ព័ត៍មានទាន់​ហេតុការណ៏
Search

ជា​រី ចន្ថា​ប៊ី​ន និយាយ​អំពី​ស្ថានភាព​របួស​របស់ខ្លួន​នាពេល​បច្ចុប្បន្ន​នៅ​ក្លិប Terengganu FC

កីឡាករ​កូនកាត់ ខ្មែរ​-​បារាំង ជា​រី ចន្ថា​ប៊ី​ន ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់ Terengganu FC នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី បាន​និយាយ​អំពី​ស្ថានភាព​របួស​របស់ខ្លួន នាពេល​បច្ចុប្បន្ន ដែលនាំឱ្យ​រូបគេ​អវត្តមាន​ជាមួយ​ក្លិប​មួយរយៈ​កន្លងមក​។

ជា​រី ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុមការងារ កម្ពុ​ជាថ្មី បាន​និយាយថា “ គិត​មកទល់ពេលនេះ បញ្ហា​របួស​របស់ខ្ញុំ​គឺជា​សះស្បើយ​វិញ ១០០​ភាគរយ​ហើយ ខ្ញុំ​កំពុងធ្វើការ​ខ្លាំង​លើ​កាយសម្បទា​របស់ខ្ញុំ ”។

អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​រូប​នេះ​ បាន​បញ្ជាក់​ថា រូបគេ​បាន​រងរបួស​ជង្គង់​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ គ្រា​ដែល Terengganu ប្រកួត​ទល់នឹង Kedah ក្នុង​ក្របខ័ណ្ឌ​លី​គ​ម៉ាឡេស៊ី​។

ចន្ថា​ប៊ី​ន អះអាង​ថា “ ខ្ញុំ​មិន​ដឹង ហើយ​កាន់តែ​មិនបាន​គិត​អំពី​ថា​តើ​គ្រូ​បង្វឹក​យល់​យ៉ាងណា​មក​លើ​ខ្ញុំ តែ​ចំពោះ​ខ្ញុំ​គឺ​ខ្ញុំ ផ្តោត​លើ​កត្តា​សុខភាព និង​ស្ថានភាព​របស់ខ្ញុំ​តែប៉ុណ្ណោះ បើ​ខ្ញុំ​មិន​អាច​លេង​បាន អញ្ចឹង​ខ្ញុំ​ក៏​មិនអាច​បង្ហាញ​ទៅ​នរណា​ម្នាក់​បាន​ដែរ ហេតុ​នេះ​ហើយ ខ្ញុំ​ធ្វើយ៉ាងណា​ច្បាស់​ខ្លួនឯង ១០០​ភាគរយ ហើយ​មិន​បារ​ម្មណ៍​ពី​រឿង​ផ្សេង នៅ​ជម្រើសជាតិ​ក៏​ដូចគ្នា បើ​ខ្ញុំ​មាន​របួស ខ្ញុំ​មិន​អាច​បង្ហាញខ្លួន​បានទេ ”។

ចំពោះ​ការ​ត្រៀមខ្លួន​រួចរាល់​នឹង​ត្រឡប់​មកជួយ​ក្លិប​វិញ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ ដែល Terengganu បរាជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ រូបគេ​ខកខាន​សម្រេច​គ្រាប់​បាល់​នៅ​វគ្គ​កាត់​សេចក្តី ( Penalty Shootout) ជា​រី បាន​ឆ្លើយ​ថា “ បើ​ខ្ញុំ​ត្រូវបាន​ដាក់​ឲ្យ​លេង ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អស់ពី​សមត្ថភាព​ខ្ញុំ ដើម្បី​ឈ្នះ និង​លើក​ពាន​មួយ​នេះ​។ ពួក​យើង​បាន​រៀនសូត្រ​ជាច្រើន​ពី​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ទាំង​បទពិសោធន៍ ដូចនេះ​យើង​នឹង​មិន​ឲ្យ​វា​កើតឡើង​ម្តង​ទៀត​ទេ យើង​មាន​កីឡាករ​ដែល​មាន​គុណភាព និង​ស្មារតី​ខ្ពស់ ខ្ញុំ​ជឿជាក់​ថា ​យើង​ពិតជា​ធ្វើបាន”។

គួរ​រំលឹក​ថា គិត​ត្រឹម​បច្ចុប្បន្ន Terengganu បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ពូ​ល A នៃ​ពានរង្វាន់ Malaysia Cup 2019 ដោយ​ឆ្លងកាត់ ៦​ប្រកួត​កន្លងមក ឈ្នះ ៤ និង​ចាញ់ ២ ស្ថិតនៅ​លេខ​រៀង​ទី ២ អាច​ឡើង​ទៅ​កាន់​វគ្គ ៨​ក្រុម​ចុងក្រោយ ដែល​ពួកគេ​នឹងត្រូវ​ជួប Johor Darul Ta’zim៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114