ព័ត៍មានទាន់​ហេតុការណ៏
Search

សមាជិក​ជម្រើសជាតិ​កីឡាករ ហ៊ួ​យ ផល្លី​ន ត​កុងត្រា​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង រយៈពេល​វែង

នៅ​ក្នុង​ដំណើរ​នៃ​ឆ្នាំ​ដ៏​ល្អ​របស់​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​កំពុង​សម្លឹង​មើល​ការ​ដណ្តើម​យក​ពានរង្វាន់​ធំៗ​ពីរ​ក្នុងស្រុក គឺ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៩​នេះ ពួកគេ​បាន​បន្ត​កុងត្រា​ជាមួយ​កីឡាករ​របស់ខ្លួន ១​រូប​បន្ថែម​ទៀតហើយ ពោលគឺ​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ កីឡាករ ហ៊ួ​យ ផល្លី​ន​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្លិប​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ២០១៩​នេះ មាន​ខ្លឹមសារ​ដូចតទៅ ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង មាន​សេចក្តី​សោមនស្ស​រីករាយ​ជាខ្លាំង នៅ​ក្នុង​ការប្រកាស​បន្ត​កិច្ចសន្យា​រយៈពេល​វែង​ជាមួយ​កីឡាករ #11 ផល្លី​ន​។ ពួក​យើង​ទាំងអស់​គ្នា ​ដែល​នៅក្នុង​ក្លឹប ពិតជា​អរគុណ​ដល់​រូបគេ​ខ្លាំង​ណាស់ ចំពោះ​ការ​ការ​ប្តេជ្ញាចិត្ត​របស់​អ្នក​, ហើយ​ពួក​យើង​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​មាន​អ្នក​នៅ​ជាមួយ​ពួកយើង និង​បន្តដំណើរ​ទៅ​មុខជា​បន្តទៀត​។ យើង​ទៅ​ទាំងអស់គ្នា​!!

សូម​បញ្ជាក់​ថា ហ៊ួ​យ ផល្លី​ន ត្រូវ​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​កីឡាករ​យុវជន​ថ្នាល​របស់​ក្លិប​ផ្ទាល់​តែម្ដង ដោយ​បាន​ចាប់ផ្ដើម​អាជីព​ពី​ឆ្នាំ​២០០៨ ក្នុងនាម​ជា​ខ្សែបម្រើ​កណ្ដាល និង​បាន​ជួយ​កីឡា​ករទាំង ២​រូបនេះ​សុទ្ធតែ ធ្លាប់​រួមចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង លើក​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចំនួន​៤​ដង ក្នុងចំណោម​ការ​ឈ្នះ​ទាំង ៤​ដង រួមជាមួយ​លី​គ​កំពូល​កម្ពុជា ១​ដង​ផងដែរ កាលពី​ឆ្នាំ​២០១៣​។

កីឡាករ​វ័យ ២៤​ឆ្នាំ​រូប​នេះ​ បាន​ជាប់​ជម្រើស​ជាតិ​តាំងពី​យុវជន​រហូតដល់​ឈុត​ធំ ពោល​គឺ យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៦​ឆ្នាំ​, ១៩​ឆ្នាំ​, ២២​ឆ្នាំ និង​ជម្រើសជាតិ​ឈុត​ធំ នៅ​ឆ្នាំ​២០១៣ និង​បាន​បង្ហាញខ្លួន​បាន ២៨​ប្រកួត​ផងដែរ​។

គួរ​រំលឹក​ថា គិត​ត្រឹម​បច្ចុប្បន្ន ព្រះខ័ន​រាជ​ស្វាយរៀង បាន​បន្ត​កុងត្រា​ជាមួយ​កីឡាករ​របស់​ខ្លួន​ទាំង ឈុត​ធំ និង​ថ្នាល​យុវជន​រួម​មាន ប្រធាន​ក្រុម សឿ​យ វិសាល​, សារ៉េត គ្រី​យ៉ា​, រស់ គង់​សំរេច​, សុខ សំណាង​, ឃៀង ម៉េង​ហួរ​, គឹម សុខ​យុទ្ធ​, ត្រាយ វិចិត្រ​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ណុប តុលា និង​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ មិន រតនៈ និង អ៊ឹម សុ​ផា​និត្យ ដែលជា​យុវជន ក៏​បន្ត​កុងត្រា​មាន​រយៈពេល​វែង​ដូចគ្នា​។

ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ដោយ​មិនទាន់​ស្គាល់​បរាជ័យ និង​នៅ​សល់​តែ ៤​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​គ្រង​ជើងឯក ដែល​តាម​ពីក្រោយ​ដោយ វិសាខា នៅ​លេខ​២ មាន​គម្លាត ៨​ពិន្ទុ​។ ខណៈ​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន នឹងត្រូវ​ជួប ភ្នំពេញ​ក្រោ​ន ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114