ព័ត៍មានទាន់​ហេតុការណ៏
Search

របាយការណ៍ UN រកឃើញថា ជនអន្តោប្រវេសន៍​រប​ស់​ពិភពលោក​ឥឡូវនេះ​មាន​ចំនួន​២៧២​លាន​នាក់

តំបន់​អឺរ៉ុប​និង​អាមេរិក​ខាងជើង​បាន​ស្រូបយក​ចំណែក​ដ៏​ធំ​បំផុត​នៃ​ជន​ចំណាកស្រុក​ចំនួន​២៧២​លាន​នាក់​នៅលើ​ពិភពលោក​ខណៈ​ចំនួន​មនុស្ស​បាន​កើនឡើង​២៣​ភាគរយ​ក្នុង​រយៈពេល​មួយ​ទសវត្ស​កន្លងមកនេះ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​

របាយការណ៍​បាន​រកឃើញថា មាន​ជនអន្តោប្រវេសន៍​ចំនួន​៨២​លាន​នាក់​កំពុង​រស់នៅ​អឺរ៉ុប​និង​៥៩​លាន​នាក់​នៅ​អាមេរិក​ខាងជើង​ក្នុង​ឆ្នាំ​២០១៩​បន្ទាប់មក​គឺ​អាហ្វ្រិក​ខាងជើង​និង​អាស៊ី​ខាងលិច​ដែលមាន​ចំនួន​៤៩​លាន​នាក់​រៀងៗ​ខ្លួន​។​

យោងតាម​របាយការណ៍​ដែល​រៀបចំឡើង​ដោយ​ក្របខណ្ឌ​ប្រជាជន​នៃ​នាយកដ្ឋាន​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៩​មាន​ជនអន្តោប្រវេសន៍​ច្រើនជាង​ឆ្នាំ​២០១០​ចំនួន​៥១​លាន​នាក់​ពោលគឺ​កើនឡើង​២៣​ភាគរយ​។​

របាយការណ៍​បាន​និយាយថា ជន​ចំណាកស្រុក​មាន​ចំនួន​៣,៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​បើ​ប្រៀបធៀប​ទៅនឹង​២,៨​ភាគរយ​នៅក្នុង​ឆ្នាំ​២០០០​។​

លោក Liu Zhenmin អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​និង​សង្គម​បាន​និយាយថា “​ទិន្នន័យ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការស្វែងយល់​ពី​តួនាទី​សំខាន់​របស់​ជនអន្តោប្រវេសន៍​និង​ការធ្វើ​ចំណាកស្រុក​ក្នុងការ​អភិវឌ្ឍ​នៃ​ប្រទេស​ដែលជា​ប្រភពដើម​និង​ទិសដៅ​”​។​

លោក​បាន​បន្ថែមថា “​ការធ្វើ​ចំណាកស្រុក​និង​ការ​ចល័ត​ប្រជាជន​ដោយមាន​សណ្តាប់ធ្នាប់ មាន​សុវត្ថិភាព ទៀងទាត់​និង​មា​នំ​នួ​ល​ខុសត្រូវ​គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។​

ការវិភាគ​តាម​ប្រទេស​របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា ពាក់កណ្តាល​នៃ​ជន​ចំណាកស្រុក​ទាំង​២៧២​លាន​នាក់​គឺ​បានរស់នៅ​ក្នុងប្រទេស​ត្រឹមតែ​១០​ប៉ុណ្ណោះ​ខណៈដែល​សហរដ្ឋអាមេរិក​ស្ថិតនៅ​លំដាប់​ទី​មូ​យ​ដោយមាន​ជនអន្តោប្រវេសន៍​ចំនួន​៥១​លាន​នាក់​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114