ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ៖ ការអនុវត្ត​នូវ​នយោបាយ​ចិន​តែមួយ​គឺជា​ការគោរព​នូវ​អធិបតេយ្យភាព​របស់​ចិន

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​គោរព​អធិបតេយ្យភាព របស់​ចិន​វា​មានតម្លៃ​ស្មើនឹង​ការ​គោរព​អធិបតេយ្យ​កម្ពុជា​ខ្លួនឯង​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយនឹង​អ្នកយក​ព័ត៌មាន​មកពី​សារព័ត៌មាន​ល្បី​ៗ​ចំនួន​៣​ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទូរទស្សន៍​CCTV​សារព័ត៌មាន Xinhua និង​វិទ្យុផ្សាយសម្លេង​កម្ពុជា​-​ចិន ក្នុង​ឱកាស​អបអរសាទរ​ខួប៧០​ឆ្នាំ ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ កាល​ថ្ងៃ​ទី​៩​ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បាន​ចាក់ផ្សាយ​នៅ​តាម​បណ្តាញ​ព័ត៌មាន​ជាតិ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​នេះ។

ថ្លែង​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ចិន​សម្តេច​តេ​ជោ​ហ៊ុន សែន​ បាន​កត់សម្គាល់​ថា «​ប្រទេស​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែមួយ​។ សម្តេច​បាន​បញ្ជក់​ថា សម្តេច​តែងតែ​ប្រាប់​សហការី​របស់​សម្តេច​ទាំង​ក្នុង​គណបក្ស​ទាំង​ក្នុង​រដ្ឋាភិបាល​ថា បើ​យើង​ទាក់ទង​ជាមួយ រដ្ឋាភិបាល​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​យើង​កុំ​មានការ​ភាន់ច្រឡំ​ណាមួយ​ជាមួយ​តៃវ៉ាន់​ឲ្យ​សោះ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែមួយ ​ហើយ​ការអនុវត្ត​នូវ​នយោបាយ​ចិន​តែមួយ​គឺជា​ការ​គោរព​នូវ​អធិបតេយ្យភាព​របស់​ចិន​។

ការ​គោរព​អធិបតេយ្យភាព​របស់​ចិន​វា​មានតម្លៃ​ស្មើនឹង​ការ​គោរព​អធិបតេយ្យ​កម្ពុជា​ខ្លួនឯង​។​ ចំណុច​នេះ​គឺ​បាន​រត់​រកគ្នា​ទៅលើ​ការ​គោរព​ឯករាជ្យ​ភាព​ និង ផលប្រយោជន៍​ទៅវិញទៅមក​នេះ​គឺជា​ចំណុច ពិសេស​ក្នុង​ទំនាក់ទំនង​របស់​យើង​»​។

នៅ​ក្នុង​បទសម្ភាសន៍​ប្រមាណ​ជាង ៤៧​នាទី សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ដោយ​ការ​គោរព និង​កោតសរសើរ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​យ៉ាង​កក់ក្តៅ​ចំពោះ​ខួប​ទី ៧០​ឆ្នាំ​ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ក្រោម​ការដឹកនាំ​របស់​គណបក្សកុម្មុយនិស្ត​ចិន​ ប្រទេស​ចិន​បាន​ទទួល​សមិទ្ធផល​នៃ​ការអភិវឌ្ឍន៍​មហាអស្ចារ្យ​ហើយ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ដល់​វិបុលភាព​និង​ការអភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​និង​នៅលើ​ពិភពលោក​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ភាព​រីកចម្រើន​របស់​ចិន​គឺ​សម្រាប់​ការ​រីកលូតលាស់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺជា​រឿង​អស្ចារ្យ​ណាស់​ដែល​អាច​បង្ហាញ​ឃើញ​ពី​តួនាទី​នៅ​ត្រង់​ថា ​ទំហំ​ផ្ទៃដី​របស់​ចិន​ប្រហែលជា​មិន​ដល់ ១០​ភាគរយ​នៃ​ផ្ទៃដី​ពិភពលោក​នោះ​ទេ ក៏ប៉ុន្តែ​ចិន​បាន​ចិញ្ចឹម​ប្រជាពលរដ្ឋ​គឺ​ប្រមាណ​ជិត ២០​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​ឯណោះ​។ នោះ​ហើយ​គឺជា​សមិទ្ធផល​ដែល​ពួកគេ​មិន​មើល​រំលង​អំពី​ទិដ្ឋភាព​បែបនេះ​អាចជា​សមិទ្ធផល​ដឹកនាំ​ដ៏​អស្ចារ្យ​របស់​បក្សកុម្មុយនិស្ត​ចិន​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ចិន​បាន​ក្លាយ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២ នៃ​ពិភពលោក ដែល​ប្រមាណ​ជា​១០​ទៅ​២០​ឆ្នាំមុន​នោះ​គ្មាន​នរណា​នឹកស្មាន​ដល់​ថា ចិន​អាច​ដើរ​ដល់​កម្រិត​នេះ​ទេ​។ នេះ​គឺជា​ចំណុច​ដែល​ត្រូវ​មើល​ឃើញ​ពី​ល្បឿន​នៃ​ការ​ហក់​ឡើង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើ​គ្រប់​វិស័យ​ក្នុង​នោះ វិស័យសេដ្ឋកិច្ច ជីវភាព​ប្រជាជន​មាន​ការ​កើនឡើង​គួរ​ឲ្យកត់សម្គាល់​។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បន្តថា ក្រៅពី​ការអភិវឌ្ឍន៍​ប្រទេស​ខ្លួនឯង​ចិន​បាន​ដើរ​តួនាទី​សំខាន់ៗ​នៅក្នុង​ការ​នាំមក​នូវ​វិបុលភាព​សម្រាប់​តំបន់​និង​ពិភពលោក។ ក្នុងអំឡុងពេល​កើតមាន​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​១៩៩៨ និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​២០០៨ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​កើន​ឡើងជា​បន្តបន្ទាប់​ដោយបាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​អាស៊ី​និង​ពិភពលោក។​ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ ផ្លូវ​ដែល​លើកឡើង​ដោយ​លោកស៊ី ជីន​ពីង ប្រធាន​រដ្ឋ​ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​ទទួល​បាន​ផលប្រយោជន៍។ ប្រទេស​ជាច្រើន​កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង​និង​កាន់តែ​មានការ​ចូលរួម​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ស្រប​ពេលដែល​កម្ពុជា​ក៏​ជា​អ្នក​ទទួលផល​នៃ​ការរីកលូតលាស់​សេដ្ឋកិច្ច​ចិន​ផងដែរ។

