ព័ត៍មានទាន់​ហេតុការណ៏
Search

អេ​ស្ប៉ា​ញ​នឹង​រៀបចំ​ការបោះឆ្នោត​ម្តងទៀត​នៅ​ខែវិច្ឆិកា​បន្ទាប់ពី​កិច្ចពិភាក្សា​បរាជ័យ

ប្រទេស​អេ​ស្ប៉ា​ញ​នឹង​រៀបចំ​ការបោះឆ្នោត​ម្តងទៀត​នៅក្នុង​ខែវិច្ឆិកា​ដែលជា​លើក​ទី​៤​ក្នុង​រយៈពេល​៤​ឆ្នាំ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ស្តីទី​លោក Pedro Sanchez បាន​បរាជ័យ​ក្នុង​ការទទួល​បានការ​គាំទ្រ​ដែល​លោក​ត្រូវការ​ពី​គណបក្ស​ដទៃទៀត​។​

លោក Sanchez បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា “​អេ​ស្ប៉ា​ញ​នឹង​រៀបចំ​ការបោះឆ្នោត​ថ្មី​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​”​។ លោក​បានលើកឡើង​បែបនេះ​បន្ទាប់ពី​ស្តេច Felipe ទី​៦​បាន​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​នានា​ហើយ​បាន​សន្និដ្ឋានថា គ្មាន​បេក្ខជន​ណា​ម្នាក់​មានការ​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ទេ​។​

គណបក្ស​សង្គមនិយម​របស់លោក Sanchez បានឈ្នះ​ការបោះឆ្នោត​សកល​កាលពី​ខែមេសា​ប៉ុន្តែ​ទទួល​បានតែ​១២៣​អាសនៈ​ប៉ុណ្ណោះ​ក្នុងចំណោម​អាសនៈ​សភា​ទាំង​៣៥០​។ នោះបាន​ធ្វើ​ឲ្យ​លោក​ត្រូវ​ពឹង​ផ្អែកលើ​ការគាំទ្រ​ពី​គណបក្ស​ដទៃទៀត​នៅក្នុង​សភា​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​បញ្ជាក់​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​មួយ​ផ្សេងទៀត​។​

លោក Sanchez មាន​ពេល​រហូតដល់​ថ្ងៃ​ចន្ទ​ក្រោយ​ដើម្បី​ទទួល​ការបញ្ជាក់​បើ​មិន​ដូច្នោះ​ទេ​ការបោះឆ្នោត​ថ្មី​នឹងត្រូវ​បានរៀបចំ​ឡើង​ដោយ​ស្វ័យប្រវត្តិ​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​ប៉ុន្តែ​កិច្ចពិភាក្សា​របស់លោក​ជាមួយ​គណបក្ស​ផ្សេងទៀត​ដើម្បី​ព្យាយាម​យកឈ្នះ​ការគាំទ្រ​របស់​ពួកគេ​គឺ​មិនបាន​ទទួលលទ្ធផល​អ្វី​ឡើយ​។​

បន្ទាប់ពី​បញ្ចប់​កិច្ចពិភាក្សា​រយៈពេល​២​ថ្ងៃ​ជាមួយ​មេដឹកនាំ​គណបក្ស​កាលពី​ថ្ងៃ​អង្គារ ព្រះមហាក្សត្រ​មានបន្ទូល​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ព្រះអង្គ​នឹងមិន​ដាក់​បេក្ខជន​ថ្មី​ដើម្បី​ស្វែងរក​ទំនុកចិត្ត​ពី​សភា​ឲ្យ​ក្លាយទៅជា​នាយករដ្ឋមន្ត្រី​ឡើយ​ពីព្រោះ​គ្មាន​មេដឹកនាំ​គណបក្ស​ណាមួយ​ដែលមាន​សំឡេងគាំទ្រ​ភាគច្រើន​នៅក្នុង​សភា​នោះទេ​។​

គួរ​បញ្ជាក់ថា អេ​ស្ប៉ា​ញ​ដែលជា​ប្រទេស​សេដ្ឋកិច្ច​ចាយប្រាក់​អឺរ៉ូ​ធំជាងគេ​លំដាប់​ទី​៤​គឺ​បាន​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ដោះស្រាយ​ដូចជា​ចលនា​បំបែក​ខ្លួន​ដែល​កំពុង​បន្ត​នៅ​តំបន់​កាតា​ឡាន អត្រា​គ្មាន​ការងារ​ធ្វើ​ខ្ពស់ ប្រាក់​ឈ្នួល​ទាប​និង​អសន្តិសុខ​ការងារ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114