្យ​ស្វែងយល់ អំពី​ស្ថានភាព​ផ្លូវ និង​ស្ពាន​ដែលមាន​ការខូចខាត ទ្រុឌទ្រោម​ដើម្បី​ធ្វើយ៉ាងណា​នៅក្នុង​ដំណាក់កាល​ នៃ​ដំណើរការ​កសាង​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន។

គួរ​បញ្ជាក់ថា​ ៖ ផ្លូវ​ និង​ស្ពាន​ចាស់​ ដែល​នឹងត្រូវ​ដំណើរការ​ជួសជុល​កសាង​ថ្មី​ឡើងវិញ​នេះ គឺជា​ស្ពាន​ប្រភេទ​ដែក​បា​ឡេ និង​ផ្លូវ​បេតុង ដោយបាន​ឆ្លងកាត់​ក្នុង​សង្កាត់​អណ្ដូង​ខ្មែរ និង​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​។ ហើយ​ផ្លូវ​នឹង​ស្ពាន​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការធ្វើ​ចរាចរណ៍​នូវ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ឆ្លងកាត់​ក្នុង​តំបន់​នេះ​។​ ប៉ុន្តែ​បច្ចុប្បន្ន​ផ្លូវ​ និង​ស្ពាន​នេះ​ មាន​ស្ថានភាព​ដល់​ដំណាក់​កាល​ខូចខាត​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​ ដែល​មិនអាច​ឲ្យ​រថយន្ត​ដឹកទំនិញ​ប្រភេទ​ធុន​ធំ​ឆ្លងកាត់​បាន​ឡើយ ទើប​អាជ្ញាធរ​ខេត្ត​កំពត ជំរុញ​ឲ្យ​មានការ​ជួសជុល និង​កសាង​ឡើងវិញ​តែម្ដង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114