ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្សនយោបាយ​ធំ​ទាំង​២​របស់​អ៊ីស្រាអែល​ស្ថិតក្នុង​ភាពជាប់គាំង​ក្រោយ​ការបោះឆ្នោត

គណបក្សនយោបាយ​ធំ​ទាំងពីរ​របស់​ប្រទេស​អ៊ីស្រាអែល​កំពុងស្ថិត​ក្នុង​ភាពជាប់គាំង​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ការបោះឆ្នោត​ម្តងទៀត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដោយ​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu កំពុង​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ដើម្បី​បន្តការងារ​របស់គាត់​។​

អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក Avigdor Lieberman បាន​និយាយថា​លោក​នឹង​ទទូច​ឲ្យ​មាន​រដ្ឋាភិបាល​បង្រួបបង្រួម​មួយ​រវាង​គណបក្ស Likud របស់លោក Netanyahu និង​គណបក្ស Blue and White របស់លោក Benny Gantz ដោយ​ផ្អែកលើ​លទ្ធផល​មួយផ្នែក​ដែល​បច្ចុប្បន្ន​គណបក្ស​ទាំងពីរ​មាន​អាសនៈ​ចំនួន​៣២​រៀងៗ​ខ្លួន​ក្នុងចំណោម​អាសនៈ​ទាំង​១២០​នៅក្នុង​សភា​។​

លោក Lieberman បាន​និយាយថា នោះ​គឺជា​ជម្រើស​តែមួយគត់​។ បញ្ហា​នេះ​អាច​បង្កបញ្ហា​ធ្ងន់ធ្ងរ​ដល់​ការគ្រប់គ្រង​ដ៏​យូរអង្វែង​របស់លោក Netanyahu​។​

បើ​គ្មាន​ការយល់ព្រម​ពី​លោក Lieberman ទេនោះ គណបក្ស​ទាំងពីរ​ហាក់ដូចជា​នឹងមិន​ទទួលបាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ជាមួយ​សម្ព័ន្ធមិត្ត​មនោគមវិជ្ជា​ឡើយ​។​

លោក Gantz ដែលជា​អតីត​មេបញ្ជាការ​យោធា​បាន​ច្រាន​ចោលការ​អង្គុយ​ចរចា​ជាមួយ​គណបក្ស Likud ដែល​ដឹកនាំ​ដោយ​លោក Netanyahu ស្រប​ពេលដែល​នាយករដ្ឋមន្ត្រី​រូបនេះ​ត្រូវបាន​គេ​រំពឹងថា​នឹងរង​ការចោទប្រកាន់​ពីបទ​ពុករលួយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

លោក Netanyahu បាន​ស្វែងរក​សំឡេង​ភាគច្រើន​ដាច់ខាត​ជាមួយ​សម្ព័ន្ធមិត្ត​រឹងទទឹង​និង​ជ្រុលនិយម​របស់គាត់​ក្នុង​ក្តីសង្ឃឹម​នៃ​ការអនុម័ត​ច្បាប់​មួយ​ដែល​នឹង​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​គាត់​ពី​ការចោទប្រកាន់​។​

អគ្គមេធាវី​អ៊ីស្រាអែល​បានផ្តល់​អនុសាសន៍​ឲ្យ​ចោទប្រកាន់​លោក Netanyahu ពីបទ​ស៊ីសំណូក ការ​ក្លែងបន្លំ​និង​ការរំលោភ​សេចក្តីទុកចិត្ត​លើ​រឿងអាស្រូវ​ចំនួន​៣​។​

ការចោទប្រកាន់​ជា​ផ្លូវការ​នឹង​បង្កើន​សម្ពាធ​ទៅលើ​លោក Netanyahu ឲ្យ​ចុះចេញ​ប្រសិនបើ​គាត់​មិនមាន​អភ័យឯកសិទ្ធិ​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114