ព័ត៍មានទាន់​ហេតុការណ៏
Search

បើ​ចាប់​បាន​ទាំង​ស្លាប់​កាន់តែ​ល្អ ​៖​ លោក Duterte ព្យាយាម​ចាប់ខ្លួន​អ្នកទោស​ដែល​ត្រូវបាន​ដោះលែង

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​បន្ត​ផ្តល់​ប្រាក់រង្វាន់​ដ៏​ធំ​សម្បើម​សម្រាប់​អ្នក​ចាប់បាន​ឃាតករ​និង​អ្នក​ចាប់រំលោភ​រាប់រយ​នាក់​ដែល​ត្រូវបាន​ដោះលែង​ដោយសារ​ការ​ប្រ​ព្រឹ​ត្ដ​ខុស​របស់​ពន្ធនាគារ​ហើយ​បាន​និយាយថា គាត់​នឹង​សប្បាយចិត្ត​ប្រសិនបើ​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ទាំង​ស្លាប់​ជាជាង​នៅរស់​។​

ការដោះលែង​នៅក្រោម​កម្មវិធី​រង្វាន់​ស​ម្រា​ប់​ឥរិយាបថ​ល្អ​នៃ​ឧក្រិដ្ឋជន​ជាង​១,៧០០​នាក់​ដែល​មានទោស​ពីបទ​ឧក្រិដ្ឋ​ប្រកបដោយ​គ្រោះថ្នាក់​គឺជា​ការរំខាន​យ៉ាងខ្លាំង​សម្រាប់​អតីត​អភិបាលក្រុង​រូបនេះ​ដែល​បាន​ជាប់ឆ្នោត​ស្ទើរតែ​ទាំងស្រុង​លើ​ការសន្យា​ធ្វើ​ឲ្យ​ដងផ្លូវ​មាន​សុវត្ថិភាព​។​

លោក Duterte បាន​និយាយថា មាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​មួយ​លាន​ប៉េ​សូ (១៩,១៧៥​ដុល្លារ​) សម្រាប់​អតីត​អ្នកទោស​ម្នាក់ៗ​ដែល​នៅតែ​កំពុង​លាក់ខ្លួន​។​

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា “​រង្វាន់​មួយ​លាន​អាច​យកបាន​សម្រាប់​អ្នក​ដែល​អាច​ចាប់​ពួកគេ​បាន​ទាំង​ស្លាប់​ឬ​នៅរស់​។ ប៉ុន្តែ​ប្រហែលជា​ស្លាប់​អាចជា​ជម្រើស​ប្រសើរ​ជាង​។ ខ្ញុំ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ស្នាមញញឹម​”​។​

លោក Duterte គឺជា​អតីត​រដ្ឋអាជ្ញា​ដែល​ល្បីល្បាញ​ចំពោះ​សង្គ្រាម​ដ៏​សាហាវ​លើ​គ្រឿងញៀន​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​។​

សុន្ទរកថា​ចុងក្រោយ​របស់គាត់​ទំនងជា​ធ្វើ​ឲ្យ​អ្នកប្រឆាំង​ខឹងសម្បា​ដោយ​ពួកគេ​បាន​ចោទប្រកាន់​គាត់​ពី​ចេតនា​ប្រើ​វោហារសាស្ត្រ​ដែល​អុជអាល​ឲ្យ​មានការ​កាប់សម្លាប់​។ ទោះបីជា​យ៉ាងណាក៏ដោយ ការិយាល័យ​របស់គាត់​បាន​បដិសេធ​ហើយ​និយាយថា ពាក្យសម្តី​របស់គាត់​កំពុងតែ​ទាក់ទាញ​ប្រជាជន​ហ្វីលីពីន​រាប់លាន​នាក់​។​

ច្បាប់​ស្តីពី​អាកប្បកិរិយា​ល្អ​ត្រូវបាន​អនុម័ត​ក្រោម​អ្នក​កាន់តំណែង​មុន​របស់លោក Duterte ដើម្បី​ព្យាយាម​កាត់បន្ថយ​ចំនួន​មនុស្ស​នៅតាម​ពន្ធនាគារ​ដែលមាន​មនុស្ស​ច្រើន​បំផុត​លើ​ពិភពលោក​។​

អ្នកទោស​ជាង​២១,០០០​នាក់​ត្រូវបាន​ដោះលែង​ប៉ុន្តែ​មន្ត្រី​ក្រសួងយុត្តិធម៌​បាន​និយាយថា មាន​ជាង​២,០០០​នាក់​ក្នុងចំណោម​ពួកគេ​គឺ​ត្រូវបាន​កាត់ទោស​ពីបទ​ឧក្រិដ្ឋ​ដូចជា​ការរំលោភ​សេពសន្ថវៈ គ្រឿងញៀន ឃាតកម្ម ការ​សូកប៉ាន់ ការ​ប្លន់ ការចាប់​ជំរិត​និង​ការ​លួច​ដុត​ហើយ​ដូច្នេះ ពួកគេ​មិនមាន​សិទ្ធិ​ទទួលបាន​ការដោះលែង​នោះទេ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114