ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រាសាទ​កណ្ដាល​ស្រះស្រង់ នឹង​ទទួល​បាន​ការ​ជួសជុល​ឆាប់ៗ​ខាងមុខនេះ

សៀមរាប ៖ ស្រះស្រង់ ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​រមណីយដ្ឋាន​អង្គរ និង​មាន​សំណង់​ប្រាសាទ នៅ​កណ្ដាល ជា​តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ។ បច្ចុប្បន្ន​ប្រាសាទ​នេះ បាន​រង​ការ​បាក់បែក​ដោយសារ​កត្តា​ធម្មជាតិ។ ដើម្បី​លើក​តម្លៃ​ប្រវត្តិសាស្ត្រ និង​ទេសភាព​វប្បធម៌ នៃ​ស្រះស្រង់​ឡើងវិញ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​នាពេល​ឆាប់ៗ​ខាងមុខនេះ។

ការជួសជុល​នេះ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន ដោយមាន​ការ​បរិច្ចាគ​ថវិកា​ទាំងស្រុង​ពី លោក​ជំទាវ សៀង ចាន់​ហេង អគ្គ​នាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈ​ព្រះ​តេជ​គណ​ព្រះ​សទ្ធម្ម​ប្បា​កាស​នី​បណ្ឌិត តាត មហា​ទី ចៅ​អធិការ​វត្ត​ព្រះឥន្ទ​កោសា។

តាមរយៈ​ស្មារតី​រួមចំណែក​នាពេលនេះ គេ​សង្កេតឃើញថា ​វិស័យ​ឯកជន​បាននិងកំពុង​តែ​ចូលរួម​យ៉ាងសកម្ម​លើ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។ ជាមួយគ្នានេះដែរ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​លោកជំទាវ សៀង ចាន់​ហេង បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​កិច្ចការ​បេតិកភណ្ឌ​នេះ ដែល​លើកទីមួយ គឺ​លោកជំទាវ​ បាន​រ៉ាប់រង​ជួសជុល​រហាត់ទឹក​បុរាណ​មួយ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​បច្ចុប្បន្ន​កំពុង​ដំណើរការ​ជួសជុល។

គួរ​បញ្ជាក់ថា ប្រាសាទ​កណ្ដាល​ស្រះស្រង់​ ដែល​ស្ថិត​នៅមុខ​ខាងកើត​ប្រាសាទ​បន្ទាយក្ដី កសាង​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នា​សតវត្ស​ទី​១២៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114