សម្តេច​តេ​ជោ​បន្ត​ថា សម្រាប់​កម្ពុជា​គ្រាន់តែ​ជា​ផ្នែក​មួយ​ដែល​ត​ភ្ជាប់​ទាញ​យក​ប្រយោជន៍​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​ហើយ​វា​ស្រប​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​រវាង​យុទ្ធសាស្ត្រ​ចតុកោណ​និង​ជាមួយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ដែល​អាច​ផ្តល់​នូវ​កម្ពុជា​រីក​លូតលាស់​តាមរយៈ​ការប្រើប្រាស់​នូវ​វិធានការ​ជា​កញ្ចប់​និង​វិធានការ​តាម​ផ្នែក​ដែល​លេច​ចេញពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន។

សម្តេច​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ផល​ដែល​កម្ពុជា​បាន​ទទួល​ដូចជា​ការកសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​និង​ការអភិវឌ្ឍន៍​ដទៃ​ទៀត​ ដែល​កម្ពុជា​កំពុង​ទទួល​ផល​ប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ដែល​សំយោគ​មក​គួបផ្សំ​ជា​មួយ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន​ដែល​តែងតែ​ផ្តល់​ជំនួយ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​កម្ពុជា​ក្នុង​រយៈពេល​យូរអង្វែង។ ចិន​បាន​ផ្តល់​ជំនួយ​សម្រាប់​ក​ម្ពុ​ជា​ដោយ​គ្មាន​ការ​ផ្សារភ្ជាប់​លក្ខខណ្ឌ​ណាមួយ​ទេ។ គោលការណ៍​គោរព​ឯករាជ្យ អធិបតេយ្យភាព​គឺជា​ចំណុច​ពិសេស​ដែល​កម្ពុជា​ក៏ដូចជា​ប្រទេស​មិត្តភក្ដិ​ដទៃ​ទៀត​តែងតែ​ធ្វើការ​ជាមួយ​ចិន​បាន​យ៉ាង​ល្អ​។

សម្តេច​បាន​លើក​ឡើងថា ​ប្រសិនបើ​គ្មាន​ជំនួយ​ ឬ​ ការឧបត្ថម្ភ​របស់​ចិន​ទេ សួរ​ថា​ មកដល់ពេលនេះ​តើ​កម្ពុ​ជា​មាន​ផ្លូវថ្នល់​ប្រមាណ​៣០០០​គីឡូម៉ែត្រ និង​ស្ពាន​ធំៗ​ឆ្លងកាត់​ទន្លេ​ជំនួស​ឲ្យ​ផ្លូវ​ដែល​គ្មាន​កាលពី​ពេលមុន​និង​ស្ពាន​ដែល​គ្មាន​ពី​ពេលមុន​នោះ​អត់​? ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កម្ពុជា​ទទួល​បាន​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺ​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ខ្លាំង​ណាស់។

