ព័ត៍មានទាន់​ហេតុការណ៏
Search

ចំណាប់អារម្មណ៍​គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន មុន​តតាំង​គ្នា​ក្នុង​ពាន​សម្តេច​តេ​ជោ ហ៊ុន សែន វគ្គ ១/២

ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ នៃ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ នឹង​ចាប់​ផ្តើម​ការប្រកួត​ដទៃទៀត​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ៦​ល្ងាច សម្រាប់​ជំនួប​រវាង ព្រះខ័ន​រាជ​ស្វាយរៀង ទល់នឹង ភ្នំពេញ​ក្រោ​ន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

យ៉ាងណា​មុន​ការប្រកួត​មកដល់ នា​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ ២០១៩ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​អំពី​ការប្រកួត​ពានរង្វាន់​ស​ម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ រវាង ព្រះខ័ន​រាជ​ស្វាយរៀង ទល់នឹង ភ្នំពេញ​ក្រោ​ន ដោយ​គ្រូ​ព្រះខ័ន​រាជ​ស្វាយរៀង និង​គ្រូ​ភ្នំពេញ​ក្រោ​ន សុទ្ធតែ​បានលើកឡើង​ផ្សេៗ​ពីគ្នា​សម្រាប់​ការប្រកួត​នេះ​។

លោក Conor Nestor គ្រូបង្វឹក​នៃ​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ពិត​ណាស់​យើង​រៀបចំ​បាន​ល្អ ពិតណាស់​យើង​មានការ​ប្រកួត​ជាមួយ​បាទី កាលពី​ថ្ងៃអាទិត្យ ហើយ​យើង​មាន​កីឡាករ​ដែល​ត្រលប់​មកវិញ​ពី​ក្រុម​ជម្រើសជាតិ​ជាមួយ​បញ្ហា​របួស ដូច្នេះ​នៅពេលនេះ​យើង​មាន​បញ្ហា​កីឡាករ​របួស ដូចជា សឿ​យ វិសាល​, សំណាង​, មុន្នី​ឧ​ត្ត​ម និង​គ​ន្ធា រ៉ាវ​ណ្ណ ដែល​សុទ្ធសឹង​តែ​មាន​បញ្ហា​របួស តែ​ក្រៅ​ពី​នេះ​យើង​ក៏បាន​ហ្វឹកហាត់​យ៉ាង​ម៉ត់ចត់ ជាមួយនឹង​ការរៀបចំ យើង​រួចរាល់​សម្រាប់​ការប្រកួត​នេះ​។​»

លោក ស៊ុំ វណ្ណា គ្រូ​បង្វឹក​បណ្ដោះអាសន្នរ​បស់​ភ្នំពេញ​ក្រោ​ន បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​វិញ​ថា «៤​ក្រុម​ដែល​បាន​ឡើង​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ មិនមែនជា​ក្រុម​តូចតាច​ទេ គឺ​សុទ្ធតែ​ជា​ក្រុម​ធំ​ទាំងអស់ និង​សុទ្ធ​តែ​មាន​មនសិការ​រៀងខ្លួន ដើម្បី​រៀបចំ​ក្រុម​បានល្អ​ប្រសើរ​ដណ្តើម​ជ័យជម្នះ​។ ចំពោះ​ក្រុម​យើង​ដូចគ្នា មកដល់​វគ្គ​នេះ​ហើយ​យើង​មិនបាន​គិត​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង ពីមុនមក​មិនទាន់​ស្គាល់​ចាញ់ ដោយ​ស្មើ និង​ឈ្នះ នៅ​ក្នុង​លី​គ​ហើយ​ចាត់ទុក​វា​ជា​សម្ពាធ​របស់​យើង​នោះទេ​។ តែ​មកដល់ពេលនេះ​កីឡាករ​ខ្មែរ​លេង​ជាមួយ​កីឡាករ​ខ្មែរ​ដូចគ្នា​តែម្តង បានន័យថា​៥០​ភាគរយ​ដូចគ្នា បើសិនជា​ក្រុម​ណា​មានឱកាស ឆន្ទៈ​ខ្ពស់ ក្នុង​ទីលាន​ក្រុម​នោះ​នឹង​ក្លាយជា​អ្នកឈ្នះ​។ ក្រុម​យើង​បានរៀបចំ​រួចជាស្រេច ហើយ​ខាងគេ​ក៏បាន​រៀបចំ​ដូចគ្នា ប៉ុន្តែ​អ្វី​សំខាន់​នោះគេ​៩០​នាទី​លើ​ទីលាន​។ កន្លែង​នេះ​សម្រាប់​ក្លិប ភ្នំពេញ​ក្រោ​ន គឺ​យើង​ប្តូរ​អស់ហើយ​ទាំង​កីឡាករ និង​ក្រុមការងារ មិនអាច​ឲ្យ​របូត​បាន​នោះទេ​។ ទោះជា​យ៉ាងណា​ក៏​យើង​ប្តូរ​ជ័យជម្នះ​សម្រាប់​លើកតម្កើង​ក្រុម​របស់​យើង​ឲ្យ​ល្អប្រសើរ ដើម្បី​ឈានទៅ​វគ្គ​បន្តទៀត​។​»

សូម​បញ្ជាក់ថា ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នឹងធ្វើ​ឡើង​នៅវេលា​ម៉ោង ៦​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ការប្រកួត​នេះ​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍ BTV News ផងដែរ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114