ការ​តភ្ជាប់​ផ្ទៃក្នុង​របស់​កម្ពុជា​ខ្លួនឯង​ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅលើ​ជំនួយ​ឧបត្ថម្ភ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្លូវ​ជាង ៣ ០០០​គីឡូម៉ែត្រ​នេះ គឺ​ត​ភ្ជាប់​ផ្ទៃក្នុង​ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​សមាហរណកម្ម​ខ្លួន​ឯង​បាន។ បន្ថែម​លើ​នោះ ចិន​ក៏បាន​ជួយ​ធ្វើ​ឲ្យ​យើង​បាន​ត​ភ្ជាប់​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេសជិតខាង​ក្នុង​តំបន់។ ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ក៏ដូចជា​នៅទី​ណា​ក៏ដោយ គេ​និយាយ​អំពី​ការ​តភ្ជាប់​ ប៉ុន្តែ​ការ​តភ្ជាប់​ចាំបាច់​ត្រូវ​មាន​ទុន ខណៈ​ដែល​កម្ពុជា​ពុំ​មាន​ទុន​គ្រប់គ្រាន់​ទេ ដូច្នេះ​យើង​ត្រូវ​ពឹង​ពាក់​ពី​មិត្តភក្ដិ ​ក្នុង​នោះ​ពឹង​ពាក់​ច្រើន​ជាង​គេ​ គឺ​ពឹង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ត​ភ្ជាប់​ផ្ទៃក្នុង​ផង​និង​ត​ភ្ជាប់​យើង​ជា​មួយ​នឹង​ប្រទេស​ថៃ​ត​ភ្ជាប់​យើង​ ជាមួយ​ប្រទេស​វៀតណាម​និង​ត​ភ្ជាប់​យើង​ជាមួយ​ប្រទេស​ឡាវ​ ដែល​ជា​ចំណុច​ដ៏​សំខាន់​នៅ​ក្នុង​របៀបវារៈ​អាស៊ាន​ក៏ដូចជា​សមាហរណកម្ម​ក្នុង​តំបន់​មេគង្គ​របស់​យើង​ឬក៏​អាច​និយាយបានថា ​នៅ​ទូទាំង​អាស៊ី​តែម្តង​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ការផ្លាស់ប្តូរ​វប្បធម៌ ព័ត៌មាន​និង​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​។​ សម្តេច​បាន​សង្កេតឃើញ​ថា មាន​ទាំង​វិទ្យុ​និង​ទូរទស្សន៍​ក្នុងការ​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​ដែល​បាន​ផ្តល់​ឱកាស​ដល់​ប្រជាជន​ចិន​យល់​ពី​កម្ពុជា​ហើយក៏​ផ្តល់​ឲ្យ​កម្ពុជា​យល់​ពី​ចិន​ផងដែរ​។

សម្តេច​តេ​ជោ​បាន​លើកទឹកចិត្ត​ឲ្យ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍ ដែល​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​និង​បណ្តាញ​ព័ត៌មាន​ដែលមាន​សហប្រតិបត្តិកា​រ​ជាមួយគ្នា​ដូចជា​ខាង​ភាគី​ចិន​ក៏ដូចជា​ស្ថាប័ន​ព័ត៌មាន​រដ្ឋ​និង​ឯកជន​នៃ​ប្រទេស​ទាំងពីរ​សូម​លើកទឹកចិត្ត​ឲ្យ​បន្ត​សហការគ្នា​ផ្តល់​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅមក ពី​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​និង​កិច្ចការ​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ដែល​នោះ​គឺជា​ការ​លើក​ស្ទួយ​ទំនាក់ទំនង​ប្រជាជន​ជំរុញ​ដល់​ទំនាក់ទំនង​ក្នុង​វិស័យ​ទេសចរណ៍ វប្បធម៌ វិស័យ​ព័ត៌មាន​ក៏ដូចជា​ជួយ​ទ្រទ្រង់​ទំនាក់ទំនង​ផ្នែក​នយោបាយ​សេដ្ឋកិច្ច​ក៏ដូចជា​វិស័យ​ដទៃ​ទៀត រវាង​រដ្ឋ​និង​រដ្ឋ ដែល​យើង​មិន​ត្រូវ​មើល​រំលង​ទេ ចំណុច​នេះ​មិន​ត្រូវ​មើលស្រាល​ទេ​។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដោយ​ស្មោះ​ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ចិន​ថា ក្នុងឋានៈ ជា​មិត្តភក្ដិ​មួយ​របស់​ចិន​សូម​ជូនពរ​ដល់​ប្រជាជន​ចិន បក្សកុម្មុយនិស្ត​ចិន ក៏ដូចជា​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ទទួល​បាន​សមិទ្ធផល​កាន់តែ​ធំធេង បន្ថែម​ទៀត​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត​ដើម្បី​ជួយ​ដល់​ប្រជាជន​ចិន រីកលូតលាស់​ខ្លួនឯង​ផង​និង​ជួយ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114